ស្រុកព្រៃនប់ ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈគាត់ដើរក្បែផ្លូវ ហើយត្រូវរថភ្លើងកៀរក្នុងទិសដៅស្របគ្នាពីខេត្តព្រះសីហនុទៅភ្នំពេញ(ជើង-ត្បូង) ។ ហេតុការណ៍នេះ បានកើតមានឡើងនៅថ្ងៃទី៣០ឧសភា ២០២៤ វេលាម៉ោង៣ និង២០នាទីរសៀលលើដងផ្លូវដែក ត្រង់ចំណុចក្រោយផ្សារវាលរេញ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ដោយមានរថភ្លើងមួយខ្សែ មិនស្គាល់ម៉ាកបើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ROYAL RAILWAY ។

លុះមកដល់ចំណុចខាងលើ បានកៀរអ្នកថ្មើរ០១នាក់កំពុងដើរក្បែរផ្លូវដែកក្នុងទិសដៅស្របគ្នា ដោយអ្នកថ្មើរជើងឈ្មោះជា សុខុមបញ្ញា ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកលក់ដូរ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខ្ទាតខ្ទប់នឹងជញ្ជឹងប៉័ងសីផ្ទះក្បែនោះតែម្ដង ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅគ្លីនិចឯកជនក្នុងឃុំវាលរេញ ចំណែករថភ្លើងបានបន្ដដំណើរទៅរាជធានីភ្នំពេញបាត់ក្រោយពេលកើតហេតុ ។

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់រវាងរថភ្លើងនិងមនុស្សថ្មើរជើងក៏ដូចជាមនុស្សរថយន្តម៉ូតូឆ្លងកាត់ផ្លូវរថភ្លើងនៅក្នុងទឹកដីខេត្តព្រះសីហនុហាក់បីដូចជាមានកើតជាបន្តបន្ទាប់ ហើយបណ្ដាលឱ្យមនុស្សស្លាប់និងរបួសផងដែរ ។

ចែករំលែកព័តមាននេះ