ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ព្យុះ​ស៊ីក្លូនវាយ​ប្រហារ​ឥណ្ឌា និង​បង់​ក្លា​ដែស​​ស្លា.ប់​មនុស្ស​៧​នាក់

4 អាទិត្យ មុន

ទី​ក្រុង​ដាកា៖ ខ្យល់​​ព្យុះ​ស៊ី​ក្លូន​ដ៏​ធំ​មួយ​ចាប់​ផ្ដើម​​បោក​បក់​ទៅ​ដល់​​​មាត់​សមុទ្រ​ឥណ្ឌា និង​បង់​ក្លាដែស​​ ហើយ​​​បំប៉ើង​ដំបូល​ផ្ទះ​របស់​អ្នក​ស្រុក​​​​ឱ្យ​​របើក​ចេញ​ពី​ធ្នឹម​។ បង្គោល​ខ្សែ​ភ្លើង​ល្មម​ៗ​ត្រូវ​ខ្យល់​ព្យុះ​បក់​ផ្ដួល​ខ្ទេច​ខ្ទី​អស់​ ជា​ហេតុ​ធ្វើ​ឱ្យ​ដាច់​ភ្លើង​ជា​ច្រើន​កន្លែង​។ ជា​ចំណាត់​ការ​បឋម អាជ្ញាធរ​ចាប់​ផ្ដើម​ជម្លៀស​មនុស្ស​ជិត​៨​សែន​នាក់​។ ខ្យល់​ព្យុះ​​​វាយ​ប្រហារ​​ទៅ​លើ​ឥណ្ឌា និងបង់​ក្លា​ដែស​លើក​នេះ​​អាច​​​បង្ក​ជា​​ជំនន់​ទឹក​ភ្លៀង​​​​​។…

ទី​ក្រុង​ដាកា៖ ខ្យល់​​ព្យុះ​ស៊ី​ក្លូន​ដ៏​ធំ​មួយ​ចាប់​ផ្ដើម​​បោក​បក់​ទៅ​ដល់​​​មាត់​សមុទ្រ​ឥណ្ឌា និង​បង់​ក្លាដែស​​ ហើយ​​​បំប៉ើង​ដំបូល​ផ្ទះ​របស់​អ្នក​ស្រុក​​​​ឱ្យ​​របើក​ចេញ​ពី​ធ្នឹម​។ បង្គោល​ខ្សែ​ភ្លើង​ល្មម​ៗ​ត្រូវ​ខ្យល់​ព្យុះ​បក់​ផ្ដួល​ខ្ទេច​ខ្ទី​អស់​ ជា​ហេតុ​ធ្វើ​ឱ្យ​ដាច់​ភ្លើង​ជា​ច្រើន​កន្លែង​។ ជា​ចំណាត់​ការ​បឋម អាជ្ញាធរ​ចាប់​ផ្ដើម​ជម្លៀស​មនុស្ស​ជិត​៨​សែន​នាក់​។ ខ្យល់​ព្យុះ​​​វាយ​ប្រហារ​​ទៅ​លើ​ឥណ្ឌា និងបង់​ក្លា​ដែស​លើក​នេះ​​អាច​​​បង្ក​ជា​​ជំនន់​ទឹក​ភ្លៀង​​​​​។ ឥ​ឡូវ​នេះ​ខ្យល់​ព្យុះ​កំពុង​ប្រមូល​ផ្ដុំ​​កម្លាំង​​​នៅ​ឆក​សមុទ្រ​បេង​កាល់ (Bengal)​។

នៅ​បង់​ក្លាដែស​ខាង​ត្បូង និង​ឥណ្ឌា​ខាង​កើត​ មនុស្ស​រាប់​សែន​នាក់​គ្មាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​ទេ​។ គេ​ទទួល​ដំណឹង​ថា​មនុស្ស​យ៉ាង​តិច​៧​នាក់​បាន​ស្លាប់​ហើយ​ ហើយ​ភូមិ​​រាប់​សិប​កន្លែង​នៅ​បង់ក្លា​ដែស​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក​ជា​បណ្ដើរ​ៗ​បន្ទាប់​ពី​ទំនប់​ទឹក​ដែល​គេ​សាង​សង់​ឡើង​សម្រាប់​ទប់​ទល់​នឹង​ជំនន់​ទឹក​ភ្លៀង​នោះ​ត្រូវ​បាក់​ជា​កំណាត់​ៗ ឬ​រង​ការ​ខូច​ខាត​។ ទោះ​បី​អាជ្ញាធរ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ថា​មាន​មនុស្ស​ស្លាប់​ប៉ុន្មាន​នាក់​ ប៉ុន្តែ​ទូរ​ទស្សន៍​បង់​ក្លា​ដែស​ផ្សាយ​ថា​មនុស្ស​ស្លាប់​៧​នាក់​។

នៅ​បង់​ក្លាដែស​ដដែល​ មនុស្ស​យ៉ាង​តិច​​២​នាក់​បាត់​ខ្លួន​នៅ​ក្នុង​ហេតុ​ការណ៍​លិច​ទូក​។ ចំណែក​នៅ​រដ្ឋ​បេង​កាល់​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា ផ្ទះ​ដំបូល​ស្បូវ​ត្រូ​វ​ខ្យល់​បោក​បក់​របើក​រប៉ាត់​រប៉ាយ​អស់​។ បង្គោល​ភ្លើង​ និង​ដើម​ឈើ​ត្រូវ​ខ្យល់​បោក​ផ្ដួល​រំលំ​គ្រេង​​នៅ​តំបន់​ជាប់​មាត់​សមុទ្រ​។ ប៉ុន្តែ​គេ​មិន​ទាន់​ឮ​​ថា​មាន​មនុស្ស​ស្លាប់​​ទេ។​ ​បើ​និយាយ​ពី​ភ្លៀង​ធ្លាក់​វិញ​មិន​បាច់​ថ្លែង​ទេ​។ នៅ​តាម​ដង​វិថី​តូចធំ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​​​។ ​​អ្នក​រស់​នៅ​តំបន់​ទំនាប​នៃ​ទី​ក្រុង​កុលកាតា (Kolkata)​ក៏​ត្រូវ​រង​ការ​លិច​លង់​ផង​ដែរ​។

ខ្យល់​ព្យុះ​ស៊ីក្លូន​ឈ្មោះ​រេម៉ាល់​ (Remal) រាង​ថយ​កម្លាំង​បន្តិច​វិញ​បន្ទាប់​ពី​​វា​បាន​បក់​ខ្លាំង​ទៅ​លើ​ប្រទេស​បង់ក្លា​ដែស​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​​ក្នុង​​ល្បឿន​១១១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ការិយាល័យ​ឧតុ​និយម​នៅ​ទី​ក្រុង​ដាកា​ថ្លែង​ថា​ខ្យល់​ថយ​ល្បឿន​មក​នៅ​៩០​គីឡូម៉ែត្រ​​ក្នុ​ងមួយ​ម៉ោង​។ ឥណ្ឌា​ក៏​និយាយ​ស្រដៀង​គ្នា​នេះ​ដែរ​។ ការិយាល័យ​ឧតុ​និយម​ឥណ្ឌា​ថ្លែង​ថា​ខ្យល់​ព្យុះ​​​នឹង​ថយ​ចុះ​កម្លាំង​។ ប៉ុន្តែ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង​នៅ​រដ្ឋ​អាសាម (Assam) និង​បណ្ដា​រដ្ឋ​ភាគ​ឦសាន​រយៈ​ពេល​២​ថ្ងៃ​ទៅ​មុខ​ទៀត​។​

បន្ទាប់​ពី​បិទទ្វារ​ពេញ​មួយ​ថ្ងៃ​អាទិត្យ អាកាស​យាន​ដ្ឋាន​ទី​ក្រុង​កុល​កាតា​​អាច​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​បណ្ដើរ​ៗ​​ហើយ​។ ប៉ុន្តែ​បង់​ក្លាដែស​ អាជ្ញាធរ​បន្ត​បិទ​ដំណើរ​ការ​ព្រលាន​យន្ត​ហោះ​នៅ​ទី​ក្រុង​ចត្តុ​ក្រាម (Chattogram) និង​លុប​ចោល​ជើង​ហោះ​ហើរ​​ចេញ-​ហោះ​ចូល​តំបន់​ខក់​បាហ្សា (Cox’s Bazar)។ ​ការ​ផ្ទេរ​ទំនិញ​ចេញ​ចូល​កប៉ាល់​នៅ​កំពង់​ផែ​ចត្តុ​ក្រាម​ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ផង​ដែរ​។

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បន្ត​ជម្លៀស​មនុស្ស​រាប់​សែន​នាក់​ដើម្បី​ទៅ​ស្នាក់​នៅ​ក្នុង​ជម្រក​កៅស៊ូ​តង់​​​។ សាលា​រៀន​នៅ​ក្នុង​តំបន់​នេះ​ត្រូវ​បន្ត​បិទទ្វារ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​។ ខ្យល់​ព្យុះ​រេម៉ាល់​ជា​ព្យុះ​ទី១​នៅ​ឆ្នាំ​នេះ​មុន​ការ​ចាប់​ផ្ដើម​រដូវ​វស្សា​ជា​ផ្លូវ​ការ​ចាប់​ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា​។ មែន​ទែន​ទៅ, តំបន់​មាត់​សមុទ្រ​ឥណ្ឌា​តែង​តែ​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ខ្យល់ព្យុះ​ស៊ីក្លូន​វា​ជា​រឿង​ធម្ម​តា​ទេ​។ គ្រាន់​តែ​ថា​ខ្យល់​ព្យុះ​ឥឡូវ​នេះ​មាន​កម្លាំង​បោក​បក់​ខ្លាំង​​ជាង​មុន​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ