រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆ.ក់ខ្សែកពីនាងកម្មការិនីរោងចក្រម្នាក់ ខណៈពេលដែលនាងកំពុងជិះម៉ូតូក្នុងទិសដៅស្របគ្នា ហើយក្រោយពេលឆ.ក់បានសម្រេចហើយ បានព្យាយាមជិះម៉ូតូគេចខ្លួន ។
ប៉ុន្តែបានទាក់ដៃចង្កូតគ្នាជាមួយម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលទាំងអស់គ្នាពេលនោះនាងបានស្រែកថា ចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលទើបត្រូវបានប្រជាពលរដ្ឋចាប់បាន និងវា.យទាត់ធាក់រងរបួសធ្ងន់ ។ ហេតុការណ៍នោះបានកើតឡើង កាលពីវលាម៉ោង១រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវទួលពង្រ ត្រង់ចំណុចស្ពានទួលពង្រ ខាងជើងផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នាងរងគ្រោះបានប្រាប់ឲ្យដឹងថា នាងមានឈ្មោះ ឈឿន សុខឡូត អាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល នៅក្នុងភូមិកើតហេតុនោះដែរ ។ នៅមុនពេលកើតហេតុ នាងមានគ្នា២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ូតូហុងដាឌ្រីម២០២០ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ 1O-9726 ។ ចេញពីធ្វើកាតធនាគារវីង នៅម្ដុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឆ្ពោះទៅផ្ទះជួល ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។
នាងកម្មការិនីរូបនោះ បានប្រាប់ឲ្យដឹងបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1KH4811 ។ ដេញតាមរួចធ្វើសកម្មភាពឆ.ក់ខ្សែក ពីនាងបានសម្រេចបន្ទាប់មកបានព្យាយាមជិះម៉ូតូគេចខ្លួន ខណៈនោះម៉ូតូជនសង្ស័យបានទាក់ដៃចង្កូតគ្នាជាមួយម៉ូតូរបស់នាង ។
បណ្ដាលឲ្យដួលទាំងអស់គ្នា ហើយនាងស្រែកឆោឡោថា ចោរៗបង្កឲ្យមានការភ្ញាក់ផ្អើល ទើបជនសង្ស័យរត់មិនរួចបន្ទាប់មកប្រជាពលរដ្ឋចាប់បាន រួចនាំគ្នាវា.យទាត់ធាក់ បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា ជនសង្ស័យឆ.ក់បានខ្សែក ប្លាទីន១ខ្សែពីនាងរងគ្រោះ ប៉ុន្តែក្រោយពេលចាប់ខ្លួនត្រូវបានដកហូតមកវិញ ហើយខណៈនោះប្រជាពលរដ្ឋច្រើនណាស់ផ្ទុះកំហឹ.ង បាននាំគ្នាវា.យទា.ត់ធា.ក់ និងចា.ប់ចងដៃចងជើងជនសង្ស័យថែមទៀត ។
បើកុំតែបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាន់ពេល ប្រហែលជននោះត្រូវក្សិណក្ស័យបាត់ទៅហើយ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅទី១ បាននាំយកជនសង្ស័យទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ