(ចិន)៖ វីដេអូមួយដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមរបស់ប្រទេសចិន នូវសកម្មភាពបុរសជាឪពុក បានលុតជង្គង់សុំទោសកូនស្រីរបស់គាត់ដែលមិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញ iPhone ឱ្យនាង។

យោងតាមវីដេអូដែលថតដោយអ្នកថ្មើរជើងនៅក្រុង Taiyuan ក្នុងខេត្ត Shanxi ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃទី០៤ ខែឧសភា អ្នកថតវីដេអូឃ្លីបនោះបាននិយាយថា ការឈ្លោះប្រកែកគ្នារវាងឪពុក និងកូនគឺខ្លាំងពេក ដែលធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់អាចស្តាប់បានយ៉ាងច្បាស់។
កូនស្រីបានស្រែកដាក់ឪពុកថា៖ «ឪពុកម្ដាយផ្សេងទៀតអាចទិញ iPhone ឲ្យកូនបាន ហេតុអ្វីអ្នកគ្មានលុយ?»។ ដោយប្រឈមមុខនឹងការស្តីបន្ទោសពីកូនស្រី ឪពុកបានលុតជង្គង់ចុះ ងក់ក្បាល ហាក់បីដូចជាបន្ទោសខ្លួនឯងថាគ្មានសមត្ថភាព និងគ្មានប្រយោជន៍ និងអាណិតកូនស្រីរបស់គាត់។ បន្ទាប់មកកូនស្រីបានព្យាយាមទាញឪពុកនាងដោយស្រែកថា៖ «ក្រោកឡើង! ក្រោកឡើងឲ្យលឿន!»។

អ្នកស្ថិតនៅក្នុងហេតុការណ៍បាននិយាយថា ពួកគេពិតជាមានការអាណិតដល់បុរសជាឪពុក និងខឹងសម្បារទៅលើនារីជាកូន ដែលមិនចេះអាណិតដល់អ្នកមានគុណ។
វីដេអូឃ្លីបនោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមរបស់ចិន មានអ្នកទស្សនាជាង៩០លានviews នៅលើ Weibo និង ៦លាន views នៅលើ TikTok ក្លាយជាប្រធានបទនៃការពិភាក្សាដ៏ក្តៅគគុក។ អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើនបានថ្កោលទោសក្មេងស្រី និងរិះគន់ឪពុកដែលមិនបានអប់រំកូនឱ្យបានត្រឹមត្រូវ៕ ប្រភព៖ SCMP
ចែករំលែកព័តមាននេះ