ខេត្តកំពង់ស្ពឺ ៖ ទីតាំងចាក់ដីមួយកន្លែងដែលនៅជិតផ្លូវល្បឿនលឿនក្បែរវត្តរលាំងកំពូល ស្ថិតក្នុងភូមិផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានដឹងថា គឺពុំមានសុំច្បាប់អនុញ្ញាតចាក់ដីនោះទេ ដោយគេសំអាងថា អ្នកចាក់អាចម៍ដីមានច្បាប់រណ្តៅដីរួចហើយនោះ ។

ថៅកែ ថុល ដែលគេស្គាល់ច្បាស់ថា មានបង្អែកបងថ្លៃ ដែលជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូបដ៏មានឥទ្ធិពលមហិមា ទើបយកអាចម៍ដីទៅចាក់ទីនោះបាន ។ បន្ទាប់ពីថៅកែម្នាក់ទៀត ត្រូវបានមន្ត្រីជំនាញធ្វើការហាមឃាត់មិនឱ្យប្រកបរបរនេះដោយសារតែមានការឆ្កិះឆ្កៀលរុកកួនពីសំណាក់មន្ត្រីអាវុធហត្ថខេត្ត ជាពិសេស មន្ត្រីរូបនោះបានធ្វើទុក្ខបុកម្នេញរករឿងជំនាញមន្ត្រីជំនាញធ្វើឲ្យនៅមិនសុខឲ្យទៅរករឿងថៅកែសាន្តឱ្យផ្អាកសកម្មភាព។
រឿងនេះ មិនមែនជារឿងថ្មីនោះទេ គឺជារឿងចាស់ដដែលៗករណីចាក់ដីដោយមិនមានច្បាប់អនុញ្ញាតនេះ គឺក្រោយពេលថៅកែនោះមិនមានសកម្មភាពបែរជាថៅកែថុលប្អូនថ្លៃមន្ត្រីកងរាជអាវុធហត្ថរូបនោះដឹកដីចូលទៅចាក់កន្លែងថៅកែនោះយ៉ាងគគ្លើនបានយ៉ាងរលូន ។

ប្រភពបានឲ្យដឹងថា ម្ចាស់រណ្ដៅដីក្នុងអាងទំនប់អូរក្រាំងអំបិលរូបនោះមានឈ្មោះលឹម ចាន់ថុល និងឈ្មោះសួង ចំណានហៅប៊ិ (ភាគហ៊ុនគ្រឿងចក្រ) អ្នកទាំងពីរត្រូវបានដឹងថា មានមន្ត្រីកងរាជអាវុធហេត្ថខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពលម្នាក់ជាខ្នងបង្អែក និងជាអ្នកចាត់ចែងរត់ខ្វែងដៃខ្វែងជើងអន្តរាគមន៍ទៅលើអាជ្ញាធរ មន្ទីរជំនាញ អស់លោកថ្នាក់ដឹកនាំក្នុងខេត្តកំពង់ស្ពឺនេះ ដើម្បីឱ្យលោកថៅកែទាំងពីរនាក់នេះបានធ្វើការរកស៊ីបានដោយរលូន ។
បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ឈ្មោះ លឹម ចាន់ថុល គឺជាម្ចាស់រណ្ដៅដីនៅក្នុងអាងទំនប់អូរក្រាំងអំបិល ដោយអាងអំណាចបងថ្លៃរបស់ខ្លួនជាមន្ត្រីអាវុធហត្ថខេត្តបានធ្វើសកម្មភាពចាក់ដីនៅទីតាំងក្បែររណ្ដៅដីរបស់ខ្លួន ដោយពុំមានច្បាប់អនុញ្ញាតនោះទេគឺលួចចាក់តែម្ដង ។ ព្រោះគេសំអាងថា មន្ត្រីកងរាជអាវុធហត្ថដ៏មានឥទ្ធិពលរូបនោះ គឺជាអ្នកកាងមិនឲ្យអាជ្ញាធរ និងមន្ទីរគ្រប់ជំនាញចុះទៅធ្វើការហាមឃាត់បានឡើយ ។

តាមប្រភពព័ត៌មានបង្ហើបឱ្យដឹងថា រណ្តៅដីរបស់លោក លឹម ចាន់ថុល ស្នើសុំច្បាប់ពីក្រសួងជិត១០ហិកតាតែប៉ុណ្ណោះ មានរយៈពេល២ឆ្នាំក្នុងការធ្វើអាជីវកម្ម ហើយជម្រៅក្នុងការជីកកាយស្តារមិនលើសពី៤ម៉ែត្រនោះឡើយ ។ ប៉ុន្តែបច្ចុប្បន្ននេះ រណ្តៅដីរបស់ថៅកែ ថុល បានរីកធំទៅៗហើយគ្មានមន្ត្រីណាហ៊ានទៅក្បែរទេ ។
ដោយឡែក រណ្តៅដីរបស់ថៅកែម្នាក់ទៀតនៅជិតនោះដែលមានការឆ្កិះឆ្កៀល រុកកួនពីសំណាក់ជនខិលខូច ហើយត្រូវបានជំនាញរ៉ែឲ្យផ្អាកសកម្មភាពនោះមានទំហំត្រឹមតែ៨ហិកតាទេ។ ប៉ុន្តែការជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនេះ ធ្លាក់ទៅលើថៅកែ លឹម ចាន់ថុល ហើយមានទំហំធំទៅៗ ហើយត្រូវធ្លាក់ទៅលើអស់លោកណាខ្លះ បើផ្ទៃអាងទំនប់អូរក្រាំងអំបិល មិនក្រោម៥០ហិកតានោះទេ?

មានការបង្ហើបប្រាប់ផងដែរថា ផ្ទៃដីដែលសេសសល់ គឺក្រុមឈ្មួញទាំងនោះមានគំរោងចាក់ដីបំពេញហើយពុះឡូត៍ចែកគ្នាជាមូយមន្ត្រីពាក់ព័ន្ធនៅសាលាខេត្ត ។ មានការលើកឡើងជាសំណួរថា តើមន្ត្រីណាខ្លះដែលមានចំណែកក្នុងដីដល់លើទំនប់អូរក្រាំងអំបិលនេះ? ទោះជាយ៉ាងនេះ ក្តីក្រុមប្រជាពលរដ្ឋលើកឡើងថា តើការជីកស្តារអូរក្រាំងអំបិលចំណេញដល់ប្រជាពលរដ្ឋ ឬចំណេញថៅកែរណ្តៅដី ខណៈដែលដំណោះស្រាយជាមួយប្រជាពលរដ្ឋមិនសមអ្វីដែលពួកគាត់ចង់បាន?
បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងខេត្តមានការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង។ ដោយឡែក មានប្រជាពលរដ្ឋជាង២០គ្រួសារ ដែលរស់នៅក្នុងភូមិអូរក្រាំងអំបិល និងភូមិស្លារ ក្នុងឃុំវល្លិសរ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានការមិនសប្បាយចិត្តដោយសារតែពួកគាត់មានដីអាស្រ័យផលនៅក្នុងអូរក្រាំងអំបិលជាយូរឆ្នាំមកហើយ។

ប៉ុន្តែនៅពេលនេះ ត្រូវបានអស់លោកអាជ្ញាធរឃុំ ស្រុក និងជំនាញពាក់ព័ន្ធបានឃុបឃិតគ្នា យកលេសជីកស្តារអូរក្រាំងអំបិលដើម្បីយកអាចម៍ដីទៅលក់ឱ្យក្រុមហ៊ុនធ្វើរោងចក្រ និងពុះដីឡូត៍ សង់បុរីនានា ប៉ុន្តែអ្វីដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខកចិត្តនោះ សំណងឬគោលនយោបាយដែលអស់លោកថៅកែ(ឈ្មួញ) ដោះស្រាយឱ្យពួកគាត់នោះមិនសមអ្វីដែលពួកគាត់ចង់បាននោះឡើយ ត្រឹមតែ១ម៉ែត្រការ៉េ១ដុល្លារតែប៉ុណ្ណោះ ។
បើតាមប្រជាពលរដ្ឋបាននិយាយឱ្យអ្នកយកព័ត៌មានយើងដឹងថា ពួកគាត់បានអាស្រ័យផលនៅក្នុងអូរក្រាំងអំបិលនេះមានដីក្នុងម្នាក់ៗចាប់ពីទំហំ៦០០០ការ៉េ(ជាង៦០អា) រហូតដល់៣០០០០ម៉ែត្រការ៉េ(៣ហិកតា) អាស្រ័យផលធ្វើស្រែ ចំការ ដាំដំណាំ មានដាំបន្លែ ដាំឈូកជាដើម ។ ស្រាប់តែនៅអំឡុងខែមេសា ឆ្នាំ២០២៤នេះ មានគ្រឿងចក្រអាអ៊ិច៤ ទៅ៥គ្រឿង រថយន្តដឹងដីជាច្រើនគ្រឿងបានទៅធ្វើការជីកកាយដីរបស់ពួកគាត់ មិនបានជូនដំណឹងមុនសោះ គឺជាប់ចោទប្លន់យកពីពលរដ្ឋទៅចែកគ្នា ធ្វើឱ្យពួកគាត់ក៏ផ្ទុះការតវ៉ា ។

ហើយមានអាជ្ញាធរជំនាញពាក់ព័ន្ធ ចុះទៅធ្វើការសម្របសម្រួលថា រដ្ឋត្រូវការអភិវឌ្ឍន៍ទីតាំងនេះហើយ ដោយជីកស្តារអូរក្រាំងអំបិល ដោយធ្វើការដោះស្រាយគោលនយោបាយក្នុង១ហិកតាតម្លៃ៨០០០$(៨ពាន់ដុល្លារ) ទៅ១០០០០$(១ម៉ឺនដុល្លារ) តែប៉ុណ្ណោះ ពួកគាត់មិនព្រមទទួលយកឡើយ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

ចែករំលែកព័តមាននេះ