រាជធានីភ្នំពេញ ៖ រឿងរ៉ាវដ៏គួរអោយចាប់អារម្មណ៍មួយបានកើតឡើងបន្ទាប់ពីលោកយាយមួយរូប អាចបើករថយន្តបានពុំគួរអោយជឿ ដោយអាយុគ្រាន់តែជាតួលេខ សំខាន់លោកយាយ នៅមានកម្លាំងខ្លាំង ហើយមាំតាន់ទៀតផង ។
កាលពីពេលថ្មីនេះ រូបភាពប៉ុន្មានសន្លឹកត្រូវបានចែកចាយដោយព្រះសង្ឃមួយអង្គមានគណនីហ្វេសប៊ុក ព្រះនាម មាស ចន្ថា ដោយព្រះអង្គបានបង្ហោះពីសកម្មភាពលោកយាយរូបនេះ ដោយផ្សារភ្ជាប់ជាមួយរូបថតចំនួន៣សន្លឹក និងវីដេអូឃ្លីប សកម្មភាពលោកយាយបើកបររថយន្តយ៉ាងស្ទាត់ជំនាញ ដោយនៅក្នុងរថយន្តមានព្រះសង្ឃ លោកយាយពីររូបទំនងជាទៅវត្តអារាម ដោយសម្លៀកបំពាក់អាវ.សនោះ ។

ជាក់ស្តែង លោកយាយដែលកំពុងបើកបររថយន្តរូបនេះ មានឈ្មោះថា ទឹម សារី មានអាយុ ៨៧ឆ្នាំ ដោយលោកយាយនៅមានសុខភាពល្អ កម្លាំងមាំមួន សម្តីសំដៅនៅចងចាំបានល្អណាស់ ខណៈបើកបរដោយស្មារតីពោរពេញដោយថាមពល ។ ក្រោយការបង្ហោះរបស់គុណម្ចាស់ មាស ចន្ថា រួចមកមហាជនលើកឡើងថា«លោកយាយព្រះជន្មច្រើនហើយនៅបើកឡានបានទៀត មិនធម្មតាខ្មាស់លោកយាយណាស់ ចៅមិនចេះបើកបរទេ» ។ និងមហាជនខ្លះទៀតបានលើកឡើងថា «តើគាត់បានប្រតិបត្តិក្នុងព្រះពុទ្ធសាសនាយល់ក្នុងធម៌មិនងាយវង្វេងទេ ។ ខ្ញុំឃើញច្រើនហើយឲ្យតែគាត់មានធម៌ក្នុងខ្លួន គឺគាត់មិនងាយវង្វេងទេ ។ ធម៌ចេះអប់រំចិត្ត» ។
មហាជនផ្សេងទៀតលើកឡើងក្នុងន័យបង្ការ និងគិតគូរពីសុវត្ថិភាពរបស់លោកយាយ ៨៧ឆ្នាំថា « មិនគួរអោយលោកយាយបើកបរទេ ព្រោះមនុស្សចាស់ កាយសម្បទារលោកមិនសូវរឹងមាំទេ ត្រចៀកក៏អន់ ភ្នែកក៏អន់» ។ តើបងប្អូនលោកអ្នកស្តាប់យល់យ៉ាងណាដែរ?

ជាការពិត ក្រោយមានការលើកឡើងជាខមិនហូរហែរ ក៏មានបងប្អូនមួយចំនួនរស់នៅសហរដ្ឋអាមេរិកបានលើកឡើងទាក់ទាងជាមួយច្បាប់ចរាចរណ៍ថា « នៅសហរដ្ឋអាមេរិកមនុស្សចាស់ជន្មាយុ៨០ទៅ៩០ អាចមានប័ណ្ណបើកបរបើនៅមានកម្លាំងពលំស្មារតីធម្មតាកំណត់៣ឆ្នាំ renew »។
គួរជម្រាប់ដែរថា លោកយាយ ទឹក សារី មានវ័យ៨៧ឆ្នាំ រស់នៅរដ្ឋម៉ាស់សាយូសេត សហរដ្ឋអាមេរិក លោកយាយអាចបើកបររថយន្តបានដោយស្ថានភាពទំនួលខុសត្រូវខ្ពស់ មានសុខភាពល្អ និងពោរពេញប្រកបដោយថាមពលនោះ ។

ជាការពិត រូបភាពកាលពីកន្លងទៅ ក៏មានលោកយាយចាស់ៗជិះម៉ូតូទៅសុំសីលផងដែរ ខណៈរូបភាពទាំងអស់នេះធ្វើអោយមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមសម្តែងការភ្ញាក់ផ្អើល និងកោតសរសើរលោកយាយ និងមហាជនខ្លះក៏គិតគូរពីសុវត្ថិភាពធ្វើដំណើរលោកយាយផងដែរ ។ តើអាចទេ ពេលចាស់ៗទៅមានពេលវេលាសុំសីលជាមួយគ្នានោះ? ដោយ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ