ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Southampton នឹងកើនចំណូលជិត២០០លានដុល្លារ ក្រោយបានកៅអីលេង EPL រដូវកាលក្រោយ

3 អាទិត្យ មុន

ចក្រភពអង់គ្លេស ៖ ក្រុមបាល់ទាត់ Southampton បានកៅអីលេងក្របខណ្ឌលីគកំពូលអង់គ្លេស

ចក្រភពអង់គ្លេស ៖ ក្រុមបាល់ទាត់ Southampton បានកៅអីលេងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៤-២៥ បន្ទាប់ពីបានយកឈ្នះលើក្រុម Leeds United នៅក្នុងការប្រកួតជម្រុះ Play-offs វគ្គផ្តាច់ព្រ័ត្រ នៃក្របខណ្ឌលីគលំដាប់ទី ២ EFL Championship លទ្ធផល ១-០ នៅឯកីឡដ្ឋានជាតិ Wembley កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ Southampton ត្រូវបានធានានឹងកើនប្រាក់ចំណូលរហូតដល់ ១៤០លានផោន ឬស្មើនឹង ១៨០លានដុល្លារអាមេរិក ដែលបានពីសិទ្ធិផ្សាយការប្រកួត និងប្រាក់រង្វាន់ រដូវកាលក្រោយ។

ខ្សែប្រយុទ្ធអង់គ្លេស Adam Armstrong ជាអ្នករកគ្រាប់ជ័យជម្នះនៅនាទី ២៤ ជួយ Southampton ចូលរួមជាមួយនឹងក្រុម Leicester City និង Ipswich Town ទទួលបានកៅអីលេងក្របខណ្ឌ Premier League រដូវកាលក្រោយ ដ្បិតក្រុម Leicester បញ្ចប់រដូវកាល ២០២៣-២៤ ក្នុងនាមម្ចាស់ជើងឯក EFL Championship ហើយក្រុម Ipswich បញ្ចប់នៅចំណាត់ថ្នាក់លេខ ២ ដែលបានកៅអីដោយស្វ័យប្រវត្តិ។ ចំណែកក្រុម Luton Town, Burnley និង Sheffield United ដែលស្ថិតនៅបាតតារាង Premier League រដូវកាលនេះ ត្រូវកាត់ចោលទៅលេងក្របខណ្ឌ EFL Championship រដូវកាលក្រោយ។

មុនបានកៅអីលេង Premier League រដូវកាលក្រោយ ក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៣,៤, ៥ និង ៦ រួមមាន Leeds, Southampton, West Brom និង Norwich ត្រូវធ្វើការប្រកួតជម្រុះ Play-offs ដោយក្នុងនោះ Leeds យកឈ្នះ Norwich សរុបទាំង២ជើង លទ្ធផល ៤-០។ ចំណែក Southampton យកឈ្នះ West Brom សរុបទាំង២ជើងលទ្ធផល ៣-១។

បើយោងតាមក្រុមហ៊ុនអាជីវកម្មកីឡា Deloitte បានរាយការណ៍ថា ការប្រកួតជម្រុះ Play-offs ផ្តាច់ព្រ័ត្រ ក្របខណ្ឌ EFL Championship ត្រូវបានហៅថា ការប្រកួតបាល់ទាត់មានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ ជាក់ស្តែង Southmapton នៅពេលនេះ ត្រូវបានធានាបង្កើនប្រាក់ចំណូលដល់ ១៨០លានដុល្លារ នៅរដូវកាលក្រោយ តាមរយៈសិទ្ធិផ្សាយការប្រកួត និងប្រាក់រង្វាន់៕ (ប្រភព ៖ BBC និង NBC News រូបភាព ៖ CNN និង Premier League)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ