ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីលួ.ចឡានសាំយ៉ុងនៅភូមិចា.ក់ជ្រូកកាល​៣ថ្ងៃមុន ឈានដល់ការឃាត់ខ្លួនប្រុសស្រី៥នាក់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណីលួចរថយន្តសាំយ៉ុង១គ្រឿងនៅក្នុងភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ដែល

រាជធានី​ភ្នំពេញ ៖ ករណីលួចរថយន្តសាំយ៉ុង១គ្រឿងនៅក្នុងភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ដែលម្ចាស់ផ្ញើរទុកនៅមុខផ្ទះអ្នកភូមិកាលពី៣ថ្ងៃមុននោះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ សហការណ៍ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ នគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលប៉ុស្តិ៍សំរោងក្រោម ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ ។

ប្រតិបត្តិការខាងលើ​នេះបានធ្វើឡើងកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ១ក្រុមនោះមានប្រុសចំនួន៤នាក់និងស្រីម្នាក់ និងពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក្រោយពេលឃាត់ខ្លួនបានភ្លាម នគរបាលបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យភ្លាមៗដែរ ។ ដើម្បីធ្វើការសាកសួរ ចំណែកនគរបាលមួយរូបបានបង្ហើបប្រាប់ថា ការចាប់ខ្លួនជនសង្ស័យនេះគឺចំមុខសញ្ញាចោរលួចរថយន្តសាំយ៉ុងនៅក្នុងចាក់ជ្រូក សង្កាត់សំរោងក្រោម កាលពី៣ថ្ងៃមុននោះហើយ ។

មន្រ្តីនគរបាលរូបនោះបានប្រាប់បន្ថែមទៀតថា ប៉ុន្តែជាក់ស្ដែងពេលទៅដល់ពុំទាន់រកឃើញរថយន្តនោះនៅឡើយទេ ដោយពុំដឹងថាក្រុមនេះយកទៅលក់ ឬ លាក់ទុកនៅកន្លែងណាឡើយ ព្រោះទើបតែឃាត់ខ្លួនមិនទាន់បានសួរនាំឲ្យបានលម្អិតនៅឡើយទេ ។ ខណៈនោះកម្លាំងនគរបាលដកហូតបានតែម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅពក់ស្លាកលេខភ្នំពេញ1KG-8209 ប៉ុណ្ណោះ តែទោះបីជាបែបណារថយន្តនៅទីណានោះគង់តែដឹងនៅពេលដែលការសួរចម្លើយដំណើរការពេញលេញនោះទេ ព្រោះជនសង្ស័យមិនអាចលាក់បាំងជាមួយនគរបាលជំនាញបានឡើយ ។

សូម​រំលឹកឡើងវិញ​ថា បុរសម្នាក់ដោយសារតែផ្ទះរបស់គាត់គ្មានកន្លែងសម្រាប់ទុករថយន្ត គាត់ក៏បានយករថយន្តរបស់គាត់១គ្រឿងទៅផ្ញើរទុកនៅមុខផ្ទះអ្នកភូមិដែលគាត់ធ្លាប់ផ្ញើររាល់ថ្ងៃ បន្ទាប់មកក៏បានចូលទៅដេកនៅក្នុងផ្ទះ ហើយក៏លង់លក់រហូតដល់ភ្លឺ ។ លុះក្រោកពីដំណេករៀបចំខ្លួនប្រាណរួចរាល់គាត់បានដើរទៅយករថយន្ត ដើម្បីបើកចេញដំណើរទៅដឹកសម្ភារៈរោងចក្រដូចរាល់ថ្ងៃ ក៏ស្រាប់តែស្រឡាំងកាំង ព្រោះអីរថយន្តរបស់គាត់ ត្រូវចោរលួចបាត់យកទៅហើយ ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសដែលបាត់រថយន្តខាងលើនោះឈ្មោះឡឹង សេរីវុធ អាយុ២៩ឆ្នាំ មុខរបរដឹកសម្ភាររោងចក្រ មានទីលំនៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែករថយន្តរបស់គាត់ដែលចោរលួចយកទៅបាត់នោះម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-5435 ។

គាត់បានប្រាប់សមត្ថកិច្ចថា គាត់គ្មានកន្លែងសម្រាប់ទុករថយន្តទេ ហើយតែងតែយករថយន្តទៅផ្ញើរនៅមុខផ្ទះកើតហេតុនោះរាល់ថ្ងៃ ដោយកន្លងមកពុំដែលមានបញ្ហានោះទេ លុះដល់វេលាយប់ថ្ងៃកើតហេតុខាងលើ ក៏មិនខុសពីសព្វមួយដងដែរ គាត់បានយករថយន្តទៅទុកទៅមុខផ្ទះនោះទៀត ។ បន្ទាប់មកក៏បានចូលទៅដេកនៅក្នុងផ្ទះរបស់គាត់ ហើយក៏បានលង់លក់រហូតដល់ភ្លឺតែម្ដង បន្ទាប់មកនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២២ ខែឧសភា គាត់បានទៅយករថយន្តដើម្បីបើកទៅដឹកសម្ភារៈរោងចក្រ ក៏ស្រាប់តែចោរលួចរថយន្តបាត់ ទើបមានការភ្ញាក់ផ្អើល ។

ម្ចាស់រថយន្តបានប្រាប់សមត្ថកិច្ចទៀតថា គាត់ពុំបានដឹងថាចោរលួចរថយន្តទៅតាំងពីពេលណានោះទេ ហើយក៏បានឆែកកាេមរ៉ាដែលបំពាក់នៅផ្ទះកើតហេតុនោះមើល ទើបបានឃើញនិងដឹងថា ចោរចូលទៅលួចរថយន្តគាត់នៅវេលាម៉ោង២និង៤នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ។ ក្រោយមកគាត់ក៏បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោមដើម្បីឲ្យជួយអន្តរាគមន៍ស្រាវជ្រាវរកក្រុមចោរនិងរថយន្តរបស់គាត់មកវិញផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ