ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​អូស​រទេះ​លើកគ្នា​តវ៉ា​នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត កកស្ទះជិត១ម៉ោង

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​កម្មករ​អូស​រទេះដឹក​អីវ៉ាន់​ប្រមាណ​៥០​ទៅ​៦០​គ្រឿង ធ្វើការ​តវ៉ា​បង្ក​ការ​

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​កម្មករ​អូស​រទេះដឹក​អីវ៉ាន់​ប្រមាណ​៥០​ទៅ​៦០​គ្រឿង ធ្វើការ​តវ៉ា​បង្ក​ការ​កកស្ទះ​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជិត​១​ម៉ោង អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​សម្របសម្រួល​ឱ្យ​រំសាយ និង​អនុគ្រោះ​ឱ្យ​១​ជើង​ដោយ​មិន​ធ្វើការ​ឆែកឆេរ​ឡើយ ។ បាតុភាព​តវ៉ា​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ ។

កម្មករ​អូស​រទេះដឹក​ទំនិញ​ដែល​តវ៉ា​នេះ នាំ​ចូល​ពី​ប្រទេស​ថៃ​មាន​ប្រមាណ​ពី​៥០​ទៅ​៦០​គ្រឿង ធ្វើការ​តវ៉ា​ប្រឆាំង​មន្ត្រី​គយ និង​រដ្ឋាករ ដែល​រឹង​បន្តឹង​ត្រួតពិនិត្យ​ទំនិញគេចពន្ធ ទើប​បណ្តាលឱ្យ​​កកស្ទះ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គេ​ឃើញ​វត្តមាន​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បាន​ធ្វើការ​សម្របសម្រួល​រយៈពេល​ជិត​១​ម៉ោង ទើប​កម្មករ​អូ​រទេះ​សុខចិត្ត​រំសាយ ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា កម្មករ​អូស​រទេះដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​ធ្វើការ​តវ៉ា​នឹង​មន្ត្រី​គយ និង​រដ្ឋាករ ដែល​សហការ​ជាម​យ​យ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ដែល​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​រក​ទំនិញគេចពន្ធ​ដែល​លួចលាក់​នាំ​ចូល​ពី​ប្រទេស​ថៃ ដែល​សកម្មភាព​នេះ ធ្វើ​ឱ្យ​បាត់បង់​ចំណូល​រដ្ឋ ។ ក្នុង​នាម​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង រួម​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បាន​ធ្វើការ​សម្របសម្រួល​ឱ្ក​យ​កម្មករ​អូស​រទេះ​រំសាយ ដើម្បី​កុំឱ្យ​មានកា​កកស្ទះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ប៉ះពាល់​សន្តិសុខ និង​ភ្ញៀវ​ចេញ​-​ចូល ដែល​ការ​សម្របសម្រួល​នេះ គឺ​មិន​ចាប់​ឆែកឆេរ​ត្រួតពិនិត្យ​ទេ​សម្រាប់​១​ជើង​នេះ តែ​នៅ​ពេល​ក្រោយ​មន្ត្រី​ជំនាញ​នឹង​មាន​ចំណាត់ការ​តាម​ច្បាប់ ដោយ​មិន​អនុគ្រោះ​ឡើយ ។

លោក គាត ហ៊ុ​ល បាន​បញ្ជាក់​ថា មន្ត្រី​គយ និង​រដ្ឋាករ រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ទប់ស្កាត់​ការ​លួចលាក់​បង្កប់​នាំ​ចូល​ទំនិញគេចពន្ធ ដើម្បី​ពង្រឹង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ និង​លុប​បំបាត់​ការ​លួច​នាំ​ចូល​ទំនិញ​ខូចគុណភាព ដែល​បាន​បង្កប់​តាម​ទំនិញ​ដែល​ពួក​គេ​លួច​នាំ​ចូល​ពី​ថៃ ។

កម្មករ​អូស​រទេះ​បាន​និយាយ​ថា មូលហេតុ​ដែល​ពួក​គាត់​អូស​រទេះដឹក​ទំនិញ​មក​ពី​ថៃ ទុក​ឱ្យ​កកស្ទះ​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺជា​ការ​តវ៉ា​សុំ​មិន​ឱ្យ​មានការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​តាម​រទេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រក​កម្រៃ​បន្តិចបន្តួច​នេះ​ជួប​ការ​លំបាក និង​សុំ​ឱ្យ​អនុគ្រោះ​ដូច​មុន ។ ពួក​គាត់​សង្ស័យ​ថា មាន​អ្នក​កាង​ទំនិញ​ខ្សែ​បក្ខពួក​ខ្លះ ត្រូវ​បាន​ដឹក​តាម​រទេះ​ចូល​យ៉ាង​រលូន គ្មាន​ការ​ឃាត់ឃាំង​ពី​មន្ត្រី​ជំនាញ ទើបបាន​ពួក​គាត់​ដែល​ស៊ីឈ្នួល​ដឹក​ដូច​គ្នា​បែរជា​ចាប់ បើ​បិទ​មិន​ឱ្យ​ដឹក​គឺ​បិទ​ទាំងអស់​គ្នា​ទើប​ស្មើភាព និង​យុត្តិធម៌​សម្រាប់​អ្នក​អត់​ខ្សែ ។

ដូចនេះ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ថ្លែង​ថា ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺជា​ច្រក​ទ្វារ​អន្តរជាតិ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចេញ​-​ចូល​ឆ្លងកាត់ ឯ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ សម្រាប់​រថយន្ត​ដឹក​ទំនិញ​ចេញចូល ។ ជា​ការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​លើ​សម្ភារៈ​ប្រើប្រាស់​អ្នកដំណើរ​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មន្ត្រី​គយ​និង
រដ្ឋាករ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​បាន​ធ្វើការ​ត្រួតពិនិត្យ​សម្ភារៈ​ប្រើប្រាស់​របស់​អ្នកដំណើរ​ជា​ភ្ញៀវ​ទេសចរ និង​រថយន្ត​ចេញចូល​កម្ពុជា​និង​ថៃ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បន្ត​ថា ក្រោយ​ពី​មន្ត្រី​គយ​និង​រដ្ឋាករ សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​នេះ ក៏​មានការ​ផ្សាយ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​ថា មន្ត្រី​គយ​និង​រដ្ឋាករ​ចាប់​ឃាត់​អីវ៉ាន់​កម្មករអូរ​រទេះ​បន្តិចបន្តួច រហូត​ដល់​ប្រើ​ហិង្សា​ទៅ​លើ
កម្មករ​ថែម​ទៀត ។ ព័ត៌មាន​ទាំងនោះ​លោក​សូម​ច្រានចោល ព្រោះ​គ្មាន​ការ​ពិត​ឡើយ ។ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជា​ច្រក​សម្រាប់​តែ​ភ្ញៀវជាតិ​និង​អន្តរជាតិ​ឆ្លងកាត់​ចេញចូល ហើយ​ធ្វើ
ការ​ត្រួតពិនិត្យ​លើ​សម្ភារៈ​ភ្ញៀវ​ចេញចូល​ដែលដឹក​តាម​រទេះ​និង​រថយន្ត ដើម្បី​ទប់ស្កាត់​ការ​លួច​បង្កប់​ទំនិញ​ជាប់ពន្ធ​និង​ខុសច្បាប់ ឬ​ខូចគុណភាព ។

លោក​បញ្ជាក់​ថា ទំនិញ​គ្រប់​ប្រភេទ​ដែល​ដឹក​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ហើយ
ដែល​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​គឺ​បង់ពន្ធ​ត្រឹមត្រូវ ។ ប៉ុន្តែ នៅ​ច្រក​ប៉ោយ​ប៉ែ​ត មាន​ករណី​បង
ប្អូន​កម្មករ​អូស​រទេះ​មួយ​ចំនួន​តូច មិន​ព្រម​ស្តាប់តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច នៅ​មាន​លួច
បង្កប់​ទំនិញ​ហាមឃាត់​តាម​រទេះ​ដូច​សត្វ​កណ្តៀរជញ្ជូន​ស្បៀង ធ្វើ​ឱ្យ​បាត់​ចំណូល​ថវិការដ្ឋ​ជា​ច្រើន ។

ពួក​គាត់​ខ្លះ​មិន​ព្រម​សហការ​នៅ​ពេល​ស្នើ​សុំ​ត្រួតពិនិត្យ និង​តែងតែ​ប្រើ​ពាក្យ​សម្តី​អាកប្បកិរិយា
មិន​សមរម្យ​ស្រែក​ឡូឡា ធ្វើ​ឲ្យ​រំខាន​និង​ប៉ះពាល់​ដាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ