ទីក្រុងបាងកក៖ នៅទីបំផុត ព្រះរាជអាជ្ញានៅប្រទេសថៃសម្រេចដាក់ពាក្យប្ដឹងលោកថាក់ស៊ីនពីបទប្រមាថព្រះមហាក្សត្រ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញាផ្អឹបទុកសំណុំរឿងនេះជាច្រើនខែមកហើយ ហើយទើបតែចាត់វិធានការក្ដៅបន្ទាប់ពីពួកគេសម្លឹងឃើញថាលោកថាក់ស៊ីនហាក់ដូចជាឡើងកូដកាន់តែខ្លាំងនៅក្នុងឆាកនយោបាយ។ អ្នកនាំពាក្យអគ្គព្រះរាជអាជ្ញាថ្លែងថាលោកថាក់ស៊ីនត្រូវតែបង្ហាញខ្លួននៅក្នុងអង្គសវនាការនៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ។
ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការដែលលោកថាក់ស៊ីនសម្ភាសជាមួយអ្នកកាសែតនៅកូរ៉េខាងត្បូងតាំងពីឆ្នាំ២០១៥។ លោកក៏កំពុងជាប់បណ្ដឹង១ទៀតពាក់ព័ន្ធនឹងការប្រព្រឹត្តល្មើសនឹងច្បាប់បច្ចេកវិទ្យាកុំព្យូទ័រ។ អ្នកនាំពាក្យថៃ លោកប្រាយុទ្ធ បេឆាគូណា (Prayuth Bejraguna) ទទួលស្គាល់ថាព្រះរាជអាជ្ញាពិតជាបានចោទប្រកាន់លោកថាក់ស៊ីនទៅតុលាការមែន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សយ៉ាងតិច២៧០នាក់ត្រូវនាំខ្លួនឡើងតុលាការពាក់ព័ន្ធនឹងការប្រមាថព្រះរាជា។ អ្នកដែលត្រូវតុលាការរកឃើញថាមានទោសអាចនឹងជាប់ពន្ធនាគារអតិបរមា១៥ឆ្នាំ។ នៅក្នុងចំណោមនោះ លោកថាក់ស៊ីនជាមនុស្សមានមុខមាត់ជាងគេដែលទទួលរងពាក្យបណ្ដឹងប្រមាថព្រះមហាក្សត្រ។ ពាក់ព័ន្ធនឹងរឿងនេះ មេធាវីលោកថាក់ស៊ីនបញ្ជាក់ថាលោកត្រៀមខ្លួនរួចហើយដើម្បីតតាំងក្ដីនៅក្នុងតុលាការ។ លោកថាក់ស៊ីននឹងស្នើសុំបង់ប្រាក់ធានាដើម្បីនៅក្រៅឃុំ។
ក្រុមមេធាវីកំពុងចោទសួរថាតើលោកថាក់ស៊ីនមានចេតនានិយាយប៉ះពាល់ព្រះមហាក្សត្រដែរឬទេនៅក្នុងបទសម្ភាសនោះ។ យោងតាមមេធាវី, លោកថាក់ស៊ីននឹងថ្លែងថាលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។ លោកថាក់ស៊ីនជាបិតាស្ថាបនិកគណបក្សភឿថៃ។ លោកបានធ្វើមាតុភូមិនិវត្តកាលពីឆ្នាំ២០២៣បន្ទាប់ពីរស់នៅនិរទេសខ្លួនរយៈពេល១៥ឆ្នាំ។
ទៅដល់ប្រទេសថៃភ្លាម លោកត្រូវសមត្ថកិច្ចនាំខ្លួនទៅតុលាការកំពូលដើម្បីស្ដាប់ការសម្រេចឱ្យជាប់ពន្ធនាគារ៨ឆ្នាំ។ ប៉ុន្តែបន្ថយមកនៅ១ឆ្នាំ។ នៅរាត្រីថ្ងៃដដែលនោះ លោកចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ហើយត្រូវគេដឹកទៅព្យាបាលនៅមន្ទីរពេទ្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រោយពេលអនុវត្តទោសបាន៦ខែ លោកដាក់ពាក្យស្នើសុំនៅក្រៅឃុំ។ ភាគច្រើននៃអំឡុងពេល៦ខែនោះ លោកមិនសូវនៅក្នុងពន្ធនាគារទេ។ លោកស្នាក់នៅក្នុងមន្ទីរពេទ្យរហូតដល់ថ្ងៃដោះលែងឱ្យនៅក្រៅឃុំ។
ការត្រៀមកាត់ទោសលោកថាក់ស៊ីននៅក្នុងរឿងប្រមាថព្រះរាជាធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកតំណាងរាស្ត្រម្នាក់របស់គណបក្សឆ្ពោះទៅមុខ និងសកម្មជនម្នាក់ទៀតឥតមានបក្សនយោ បាយទេត្រូវតុលាការរកឃើញថាមានទោសពីបទប្រមាថព្រះមហាក្សត្រ។ អ្នកទាំង២បានបង់ប្រាក់នៅក្រៅឃុំ និងត្រៀមដាក់ពាក្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ជាបន្តទៀត។
ករណីលោកថាក់ស៊ីនមិនសូវអីប៉ុន្មានទេ។ ប៉ុន្តែគណបក្សឆ្ពោះទៅមុខប្រឈមនឹងបញ្ហាខ្លាំងមែនទែន។ ទី១-គណបក្សនេះប្រឈមនឹងការរំលាយចោល, ទី២-អ្នកតំណាងរាស្ត្រ និងអតីតអ្នកតំណាងរាស្ត្ររបស់គណបក្សនេះ៤៤រូបត្រូវគេប្ដឹងឱ្យដកសិទ្ធិធ្វើនយោបាយអស់១ជីវិតពីបទចង់ផ្ដួលរំលំរបបរាជានិយម។ មានន័យថាធ្ងន់ធ្ងរជាងប្រមាថព្រះមហាក្សត្រទៅទៀត។
ចំពោះករណីលោកថាក់ស៊ីន, ក្រុមអ្នកធ្វើអត្ថាធិប្បាយនយោបាយ ឬអ្នកវិភាគឯករាជ្យយល់ឃើញថាអ្នករាជានិយម និងអ្នកយោធានិយមមិនអាចបន្លាយខ្សែវែងឱ្យលោកពង្រីកឥទ្ធិពលនយោបាយពីក្រោយវាំងននបានឡើយ។ បើមិនដូច្នេះទេ ពួកគេបារម្ភថាលោកអាចនឹងមានប្រៀបខ្លាំងលើគូប្រជែងនយោបាយ។ ទោះបីលោកថាក់ស៊ីនធ្លាប់បានបញ្ជាក់ជាញឹកញាប់ហើយថាលោកវិលត្រឡប់លើកនេះមិនមកធ្វើនយោបាយទៀតទេ ប៉ុន្តែពួកគេនៅតែមិនអាចជឿទុកបានឡើយ៕
ចែករំលែកព័តមាននេះ