ទីក្រុងវ៉ាស៊ីនតោន៖ ប្រទេសអាមេរិកត្រៀមប្រកាសគម្រោងផ្ដល់ជំនួយយោធាដែលគិតជាទឹកប្រាក់២៧៥លានបន្ថែមទៀតសម្រាប់អ៊ុយក្រែននៅថ្ងៃសុក្រនេះនៅពេលទីក្រុងកៀវកំពុងខិតខំទប់ទល់ទាំងត្រដាបត្រដួសនៅចំពោះនៃការវាយរុលទៅមុខរបស់ទាហានរុស្ស៊ីនៅសមរភូមិខាគីវ។ នេះបើយោងតាមមន្ត្រីយោធាអាមេរិក២នាក់បង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានអេភី។

បើពិតដូចការបង្ហើបឱ្យដឹងនេះមែន មានន័យថាជាការបញ្ជូនជំនួយយោធារបស់អាមេរិកលើកទី៤ទៅអ៊ុយក្រែនចាប់តាំងពីសភាអាមេរិកបោះឆ្នោតអនុម័តកញ្ចប់ជំនួយជាង៦១ពាន់លានដុល្លារកាលពីខែមេសា ឆ្នាំ២០២៤។ ម៉្យាងទៀត គម្រោងផ្ដល់ជំនួយលើកនេះក៏កើតឡើងចំពេលដែលរដ្ឋាភិបាលរបស់លោកបៃដិនសន្យាថាលើកនេះមិនឱ្យអាវុធរបស់អ៊ុយក្រែនអស់ពីស្តុកទាន់ទេ (ដាច់ស្តុក)។ ត្រូវតែខិតខំដាក់បំពេញឱ្យបានទាន់ពេលវេលា ហើយដឹកជញ្ជូនទៅសមរភូមិមុខជាប់ជាប្រចាំ។

គេដឹងថានៅក្នុងកញ្ចប់ជំនួយយោធាលើកនេះមានជើងទម្របាញ់កាំជ្រួចហ្វូង ឬហាយម៉ាស់ (HIMARS), កាំភ្លើងធំ១៥៥មិល្លីម៉ែត្រ និង១០៥មិល្លីម៉ែត្រ។ ក្រៅពីនេះនៅមានជំនួយបន្ថែមនៅក្នុងកញ្ចប់នោះទៀតដូចជាមីស៊ីលម៉ាកចាវើលីន និងអាតេបួន (Javelin & AT-4) សម្រាប់បាញ់រថក្រោះ, គ្រាប់មីនប្រឆាំងរថក្រោះ, យានជំនិះ, អាវុធធុនតូច និងគ្រាប់កាំភ្លើង។

គម្រោងផ្ដល់ជំនួយនេះក៏ធ្វើឡើងក្រោយកិច្ចប្រជុំប្រចាំខែរបស់មន្ត្រីយោធាកំពូលៗចំនួន៥០រូបដែលមកពីសហភាពអឺរ៉ុប និងប្រទេសដទៃទៀត។ ពួកគេជួបគ្នាកាលពីថ្ងៃចន្ទដើម្បីពិគ្រោះគ្នាអំពីការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន។ នៅក្នុងកិច្ចជំនួបនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកអូស្ទីន ថ្លែងថាអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាពិបាកនៅពេលរុស្ស៊ីបើកសមរភូមិជាថ្មីនៅខាងគីវដែលជាទីក្រុងធំលំដាប់ទី២របស់អ៊ុយក្រែន។ លោកសន្យាថានឹងបញ្ជូនអាវុធទៅសមរភូមិមួយអាទិត្យម្ដងៗ។

ប្រទេសរុស្ស៊ីដឹងថាអ៊ុយក្រែនកំពុងទន់ដៃទន់ជើងនៅចំពោះមុខនៃការខ្វះខាតគ្រាប់រំសេវ និងកម្លាំងប្រយុទ្ធ។ ដូច្នេះ រុស្ស៊ីចង់ឆ្លៀតឱកាសនេះវាយប្រហារអ៊ុយក្រែនកាន់តែខ្លាំងដើម្បីមានប្រៀបនៅលើសមរភូមិយោធា។ ចំណែកអ៊ុយក្រែនវិញមិនអាចធ្វើអ្វីកើតទេក្រៅពីអង្គុយចាំការទម្លាក់ជំនួយពីប្រទេសអាមេរិកដូចអ្នកជំងឺម្នាក់ដែលរង់ចាំគេបន្តោកសេរ៉ូមឱ្យតែប៉ុណ្ណោះ។

រយៈពេលមួយខែចាប់តាំងពីលោកបៃដិនចុះហត្ថលេខាលើកញ្ចប់ជំនួយ៩៥ពាន់លានដុល្លារដែលមាន៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនផងដែរនោះ អាមេរិកបានផ្ដល់អាវុធទៅឱ្យអ៊ុយក្រែនគិតជាទឹកប្រាក់១៧០០លានដុល្លាររួចហើយ។

មន្ទីរបញ្ចកោណក៏ប្រកាសអំពីគម្រោងផ្ដល់ថវិកា៦ពាន់លានដុល្លារផងដែរសម្រាប់គម្រោងសន្តិសុខជាតិអ៊ុយក្រែន។ នេះជាការចុះកិច្ចសន្យាជាមួយរោងចក្រផលិតអាវុធសម្រាប់រយៈពេលវែង។ បើទុកជាអ៊ុយក្រែនទទួលបានអាវុធតាមរយៈគម្រោងនេះក៏ត្រូវការពេលជាច្រើនខែឆ្នាំតទៅមុខទៀត។

ឥឡូវនេះ អ្វីដែលអ៊ុយក្រែនកំពុងសង្ឃឹមខ្លាំងជាងគេគឺគម្រោងផ្ដល់ជំនួយលើកទី៤នេះដូចដែលមន្ត្រី២រូបបានបង្ហើបឱ្យដឹង។ គួរកត់សម្គាល់ថាបើគិតទាំងជំនួយលើកទី៤នេះទៀត ប្រទេសអាមេរិកបានផ្ដល់ជំនួយយោធាគិតជាទឹកប្រាក់ជិត៥១ពាន់លានដុល្លាររួចហើយសម្រាប់អ៊ុយក្រែនគិតចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងជាលើកដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០២២៕
ចែករំលែកព័តមាននេះ