ទីក្រុងញូដេលី៖ ថ្មីៗនេះ អាជ្ញាធរឥណ្ឌាអះអាងថាពួកគេទើបតែចាប់ខ្លួនគ្រូពេទ្យម្នាក់ឋានៈដុកទ័រ និងជាម្ចាស់មន្ទីរពេទ្យឯកជនមួយកន្លែងដែលបើកដំណើរការគ្មានច្បាប់អនុញ្ញាត។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីលេចឮដំណឹងថាមានកូនង៉ែតយ៉ាងតិច៦នាក់បានស្លាប់នៅក្នុងបន្ទប់តូចចង្អៀត និងគ្មានបំពាក់បំពង់ផ្សែងសម្រាប់បាញ់ពន្លត់អគ្គិភ័យទេ។

សាក្សីនិយាយថាកាលពីល្ងាចថ្ងៃសៅរ៍ភ្លើងចាប់ផ្ដើមឆាបឆេះនៅបន្ទប់ដាក់កូនង៉ែតដែលទើបតែសម្រាលហើយថ្មីៗ។ គ្រាន់តែក្រឡេកឃើញភ្លាម អ្នកនៅក្បែរនោះក៏ស្ទុះវឹងចូលទៅក្នុងបន្ទប់នោះ និងខិតខំបីកូនង៉ែតចេញទៅរកទីកន្លែងសុវត្ថិភាពឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ស្ត្រីម្នាក់ទើបតែសម្រាលកូនស្រីម្នាក់អាយុ១១ថ្ងៃមិនទាន់ដាក់ឈ្មោះនៅឡើយផង។ ឥឡូវនេះ កូនស្លាប់ចោលគាត់បាត់ទៅទៀត។

ស្ត្រីម្នាក់សម្រាលកូនង៉ែតទើបតែបានមួយថ្ងៃស្លាប់កូនបាត់ទៅទៀត។ គាត់គិតថាអ្នកដែលត្រូវស្ដីបន្ទោសនៅក្នុងសោកនាដកម្មលើកនេះគឺអ្នកមើលការខុសត្រូវនៅក្នុងមន្ទីរពេទ្យ។ គាត់ប្រាប់ថាកូនរបស់គាត់មានបញ្ហាផ្លូវដង្ហើមត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ សម្រាកតែបន្តិចទៀតនឹងអស់អីហើយ។ មិននឹកស្មានថាមន្ទីរពេទ្យនេះធ្វើឱ្យកូនយើងស្លាប់យ៉ាងដូច្នេះសោះ។

ជួយសង្គ្រោះបានកូនង៉ែតប្រាំនាក់
នៅប្រទេសឥណ្ឌាសព្វថ្ងៃនេះ ករណីភ្លើងឆេះនៅតាមអគារបានក្លាយជារឿងធម្មតាទៅហើយដោយសារឥណ្ឌាមានមនុស្សច្រើនជាងចិនទៅទៀតសម្រាប់ពេលបច្ចុប្បន្ននេះ។ ម៉្យាងទៀត ផ្ទៃដីតូចចង្អៀតជាងប្រទេសចិនមួយជាពីរ។ ដូច្នេះបញ្ហាតូចចង្អៀត និងការសាងសង់មិនគោរពទៅតាមច្បាប់អនុញ្ញាតគឺជាបញ្ហាចោទដ៏ធំមួយដែលមិនអាចធានាសុវត្ថិភាពបានឡើយ។

មន្ទីរពេទ្យដែលមានភ្លើងឆេះនេះមានកម្ពស់២ជាន់ជាអគារដ៏តូចចង្អៀត ហើយមានផ្ទះរបស់អ្នកស្រុកសាងសង់អមជុំវិញ។ ដូច្នេះ គ្មានចន្លោះនៅសងខាងទេ ហើយមិនងាយស្រួលសម្រាប់រថយន្តពន្លត់អគ្គិភ័យបើកចូលទាល់តែសោះ។ ទីភ្នាក់ងារពន្លត់អគ្គិភ៏័យម្នាក់ប្រាប់ថាពួកគេព្យាយាមបាញ់ទឹកណាស់ដែរ។ ប៉ុន្តែគ្មានផ្លូវចូលទៅខាងក្នុងអគារដើម្បីជួយសង្គ្រោះកូនង៉ែត១២នាក់ដែលជាប់ផុងនៅក្នុងបន្ទប់ដែលឆេះនោះទេ។ សូម្បីតែច្រកផ្លូវនៅក្នុងគ្រាអាសន្នក៏មន្ទីរពេទ្យនេះគ្មានដែរ។

គេស្រាវជ្រាវដឹងថាលិខិតអនុញ្ញាតឱ្យបើកដំណើរការមន្ទីរពេទ្យនេះបានផុតកំណត់តាំងពីខែមីនា ឆ្នាំ២០២៤។ ប៉ុន្តែប្រធានមន្ទីរពេទ្យមិនបានស្នើសុំលិខិតអនុញ្ញាតថ្មីដើម្បីបន្តសុពលភាពឡើងវិញទេ។ គ្រែគេងត្រូវគេបន្ថែមលើសពីចំនួនកំណត់រហូតដល់ទៅជាង២ដង។ ក្នុងមួយបន្ទប់អនុញ្ញាតឱ្យដាក់គ្រែចំនួន៥។ ប៉ុន្តែជាក់ស្ដែងដាក់គ្រែលើសពីដប់។ ដោយសារធ្វើខុសនីតិវិធីបែបនេះ អាជ្ញាធរសម្រេចចិត្តចាប់ខ្លួនប្រធានមន្ទីរពេទ្យតែម្ដង។ សំណាងល្អ គេអាចជួយសង្គ្រោះកូនង៉ែតបាន៥នាក់។ ឥឡូវនេះកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យដទៃទៀត៕

ចែករំលែកព័តមាននេះ