ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង​នៅ​ភ្នំពេញ មាន​១២​ក្រុម​ធំ​ៗ សមត្ថកិច្ច​សន្យា​ថា នឹង​តាម​បង្ក្រាប​អោយ​ដល់​ឫសគល់

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​សន្យា​ថា ក្រុម​ក្មេង​ទំនើង ដែល​បង្ក​ការ​អុកឡុក​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​១២​ក្រុម​ធំ​ៗ បង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន ១០​ក្រុម​ហើយ នៅ​សល់ ២​ក្រុម​ទៀត…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​សន្យា​ថា ក្រុម​ក្មេង​ទំនើង ដែល​បង្ក​ការ​អុកឡុក​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​១២​ក្រុម​ធំ​ៗ បង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន ១០​ក្រុម​ហើយ នៅ​សល់ ២​ក្រុម​ទៀត សមត្ថកិច្ច​នឹង​តាម​បង្ក្រាប​អោយ​ដល់​ឫសគល់ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ ក៏​ដូច​កម្លាំង​សមត្ថកិច្ច បន្ត​បង្ក្រាប​ក្មេង​ទំនើង ឲ្យ​ដល់​ឫសគល់ សំដៅ​ធ្វើ​យ៉ាងណា​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន គឺ​មិន​មាន​ក្មេង​ទំនើង​ឡើយ ។

ការ​ណែនាំ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ៖ ការ​បង្ក្រាប​ក្មេង​ទំនើង អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​របស់​យើង បាន​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព គឹ​កម្លាំង​របស់​យើង​ចាប់​បាន​ភ្លាម ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី កងកម្លាំង​មាន​សមត្ថកិច្ច​របស់​យើង ត្រូវ​ពង្រឹង​បន្ថែម​ទៀត ក្នុង​ការ​បង្ការ​ទប់ស្កាត់​ក្មេង​ទំនើង ទាំងនេះ ។

លោក ឃួ​ង ស្រេង បាន​ស្នើ​ឱ្យ​អភិបាល​ខណ្ឌ នៅ​ជាប់​ព្រំប្រទល់​ជាមួយ នឹង​ស្រុក នៃ​ខេត្តកណ្ដាល ប្រជុំ​ជាមួយ​អភិបាលស្រុក ជាប់​ព្រំប្រទល់ ដើម្បី​រក​វិធានការ​ទប់ស្កាត់​ក្មេង​ទំនើង ទាំងនេះ​។ បន្ថែម​ពី​នេះ ក៏​ត្រូវ​សហការ​ជាមួយ នឹង​នាយក​សាលា​នានា នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​កំណត់​ពីមុខ​សញ្ញា​ក្មេង​ទំនើង ជាមួយនឹង​ការ​ដាក់​កម្លាំង​ឆែកឆេរ​ទៅ​លើ​ម៉ូតូ​សិស្ស ដែល​យើង​សង្ស័យ​ថា ជា​មុខសញ្ញា​ក្មេង​ទំនើង​។

លោក បាន​បញ្ជាក់​ផង​ដែរ​ថា ៖ ការ​បង្ក្រាប​ក្មេង​ទំនើង អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​យើង អនុវត្ត​បាន​ល្អ​ប្រសើរ​ហើយ​។ ប៉ុន្តែ​អ្វី ដែល​ល្អ​ជាង​នេះ គឺ​ការ​បង្ការ​ទប់ស្កាត់ កុំ​ឲ្យ​មាន​ក្មេង​ទំនើង ទើប​ជា​រឿង ដែល​ល្អ​បំផុត ។

ក្រៅពី​បង្ក្រាប បង្ការ ទប់ស្កាត់​ក្មេង​ទំនើង​ហើយ​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ពិនិត្យ​យានយន្ត​កែ​ច្នៃ​ស៊ី​ម៉ាំង ការ​ពិនិត្យ​ទីតាំង​លក់​កែ​ច្នៃ ដាវ​សាំ​ម៉ូ​រ៉ៃ ការ​បង្ក្រាប​នៅ​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ការ​បង្ក្រាប​គ្រឿងញៀន​ផង​ដែរ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​សង្កាត់ មាន​សុវត្ថិភាព ។

លោក​ឧត្តមសេនីយ៍ ជួន ណា​រិ​ន អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ៖ នៅ​រាជធានី​ភ្នំពេញ មាន​ក្រុម​ក្មេង​ទំនើង​ចំនួន ១២​ក្រុម​ធំ​ៗ ហើយ​ក្នុង​ចំនួន​១២​ក្រុម​នេះ កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង បាន​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ចំនួន​១០​ក្រុម នៅ​សល់​២​ក្រុម ដែល​ជា​ក្រុម​មិន​ទាន់​មាន​ធ្វើ​សកម្មភាព​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ក្នុង​ចំនួន​១០​ក្រុម​នេះ ក៏​មាន​ក្រុម​ទំនើង​ខ្លះ កំពុង​តែ​រត់គេច​ខ្លួន ដែល​សមត្ថកិច្ច​របស់​យើង កំពុង​តែ​ស្រាវជ្រាវ​តាម​ចាប់ ៕

អត្ថបទសរសេរ ដោយ