ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវវស្សា​ភ្លៀង​ធ្លាក់​ច្រើន​មេ កសិករ​ចាប់ផ្តើម​ភ្ជួរ​និ​ង​ព្រោះ​ស្រូវ​​ហើយ​

3 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នៅ​ដើមរដូវ​វស្សាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​គ្រប់​ស្រុក​ក្រុង​នៃ​ខេត្តស្វាយរៀង ប្រជា​កសិករ​ចាប់ផ្តើម​ភ្ជួរ​រាស់​ដាស់ដី​ខ្លះ​បាន​ព្រោះស្រូវ និង​ខ្លះ​ទៀត​ដែល​គេ​ព្រោះ​មុន​មាន​ភ្លៀង​ធ្លាក់ គឺ​ស្រូវពង្រោះ​របស់​ពួក​គាត់​បាន​ដុះ​ខៀវ ពេញ​ស្រែ ហើយ​ចាស់ទុំ​នៅ​តាម​ជនបទ​គាត់​ថា​ឆ្នាំ​នេះ​សង្ឃឹមថា ស្រូវ​របស់​ពួក​គាត់​និង​មាន​ផល​ល្អ ​។…

ខេត្តស្វាយរៀង​ ៖ ​នៅ​ដើមរដូវ​វស្សាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​គ្រប់​ស្រុក​ក្រុង​នៃ​ខេត្តស្វាយរៀង ប្រជា​កសិករ​ចាប់ផ្តើម​ភ្ជួរ​រាស់​ដាស់ដី​ខ្លះ​បាន​ព្រោះស្រូវ និង​ខ្លះ​ទៀត​ដែល​គេ​ព្រោះ​មុន​មាន​ភ្លៀង​ធ្លាក់ គឺ​ស្រូវពង្រោះ​របស់​ពួក​គាត់​បាន​ដុះ​ខៀវ ពេញ​ស្រែ ហើយ​ចាស់ទុំ​នៅ​តាម​ជនបទ​គាត់​ថា​ឆ្នាំ​នេះ​សង្ឃឹមថា ស្រូវ​របស់​ពួក​គាត់​និង​មាន​ផល​ល្អ ​។

ការ​លើក​ឡើង​បែប​នេះ នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា ​២០២៤ នៅ​ភូមិ​ធ្លក​ឃុំ​ធ្លក​ស្រុក​ស្វាយ​ជ្រំ​ ។​ បើ​តាម​កសិករ​ម្នាក់​ឈ្មោះ​គង់​ចាន់​នី ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​នៅ​ភូមិ​ធ្លក ឃុំ​ធ្លក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គាត់​មាន​ដីស្រែ​ជាង​៤០​អា  បាន​ភ្ជួរ​ព្រោះ​ជិត​រួច​ហើយ ដោយ​ឆ្នាំ​នេះ ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ពី​បី​មេ ធ្វើ​ឲ្យ​ទឹក​ដក់​តាម​វាលស្រែ ល្មម​ប្រជា​កសិករ​ភ្ជួរ​រាស់​ព្រោះស្រូវ​វស្សា​បាន ។

​ប្រភព​បន្ត​ថា ​​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​ដើមឆ្នាំ ចាប់ពី​ថ្ងៃ​ទី​៤​ ឧសភា​ ២០២៤​មក កន្លែង​ខ្លះ មានទឹក​ដក់​ក្នុង​ស្រែ គេ​ចាប់​ភ្ជួរ​ដាស់​ហាល​ដី អ្នកខ្លះ​គេ​ភ្ជួរ​ដាស់​រួច ហាល​ដី​១០​ថ្ងៃ​គេ​ចាប់ផ្តើម​ព្រោះស្រូវ (​ព្រោះ​ស្ងួត​)​ហើយ​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ច្រើន​ចាប់ពី​ថ្ងៃ​ទី​២០​ឧសភា​២០២៤​មក ពី​បី​មេ​ធំ ទឹក​ដក់​ពេញ​វាលស្រែ កសិករ​ចាប់ផ្តើម​ភ្ជួរ​វាយ​បំបែក​ដី ហើយ​ព្រោះ​ពូជស្រូវ​តែ​ម្តង អ្នក​គេ​ព្រោះ​ស្ងួត​ស្រូវ​ដុះ​ល្អ ខៀវ​ពេញ​ស្រែ​។ ចំណែក​បុរស​ម្នាក់ អ្នក​បើក​ត្រាក់ទ័រ​បាន​លើក​ឡើង​ថា គាត់​ជា​អ្ន​រស់នៅ​ភូមិ​ធ្លក​ដែរ​ប្រកប​មុខរបរ​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី ឲ្យ​អ្នកស្រុក គឺ​ក្នុង​១​ហិ​កតា បាន​តម្លៃ​ឈ្នួល​៣០​ម៉ឺន​រៀល (​គឺ​ភ្ជួរ​២​ដង ភ្ជួរ​ដាស់ដី​ម្តង រាស់​បំបែក​ដី​ម្តង​) ​។

​ចំណែក​ប្រជា​កសិករ​នៅ​ភូមិ​ខ្លា​លោត ឃុំ​ជ្រៃ​ធំ  ឃុំ​ស្តៅ និង​ឃុំ​មុខ​ដា ស្រុក​រមាស​ហែក បាន​ព្រោះស្រូវ​វស្សា​បាន​ប្រមាណ​ជិត​៥០​ភាគរយ​ហើយ​ ។​ ទាក់ទិន​ករណី​នេះ​ដែរ លោក​សុខ សទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ ​និង​នេសាទ​ខេត្តស្វាយរៀង​ បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​ដើមរដូវ​វស្សា​នេះ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ទូ​ទាំង​០៨​ស្រុក​/​ក្រុង​នៃ​ខេត្តស្វាយរៀង ក៏​ប៉ុន្តែ​ស្រុក​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាងគេ ៖​ទី​១ ស្រុក​កំពង់​រោ​ទ៌ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ពួក​គាត់​ភាគច្រើន​ធ្វើ​ស្រូវប្រាំង ១​ឆ្នាំ​០៣​ដង ដូច​ជា​តំបន់​អភិវឌ្ឍន៍​ជប់​ព្រីង​ឃុំ​ថ្មី  ឃុំ​ញរ ឃុំ​រាជ្យ​មន្ទីរ ឃុំ​សំ​យ៉ោ​ង​។​ល​។

ទី​២ ស្រុក​រមាស​ហែក ឃុំ​ជ្រៃ​ធំ ឃុំ​មុខ​ដា និង​ឃុំ​ស្តៅ ឃុំ​ក្រសាំង ឃុំ​អណ្តូង​ត្របែក​។​ល​។ ទី​៣ ស្រុក​ច​ន្ទ្រា ទី​៤ ស្រុក​ស្វាយ​ជ្រំ ចំណែក​ស្រុក​/​ក្រុង​ចំនួន​០៥​ទៀត​គឺ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ដែរ ក៏​ប៉ុន្តែ ភ្លៀង រង្វើល ដី​ហួត​ទឹក​អស់ គ្មាន​ទឹក​ដក់​ក្នុង​ស្រែ ក៏​ប៉ុន្តែ ប្រជា​កសិករ​នៅ​តែ​សម្រុក​ភ្ជួរ​ដាស់ដី ខ្លះ​ក៏​ព្រោះស្រូវ​(​ព្រោះ​ស្ងួត​គឺ​ប្រឈម​ខ្វះ​ទឹក​នៅ​រដូវប្រាំង​តូច​)​។

​លោក​សុខ សុទ្ធា​វុ​ធ បន្ត​ថា បើ​គិត​ជា​មធ្យម ប្រជា​កសិករ ទូ​ទាំង​ខេត្ត​ភ្ជួរ​ព្រោះស្រូវ​បាន​ប្រមាណ​០៥​ភាគរយ​ប៉ុណ្ណោះ គិត​មក​ដល់​ថ្ងៃ​ទី​២៩​ឧសភា​នេះ​។​ចំណែក​ប្រជា​កសិករ​វិញ​បាន​លើក​ឡើង​ថា ឆ្នាំ​២០២៤​នេះ​ប្រជា​កសិករ​ភាគច្រើន ធ្វើ​ស្រូវពង្រោះ ហើយ​ភាគច្រើន​ព្រោះ​ស្ងួត ហើយ​សង្ឃឹមថា បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ ២​បី​ថ្ងៃមួយ​មេ គឺ​ស្រូវ​ពួក​គាត់​គ្មាន​ហា​នី​ភ័យ​ទេ ក៏​ប៉ុន្តែ​ជា​ធម្មតា ប្រជា​កសិករ​ធ្វើស្រែ​ប្រវាស់​មេឃ គឺ​តែងតែ ជួប​ហា​នី​ភ័យ ប្រសិនបើ​រង់ចាំ​មានទឹក​គ្រប់គ្រាន់​ជួនកាល​ទៅ​ជ្រៅ គឺ​មិន​អាច​ព្រោះស្រូវ​បាន​ទេ បើ​អ្នក​ធ្វើស្រែ ស្ទូង គឺ​គេ​រង់ចាំ​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​គេ​ដាស់ដី​ចោល ពេល​មានទឹក​គ្រប់គ្រាន់​គេ​សាប​សំណាប ដល់​ខែសីហា ទើប​ចាប់ផ្តើម​ដក​ស្ទូង​រហូត​ដល់​ខែកញ្ញា ទើប​ស្ទូង​រួច ក៏​ប៉ុន្តែ​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​កសិករ​តិច​ណាស់​ដែល​ស្ទូងស្រូវ ភាគច្រើន​គឺ​ធ្វើស្រែ​ពង្រោះ ដោយ​កូនចៅ​ទៅ​ធ្វើការ​រោងចក្រ អស់ហើយ អ្នក​ធ្វើស្រែ​គឺ​មនុស្ស​ចាស់ ក្មេង​ៗ គេ​មិន​ធ្វើស្រែ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ