ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនថៃ១០លាននាក់ ក្នុងចំណោម៧១លាននាក់ មានបញ្ហាសុខភាពផ្លូ.វចិត្ត

1 ខែ មុន

ប្រទេសថៃ ៖ យោងតាមរបាយការណ៍ថ្មីៗនេះ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ

ប្រទេសថៃ ៖ យោងតាមរបាយការណ៍ថ្មីៗនេះ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសថៃ ដែលហៅកាត់ថា NESDC បានឱ្យដឹងថា ប្រជាជនថៃប្រហែល ១០លាននាក់ក្នុងចំណោមប្រជាជនសរុបជាង៧១លាននាក់ មានបញ្ហាសុខភាពផ្លូវចិត្ត ហើយស្ទើរតែ ១១% នៃពួកគេ ប្រឈមនឹងហានិភ័យនៃការធ្វើអត្តឃាត។ ទន្ទឹមនឹងនេះដែរស្ទើរតែ ១៦% នៃចំនួនប្រជាជនថៃសរុប កំពុងតែរងបញ្ហាស្ត្រេសផងដែរ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន បាងកកប៉ុស្ត៍ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

លោក Danucha Pichayanan អគ្គលេខាធិការ NESDC ថ្លែងថា នៅពេលចេញផ្សាយរបាយការណ៍ត្រីមាសទី១ របស់ទីភ្នាក់ងារស្ដីពីសង្គមថៃ សុខភាពផ្លូវចិត្តបានក្លាយជាបញ្ហាសំខាន់។ នាយកដ្ឋានសុខភាពផ្លូវចិត្តអះអាងថា ចំនួនអ្នកជំងឺវិកលចរិកបានកើនឡើងជាបន្តបន្ទាប់ពី ១.៣លាននាក់ក្នុងឆ្នាំ ២០១៥ ឡើងដល់ ២.៩លាននាក់ក្នុងឆ្នាំ ២០២៣ ។ លោក Danucha បន្តថា ទោះបីជាប្រទេសថៃមានអ្នកជំងឺវិកលចរិកផ្លូវការចំនួន ២.៩លាននាក់ ដែលបានទទួលការព្យាបាល កាលពីឆ្នាំមុន ក៏ពិតមែន តែចំនួនពិតប្រាកដនៃអ្នកមានបញ្ហាសុខភាពផ្លូវចិត្តអាចឈានដល់ ១០លាននាក់ ដោយសារមនុស្សជាច្រើនមិនបានស្វែងរកការព្យាបាល។ ហើយមួយភាគធំនៃចំនួនប្រជាជន ក៏មានហានិភ័យនៃការវិវត្តទៅជាបញ្ហាសុខភាពផ្លូវចិត្តផងដែរ។

នៅចន្លោះថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ នាយកដ្ឋានរកឃើញថា ភាគរយនៃមនុស្សបញ្ហាសុខភាពផ្លូវចិត្តក្នុងកម្រិតស្ត្រេសខ្ពស់មានចំនួន ១៥.៤៨% ហានិភ័យនៃជំងឺបាក់ទឹកចិត្តមានចំនួន ១៧.២០% និងហានិភ័យនៃការធ្វើអត្តឃាតចំនួន ១០.៦៣%។ លោក Danucha បាននិយាយថា តួលេខទាំងនេះកាន់តែអាក្រក់ទៅៗ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដោយលោកបន្ថែមថា បញ្ហាសុខភាពផ្លូវចិត្តប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិផងដែរ។

លោកបន្តថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស៥នាក់ ដែលមានបញ្ហាសុខភាពផ្លូវចិត្ត មិនអាចមើលថែខ្លួនឯងបានទេ ទាមទារការមើលថែពីគ្រួសារ ដែលនាំឱ្យបាត់បង់ធនធានមនុស្សយ៉ាងខ្លាំង។ លើសពីនេះទៅទៀត តិចជាងមួយភាគបួននៃអ្នកជំងឺវិកលចរិក ដែលមានហានិភ័យខ្ពស់ទទួលបានការព្យាបាល និងការថែទាំត្រឹមត្រូវ។

ជាមួយគ្នានោះ NESDC ក៏រកឃើញថា ការកើនឡើងសម្ពាធសេដ្ឋកិច្ច និងសង្គមបាននាំឱ្យអត្រានៃជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ កើនឡើងកាន់តែខ្ពស់។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ ជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត គឺជាបញ្ហាសុខភាពផ្លូវចិត្តកំពូល ២ ដែលលើសពីចំនួនអ្នកជំងឺ ដែលប្រើប្រាស់ថ្នាំញៀនប្រភេទមេតំហ្វេតាមីន និងសារធាតុញៀនផ្សេងទៀត។

លោក Danucha អះអាងថា អត្រានៃការធ្វើអត្តឃាតគឺខ្ពស់ដូច កាលពីអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ឬវិបត្តិ TomYam Kung 1997 ដែលកើតឡើងនៅក្នុងប្រទេសថៃ។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ អត្រាធ្វើអត្តឃាតគឺ ៧.៩៤ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ ជិតដល់អត្រានៅអំឡុងពេលមានវិបត្តិ Tom Yum Kung 1997 គឺ ៨.៥៩ ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់។ លោកបានបន្ថែមថា ក្រៅពីនោះ បញ្ហាបរិស្ថានក៏ប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ។

ការសិក្សាមួយនៅចក្រភពអង់គ្លេសបានរកឃើញថា ការបំពុលបរិយាកាសបានបង្កើនការបាក់ទឹកចិត្តចំពោះមនុស្សវ័យក្មេង ២០%។ ស្របពេលដែលសាកលវិទ្យាល័យ Mahidol របស់ប្រទេសថៃបានរកឃើញថា មនុស្ស ៧ នាក់ក្នុងចំណោម ១០ នាក់ នៅទីក្រុងបាងកក ជួបប្រទះនឹងភាពអស់កម្លាំងនៅកន្លែងធ្វើការ៕ (ប្រភព និង​រូបភាព ៖ បាងកកប៉ុស្តិ៍)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ