ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Bank ៖ ប្រជាជនលីបង់ម្នាក់ក្នុងចំណោម​៣​​​នាក់ ស្ថិតក្នុងភាពក្រីក្រ

3 អាទិត្យ មុន

ប្រទេសលីបង់ ៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank កាលពីថ្ងៃទី២៣ ខែ

ប្រទេសលីបង់ ៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានបង្ហាញថា មួយភាគបី នៃប្រជាជនលីបង់ស្ថិតក្នុងភាពក្រីក្រ ជាមួយអត្រានៃភាពក្រីក្រកើនឡើង៣ដងក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ខណៈប្រទេសនៅអាស៊ីខាងលិចមួយនេះ ប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ច និងសង្រ្គាមនៅភាគខាងត្បូងជាច្រើនឆ្នាំ។

យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ធនាគារពិភពលោក បានបង្ហាញក្នុងរបាយការណ៍ដែលគ្របដណ្ដប់ប្រហែល ៦០% នៃចំនួនប្រជាជនរបស់ប្រទេសលីបង់ថា មនុស្សម្នាក់ក្នុងចំណោមបីនាក់ ស្ថិតក្នុងភាពក្រីក្រ នៅឆ្នាំ ២០២២។ ទោះយ៉ាងណា ធនាគារពិភពលោក មិនអាចប្រមូលទិន្នន័យចេញពីតំបន់ Hermel ភាគខាងកើត ឬផ្នែកខ្លះនៃភាគខាងត្បូងរបស់លីបង់ ដែលជាទីតាំងក្រុមសកម្មប្រយុទ្ធហេប៊ូឡា និងកងកម្លាំងប្រទេសអ៊ីស្រាអែលកំពុងបាញ់ផ្លោងដាក់គ្នា ឆ្លងព្រំដែនអស់ពេលជាច្រើនខែ បន្ទាប់ពីការចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្គាហ្សា។

របាយការណ៍ដដែលបន្តថា ភាពក្រីក្ររបស់ជនជាតិលីបង់ មិនត្រឹមតែកើនឡើង៣ដង រហូតដល់ ៣៣% នៅ១ទសវត្សរ៍ចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានធ្លាក់ចូលទៅក្នុងភាពក្រីក្រកាន់តែខ្លាំងឡើងថែមទៀត។ អត្រានៃភាពក្រីក្របានកើនដល់ ៧០% នៅក្នុងតំបន់ Akkar ដែលមានព្រំប្រទល់ជាប់នឹងប្រទេសស៊ីរី។ ការរកឃើញនេះបានគូសបញ្ជាក់ពីតម្រូវការដ៏ចាំបាច់បំផុត ដើម្បីកែលម្អការកំណត់គោលដៅជនក្រីក្រ និងពង្រីកការគ្របដណ្ដប់ និងកាន់តែស៊ីជម្រៅនៃកម្មវិធីជំនួយសង្គម។

ប្រទេសលីបង់បានបញ្ជាក់ថា បច្ចុប្បន្នខ្លួនទទួលប្រជាជនប្រហែល២លាននាក់ មកពីប្រទេសស៊ីរី ដែលជាចំនួនជនភៀសខ្លួនខ្ពស់បំផុតនៅលើពិភពលោក ដោយចំនួនជិត ៧៨៥,០០០នាក់ បានចុះឈ្មោះជាមួយអង្គការសហប្រជាជាតិ។ ធនាគារពិភពលោកបានគូសបញ្ជាក់ថា ប្រជាជនស៊ីរី បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយរបាយការណ៍បង្ហាញថា ស្ទើរតែ៩នាក់ក្នុងចំណោម​១៩នាក់ នៃប្រជាជនស៊ីរី គឺស្ថិតក្នុងភាពក្រីក្រ។ ក្រៅពីស៊ីរី, ប្រទេសលីបង់ក៏ជាជម្រកជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើននាក់ផងដែរ។

របាយការណ៍បង្ហាញថា វិបត្តិអូសបន្លាយនៅក្នុងប្រទេសលីបង់បានបង្ខំក្រុមគ្រួសារក្នុងប្រទេសនេះ កាត់បន្ថយការប្រើប្រាស់ និងចំណាយផ្សេងៗ រួមទាំងម្ហូបអាហារ ក៏ដូចជា ការចំណាយលើសេវាសុខភាពផងដែរ។ ស្របពេលអសន្តិសុខស្បៀងកំពុងកើនឡើងក្នុងប្រទេស ដែលមនុស្សជាច្រើនបានស្លាប់ ដោយសារភាពអត់ឃ្លាន។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសលីបង់បានដួលរលំនៅចុងឆ្នាំ ២០១៩ ដោយបានធ្វើឱ្យប្រជាជនភាគច្រើនធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ អ្នកនយោបាយមិនចុះសម្រុងគ្នា ដែលត្រូវបានចោទប្រកាន់យ៉ាងទូលំទូលាយពីការប្រព្រឹត្តិអំពើពុករលួយ ដោយមិនអាចបង្កើតកិច្ចព្រមព្រៀងលើវិធានការ ដើម្បីសង្គ្រោះសេដ្ឋកិច្ចប្រទេសជាតិ។

ប្រទេសលីបង់ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចាំផ្ទះអំណាចមានដែនកំណត់ និងគ្មានប្រធានា​ធិបតីអស់រយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលសមាជិកសភាបានបរាជ័យម្ដងហើយម្ដងទៀត នៅ​ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី៕ (ប្រភព ៖ AFP រូបភាព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ