ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ចិន បញ្ចប់​អាណត្តិ ៖ ចិន​នៅ​តែ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នា​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប និង​ជម្រាបលា ឯកឧត្តម វ៉ាង វិ​ន​ធាន បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិ​បតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា ក្នុង​ឱកាស​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា ព្រមទាំង​បាន​ពាំនាំ នូវ​ការ​ផ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជី​ន​ពីង និង ឯកឧត្តម​នាយក​រដ្ឋមន្ត្រី លី ឈាង ជូន​ចំពោះ​សម្តេច​ធិ​បតី ផង​ដែរ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​សម្ដែង នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សម្រេច​នូវ​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ការ​ទាក់ទាញ​វិនិយោគិន ការ​ដាក់​ចេញ​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​វិស័យ​ទេសចរណ៍ ជាដើម ។

ឯកឧត្តម​ក៏​បាន​សម្តែង នូវ​សេចក្តី​រីករាយ និង​ការ​ពេញចិត្ត ដែល​បាន​ចូលរួម​ចំណែក​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ចិន​-​កម្ពុជា ក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ធំ​ៗ​គួរ​ឱ្យ​កត់សម្គាល់​ជា​ច្រើន​ដូច​ជា ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ផ្លូវ​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ និង​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ឋាន​:​ជា​មិត្ត​ដែកថែប ដ៏​ស្មោះត្រង់ និង​ទុកចិត្ត​បាន ។

បន្ថែម​លើ​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​ចិន នឹង​នៅ​តែ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត និង​គណៈប្រតិភូ ដែល​បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា ក្នុង​ឱកាស​ដែល​ឯកឧត្តម ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។

សម្ដេច​ក៏​បាន​សម្តែង នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​រឹង​មាំ និង​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ជា​ច្រើន ដែល​បាន​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ជា​លំដាប់ ។

សម្ដេច​ធិ​បតី បាន​លើក​ឡើង​ថា “​នេះ​ជា​ពេលវេលា​ដ៏​គួរ​ឱ្យ​ស្រណោះ​បំផុត ដែល​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា ត្រូវ​ឃ្លាតឆ្ងាយ ហើយ​សម្តេច​ធិ​បតី​សង្ឃឹមថា នឹង​បាន​ជួប​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ជា​ថ្មី​ម្តងទៀត ក្នុង​ឱកាស​សម​ស្រប​ណាមួយ និង​ជូនពរ​ឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ទទួល​បាន​ជោគជ័យ ក្នុង​បេសកកម្ម​ការងារ​ថ្មី​។ សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា កម្ពុជា​រង់ចាំ និង​ស្វាគមន៍ ឯកឧត្តម​ជា​និច្ច ។

បន្ទាប់​ពី​បញ្ចប់​ជំនួប​នេះ សម្ដេច​ធិ​បតី និង​ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​និមិត្តរូប នៃ​ការ​ប្រសិទ្ធ​នាម “​ផ្លូវ​ក្រវាត់ក្រុង​ទី​៣” ដែល​ត​ភ្ជាប់​ផ្លូវជាតិ លេខ​១​ទៅ​ផ្លូវជាតិ​លេខ​៤ ថា​ជា “​មហាវិថី ស៊ី ជី​ន​ពីង​” ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ