ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវការ​អ្នក​វិនិយោគ​បន្ថែម​ទៀត ពិសេស​មក​ពី​ប្រទេស​ចិន លើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ចិញ្ចឹម​ត្រី និង​លើ​វិស័យ​វាយនភ័ណ្ឌ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លើក​ឡើង​ថា កម្ពុជា​ត្រូវការ​អ្នក​វិនិយោគ​បន្ថែម​ទៀត ពិសេស​មក​ពី​ប្រទេស​ចិន លើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ចិញ្ចឹម​ត្រី និង​លើ​វិស័យ​វាយនភ័ណ្ឌ និង​ទេសចរណ៍​ជាដើម…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លើក​ឡើង​ថា កម្ពុជា​ត្រូវការ​អ្នក​វិនិយោគ​បន្ថែម​ទៀត ពិសេស​មក​ពី​ប្រទេស​ចិន លើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ចិញ្ចឹម​ត្រី និង​លើ​វិស័យ​វាយនភ័ណ្ឌ និង​ទេសចរណ៍​ជាដើម ។

លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ដូច​ខាងលើ​នេះ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម ជាមួយ លោក សុង ហ្វូ​ឡុ​ង សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន ខេត្ត​ក្វា​ង​ទុង ជា​លេខាធិការ នៃ​គណៈកម្មាធិការ​អធិការកិច្ច​វិន័យ ខេត្ត​ក្វា​ង​ទុង និង​ជា​អគ្គនាយក​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ ខេត្ត​ក្វា​ង​ទុង នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

នា​ឱកាស​នោះ លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា រាជធានី​ភ្នំពេញ ជាទី​ក្រុង​ដែល​កំពុង​អភិវឌ្ឍន៍ ដែល​ទាមទារ​ឱ្យ​មាន​អ្នក​វិនិយោគទុន មក​វិនិយោគទុន​បន្ថែម​ទៀត បើ​ទោះបី​អ្នក​វិនិយោគ​មក​ពី​ខេត្ត​ក្វា​ង​ទុង បាន​ធ្វើការ​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ហើយ​ក្តី ។

លោក​បន្ថែម​ថា រាជធានី​ភ្នំពេញ ចង់​បានការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្ម​ធុន​ធ្ងន់ ក៏​ដូច​ជា​វិស័យ​វាយនភ័ណ្ឌ និង​ទេសចរណ៍​ជាដើម ។

លោក ឃួ​ង ស្រេង បានឱ្យ​ដឹង​ទៀត​ថា រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល គឺជា​ប្រទេស ដែល​មាន​សន្តិភាព​ពេញលេញ ដែល​អាច​ធានា​បាន​នូវ​សុវត្ថិភាព ចំពោះ​អ្នក​វិនិយោគ​ក៏​ដូច​ជា​អ្នកទេសចរ​បរទេស​មក​ទេសចរណ៍ ក៏​ដូច​ជា​ការ​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា ។

លោក ឃួ​ង ស្រេង បាន​ស្នើ​សូម​ឱ្យ​លោក សុង ហ្វូ​ឡុ​ង ពេល​វិល ត្រឡប់​ទៅ​ខេត្ត​ក្វា​ង​ទុង​វិញ សូម​ជួយ​ផ្សព្វផ្សាយ​ទៅ​អ្នក​វិនិយោគទុន​នៅ​ខេត្ត​ក្វា​ង​ទុង ឱ្យមក​វិនិយោគទុន​រកស៊ី នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ឱ្យ​រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។

លោក ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កន្លង​មកនេះ​រោងចក្រ​វាយនភ័ណ្ឌ​មួយ​ចំនួន​របស់​ចិន ភាគច្រើន​នាំ​ផលិតផល​សម្រេច​ទៅ​កាន់​អឺរ៉ុប ដូចនេះ លោក​ចង់ឱ្យ​មានការ​វិនិយោគ​ទៅ​លើ​វិស័យ​កាត់ដេរ ពេល​ទទួល​បាន​ផលិតផល នាំ​ទៅ​កាន់​ប្រទេស​ចិន​តែ​ម្ដង ដោយសារ​តែ​បច្ចុប្បន្ន​នេះ ទីផ្សារ​របស់​អឺរ៉ុប ក៏​មាន​លក្ខណៈ​ចង្អៀត​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ លោក សុង ហ្វូ​ឡុ​ង ក៏​បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​របស់​ខេត្ត​ក្វា​ង​ទុង ដោយ​ខេត្ត​មួយ​នេះ ជា​ខេត្ត​ដែល​មាន​រោងចក្រ​ផលិត​គ្រឿង​ម៉ាស៊ីន​ច្រើន នៅ​ប្រទេស​ចិន មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​១២០​លាន​នាក់​។ សហគ្រាស​ខ្នាត​ធំ​ៗ មាននៅ​ខេត្ត​ក្វា​ង​ទុង អ្នក​វិនិយោគ​នៅ​ខេត្ត​ក្វា​ង​ទុង ក៏​បាន​ធ្វើការ​វិនិយោគ​នៅ រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​យ៉ាងច្រើន​ផង​ដែរ​។
ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី លោក​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​វិនិយោគទុន​របស់​ខេត្ត​ក្វា​ង​ទុង ឱ្យមក​វិនិយោគទុន​រកស៊ី​នៅ​រាជធានី​ភ្នំពេញ​ក៏​ដូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ដោយ​កម្ពុជា និង​ចិន​ជា​មិត្ត​ដែកថែប និង​ជា​មិត្ត​ចាស់ ។

បន្ថែម​ពី​នេះ​លោក សុង ហ្វូ​ឡុ​ង ក៏​បាន​ស្នើ​អញ្ជើញលោក ឃួ​ង ស្រេង ក៏​ដូច​ជា​ប្រតិភូ​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ក្វា​ង​ទុង ពិសេស​នៅ​ក្រុមហ៊ុន​ធំ​ៗ​របស់​ចិន នៅ​ខេត្ត​ក្វា​ង​ទុង ដើម្បី​ពិភាក្សា​ក៏​ដូច​ជា​ជំរុញ​ឱ្យ​អ្នក​វិនិយោគទុន មក​វិនិយោគទុន​រកស៊ី​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា បាន​កាន់តែ​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ