ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី សម្ពោធ​ឆ្លង​ធម្មចេតិយ​ទី​១ តម្កល់​ព្រះ​ត្រៃ​បិដក​ចម្លាក់​ពី​ថ្ម​ម៉ា​ប ១,១៧០​ផ្ទាំង និង​សមិទ្ធផល​នានា ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា

4 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​ឆ្លង “​ធម្មចេតិយ​ទី​១…

ខេត្តកំពង់ស្ពឺ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​ឆ្លង “​ធម្មចេតិយ​ទី​១ តម្កល់ ព្រះ​ត្រៃ​បិដក​ចម្លាក់​ថ្ម​ម៉ា​ប ១,១៧០​ផ្ទាំង ផ្លូវ​បេតុង ៩​ខ្សែ និង​សមិទ្ធផល​នានា ក្នុង​ម​ជ្ឍ​មណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា​” នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ ។

មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អនុក្រឹត្យ​លេខ ២១៥ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៣ ស្តី​ពី​ការ​កំណត់​តំបន់ គ្រប់គ្រង ក្នុង​តំបន់ការពារធម្មជាតិ​ទៅ​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ដោយ​ត្រូវ​បាន​កំណត់​តំបន់​គ្រប់គ្រង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ «​គិរី​រម្យ​» លើ​ផ្ទៃដី​សរុប​ចំនួន ១២៦​ហិ​កតា ទៅ​ជា តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុង​ការ​រៀបចំ កសាង​អភិវឌ្ឍ​ប្រែ​ក្លាយទៅជា​បូជនីយដ្ឋាន​ជាទី​គោរព​សក្ការៈបូជា​ដ៏​ល្អ​ប្រណិត​ថ្នាក់​ជាតិ អន្តរជាតិ និង​ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​បែប​ព្រះពុទ្ធ​សាសនា ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ដើម្បី​បន្សល់​ទុកជា​មរ​ត៌​ក​ដល់​កូនចៅ​ជំនាន់​ក្រោយ និង​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ស្វែង​យល់ ពី​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា ។

គម្រោង​សាងសង់​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​មាន​ចំនួន ៣៨​គម្រោង ដែល ប្លង់​មេមាន​រាង​ជា​ស្លឹកពោធិ៍ តំណាង​ការ​ត្រាស់​ដឹង ពុទ្ធិ និង​បញ្ញា រួម​មានការ​សាងសង់​ព្រះ​ចូឡា​មុនី​ចេតិយ ៩​ជាន់ មហា​ប្រាសាទ​ធម្មចេតិយ​ធំ​ចំនួន ៤ មហា​ប្រាសាទ​ធម្មចេតិយ​តូច​ចំនួន​៨ សម្រាប់ តម្កល់​ព្រះ​ត្រៃ​បិដក មហា​ប្រាសាទ​ពុទ្ធ​ចេតិយ ៨៤ ០០០​អង្គ កសិណ​ទឹក​ព័ទ្ធ​ជុំវិញ បូជនីយដ្ឋាន​វិបស្សនា ផង​ដែរ ។

រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​ថា ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ ហើយ​ចារិក​ជា​បាវចនា​របស់​ប្រទេស​ជាតិ​គឺ “​ជាតិ សាសនា ព្រះមហាក្សត្រ​” នេះ​គឺ​បាន​ញ្ជា​ក់​យ៉ាង​ច្បាស់​ថា បច្ចុប្បន្ន​ក៏​ដូច​ជា​ទៅ​អនាគត រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​ក្នុង​ការ​គោរព​សេរីភាព​ខាង​ជំនឿ ការ​ប្រណិប័តន៍​ខាង​ផ្លូវ​សាសនា លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ និង​គាំទ្រ​ការ​ប្រណិប័តន៍​សាសនា​ផ្សេង​ៗ​ទៀត និង​ខិតខំ​ធ្វើ​ឲ្យ​វត្ត​អារាម និង​វិហារ​សាសនា​ឯទៀត​ៗ ក្លាយជា​មជ្ឈមណ្ឌល​នៃ​ជីវភាព​ខាង​ស្មារតី ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ខាង​ផ្នែក​វប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និង​សីលធម៌​សង្គម ។

ឆ្លៀត​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស​ប្រគេន និង​ជូន​ដល់ ព្រះសង្ឃ សប្បុរសជន លោកតា​លោកយាយ ចំនូ​ន​៣៥ អង្គ​/​នាក់ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សមិទ្ធផល​នានា ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ