ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​ត្រៀម​ធ្វើ​តេស្ត​តាក់​ស៊ី​ហោះ​អាច​ដឹក​មនុស្ស​ម្ដង​បាន​៥​នាក់

7 ខែ មុន

ទី​ក្រុង​ហ្សាកាតា៖ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​សាក​ល្បង​ (ធ្វើ​តេស្ត​) សមត្ថ​ភាព​ប្រភេទ​ដ្រូន​ខ្នាត​ធំ​ដែល​ប្រើ​ប្រាស់​ជា​យាន​យន្ត​​ដឹក​​​អ្នក​ដំណើរប្រៀប​ដូច​​​ជា​តាក់​ស៊ី​ហោះ​។ តាក់​ស៊ី​ហោះ​​នេះ​សម្រាប់​ប្រើ​ប្រាស់​នៅ​​ទី​ក្រុង​នូសាន់​ថារ៉ា​ (Nusantara) ដែល​ជា​រដ្ឋ​ធានី​ថ្មី​របស់​​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សាង​សង់​។ ​រដ្ឋ​ធានី​នេះ​ស្ថិត​នៅ​លើ​កោះ​ប័នីអូ…

ទី​ក្រុង​ហ្សាកាតា៖ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​សាក​ល្បង​ (ធ្វើ​តេស្ត​) សមត្ថ​ភាព​ប្រភេទ​ដ្រូន​ខ្នាត​ធំ​ដែល​ប្រើ​ប្រាស់​ជា​យាន​យន្ត​​ដឹក​​​អ្នក​ដំណើរប្រៀប​ដូច​​​ជា​តាក់​ស៊ី​ហោះ​។ តាក់​ស៊ី​ហោះ​​នេះ​សម្រាប់​ប្រើ​ប្រាស់​នៅ​​ទី​ក្រុង​នូសាន់​ថារ៉ា​ (Nusantara) ដែល​ជា​រដ្ឋ​ធានី​ថ្មី​របស់​​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សាង​សង់​។ ​រដ្ឋ​ធានី​នេះ​ស្ថិត​នៅ​លើ​កោះ​ប័នីអូ (Borneo)។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​អគ្គ​នាយក​អាជ្ញាធរ​ទី​ក្រុង​នូសាន់​ថារ៉ា​។

ឥឡូវ​នេះ ​គ្រឿង​ផ្សំ​សម្រាប់​ដំឡើង​​តាក់​ស៊ីហោះ​ត្រូវ​គេ​ដឹក​ទៅ​ដល់​កោះ​កាលីម៉ាន់​តាន់​ជា​បណ្ដើ​រៗ​ហើយ​។ ធុង​អាគុយ​របស់​តាក់​ស៊ី​ហោះ​នេះ​​បាន​ដឹក​ទៅ​​ដល់​ទី​ក្រុង​ហ្សា​កាតា​រួច​ហើយ​ ហើយ​​​ត្រៀម​ដឹក​បន្ត​ទៅ​ទី​ក្រុង​​​សាម៉ារីនដា​ (Samarinda) ដែល​ស្ថិត​នៅ​ខេត្ត​កាលីម៉ាន់​តាន់​ខាង​កើត​​​។ បន្ទាប់​ពី​​​ផ្គំ​បញ្ចូល​គ្នា​បាន​ជា​​​ឡាន​តាក់​ស៊ី​ហោះ​​​រួច​ហើយ​ គេ​នឹង​បើក​បរ​សាក​ល្បង​រយៈ​ពេល​១​​ខែ​នៅ​អាកាស​យាន​ដ្ឋាន​​​​សាម៉ា​រីន​ដា (Samarinda)​។

តាក់​ស៊ី​ហោះ​នេះ​អាច​ដឹក​មនុស្ស​មួយ​ជើង​ៗ​​បាន​គ្នា​៥​​នាក់​។ នេះ​បើ​យោង​តាម​លោក​អាលី​ បេរ៉ាវី​(Ali Berawi)ជា​អនុ​រដ្ឋ​លេខា​អាជ្ញា​ជាតិ​ទទួល​បន្ទុក​ខាង​ឌីជីថល និង​ថាម​ពល​ស្អាត​។ ​​តាក់​ស៊ី​ហោះ​​នេះ​អាច​​ចេញ​ជា​រូប​រាង​ពិត​ប្រា​កដ​​ដោយ​សារ​មាន​កិច្ច​​សហ​ការ​​រវាង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​វិស័យ​អាកាស​ចរណ៍​កូរ៉េ​ខាង​ត្បូង និង​ក្រុម​ហ៊ុន​ហ៊ី​យុន​ដាយ​។ អាជ្ញាធរ​នៅ​រដ្ឋ​ធានី​នូសាន់​ថារ៉ា​ និង​ក្រុម​ហ៊ុន​ហ៊ីយុន​ដាយ​បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សារណៈ​យោគ​យល់​គ្នា​ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​បរិស្ថាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​លក្ខណៈ​ល្អ​ប្រសើរ​។

នៅ​ក្នុង​លោក​នេះ​ មនុស្ស​មិន​ច្រើន​​ទេ​ដែល​ធ្លាប់​បាន​ឃើញ​តាក់​ស៊ី​ហោះ​​។ ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ផ្សាយ​ថា​​​តាក់​ស៊ី​ហោះ​ដែល​​​​ធ្លាប់​តែ​មាន​នៅ​ក្នុង​ក្ដី​ស្រមៃ​​របស់​មនុស្ស​នៅ​ទី​បំផុត​​​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។ ​សព្វ​ថ្ងៃ​នេះ​មាន​​ប្រទេស​តិច​តួច​ជា​ទី​បំផុត​ដែល​មាន​តាក់​ស៊ី​ហោះ​។ ក្នុ​ងនោះ​មាន​​ប្រទេស​អារ៉ាប់​រួម, ស្លូវ៉ាគី និង​ជប៉ុន​។ ប្រទេស​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ប្រើ​ប្រាស់​សាក​ល្បង​ (ធ្វើ​តេស្ត​)​ ​សមត្ថ​ភាព​របស់​តាក់​ស៊ី​ហោះ​​។ មាន​ន័យ​ថា​មិន​ទាន់​យក​ជា​បាន​ការ​ និង​មិន​ទាន់​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​​ឡើយ​ទេ​។​

​ការ​ដែល​ឥណ្ឌូណេស៊ី​រើទី​តាំង​​រដ្ឋ​ធានី​ពី​ហ្សា​កា​តា​ទៅ​នូសាន់​ថារ៉ា​មូល​ហេតុ​ធំ​ដោយ​សារ​បញ្ហា​បរិស្ថាន​​។ ឧទាហរណ៍​ដូចជា​​បញ្ហា​កក​ស្ទះ​ចរាចរណ៍, បញ្ហា​ខ្យល់​ពុល​, បញ្ហា​ទី​ក្រុង​ស្ថិត​ក្រោម​នីវ៉ូ​ទឹក​សមុទ្រ​។ល។ ហេតុ​នេះ​ អាជ្ញាធរ​ខិត​ខំ​ធ្វើ​ឱ្យ​នូសាន់​ថារ៉ា​ក្លាយ​ជា​ទី​ក្រុង​ដែល​គិត​គូរ​អំពី​​បញ្ហា​បរិស្ថាន​ជា​រឿង​សំខាន់​។ ​ដូច្នេះ ​​គេ​រំពឹង​ថា​តាក់​ស៊ី​ហោះ​ដែល​​ជា​ប្រភេទ​យាន​ជំនិះ​ជួយ​សម្អាត​បរិស្ថាន​​នឹង​​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​យ៉ាង​ព្រោត​ព្រាត​​នៅ​ទី​ក្រុង​​នូសាន់​ថារ៉ា​​ត្រឹម​​ឆ្នាំ​២០៤៥​​ខាង​មុខ​នេះ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ