ទីក្រុងវ៉ាស៊ីនតោន៖ លោកបៃដិនថ្លែងថាគ្មាននរណាម្នាក់អាចនៅលើច្បាប់បានឡើយ។ លោកថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំទើបតែត្រូវក្រុមប្រឹក្សាតុលាការទីក្រុងញូយ៉កសម្រេចថាលោកមានទោសព្រហ្មទណ្ឌចំនួន៣៤ករណី។ លោកបៃដិននិយាយនៅសេតវិមានថាក្រុមប្រឹក្សាតុលាការជាក្រុមមនុស្សធម្មតាៗ។ ពួកគេជាពលរដ្ឋអាមេរិកធម្មតាដែលស្ដាប់ការផ្ដល់សក្ខីកម្មជាច្រើនសប្ដាហ៍ ហើយក៏សម្រេចគ្នាជាឯកច្ឆន្ទឱ្យលោកត្រាំមានទោសតែម្ដង។

លោកបៃដិនថ្លែងថាលោកត្រាំមានឱកាសគ្រប់យ៉ាងដើម្បីឡើងការពារខ្លួនគាត់នៅក្នុងតុលាការស្របទៅតាមផ្លូវច្បាប់។ លោកបញ្ជាក់ថាសំណុំរឿងនៅថ្នាក់រដ្ឋ មិនមែនជាសំណុំរឿងថ្នាក់សហព័ន្ធទេ មានសមាជិកក្រុមប្រឹក្សាតុលាការចំនួន១២រូបដែលជ្រើសរើសទៅតាមនីតិវិធីដូចសំណុំរឿងដទៃទៀតដែរ។ មេធាវីរបស់លោកត្រាំក៏ចូលរួមនៅក្នុងដំណើរការជ្រើសរើសនេះផងដែរ។

ក្រុមប្រឹក្សាតុលាការស្ដាប់ការផ្ដល់សក្ខីកម្មរយៈពេល៥អាទិត្យមុននឹងចេញសេចក្ដីសម្រេចយ៉ាងពិនិត្យពិច័យជាឯកច្ឆន្ទនេះឡើង។ ពួកគេរកឃើញថាលោកត្រាំមានទោសព្រហ្មទណ្ឌទាំង៣៤ករណី។ លោកបៃដិនថ្លែងថាលោកត្រាំមានឱកាសប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ជាបន្តទៀតពីព្រោះប្រព័ន្ធយុត្តិធម៌នៅអាមេរិកគេធ្វើដូច្នេះ។ កាលពីម្សិលមិញ គ្រាន់តែក្រុមប្រឹក្សាតុលាការចេញសេចក្ដីសម្រេចឱ្យលោកមានទោស លោកត្រាំចាត់ទុកថានេះជាការកាត់សេចក្ដីមានលក្ខណៈបន្លំ។ ក្រុមអ្នកគាំទ្រលោកត្រាំក៏និយាយដូចគ្នា។

តបនឹងពាក្យសម្ដីរបស់លោកត្រាំត្រង់ចំណុចនេះ លោកបៃដិនថ្លែងថានេះជាពាក្យសម្ដីដែលនិយាយឱ្យតែរួចពីមាត់ និងជាពាក្យសម្ដីគ្រោះថ្នាក់។ មនុស្សយើងបើគ្រាន់តែមិនពេញចិត្តនឹងការកាត់សេចក្ដី ហើយក៏និយាយថាជាការបន្លំ មានន័យថាអ្នកនិយាយនោះគ្មានការទទួលខុសត្រូវទេ។ ប្រព័ន្ធយុត្តិធម៌របស់ប្រទេសយើងដំណើរការរយៈពេលជិត២៥០ឆ្នាំមកហើយ ហើយជាគោលចារិករបស់ប្រទេសអាមេរិក។

កាលពីម្សិលមិញ លោកត្រាំថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានថាសំណុំរឿងនេះរៀបចំឡើងដោយលោកបៃដិន និងបក្សពួករបស់គាត់។ តបទៅនឹងការចោទប្រកាន់នេះ លោកបៃដិនញញឹម។ លោកយល់ថាលោកត្រាំនិយាយបែបនេះហាក់ដូចជាលើកតម្លៃគាត់ (បៃដិន) ជ្រុលពេកហើយ។ ហាក់ដូចជាបៃដិនជាមនុស្សមានឥទ្ធិពលខ្លាំងដល់ថ្នាក់បញ្ជាតុលាការបាន។ ចុះបើលោកបៃដិនអស់អំណាចប្រធានាធិបតីទៅ តើលោកអាចនឹងមានជោគវាសនាដូចលោកត្រាំដែលត្រូវគេនាំខ្លួនទៅកាត់ទោសដែរឬទេ? លោកបៃដិនថ្លែងថាលោកគ្មានអ្វីត្រូវព្រួយបារម្ភទេបើគេចង់ប្ដឹងគាត់ក៏ប្ដឹងទៅ។ លោកច្បាស់ក្នុងចិត្តថាលោកមិនបានធ្វើអ្វីខុស៕
ចែករំលែកព័តមាននេះ