ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​លួច​រថយន្ត​សាំ​យ៉ុ​ង នៅ​ភូមិ​ចាក់​ជ្រូក កាលពី​៣​ថ្ងៃមុន ឈាន​ដល់​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥​នាក់

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ករណី​លួច​រថយន្ត​សាំ​យ៉ុ​ង ១​គ្រឿង នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ដែល​ម្ចាស់​ផ្ញើរ​ទុក​នៅ​មុខ​ផ្ទះ​អ្នក​ភូមិ​កាលពី ៣​ថ្ងៃមុន​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ករណី​លួច​រថយន្ត​សាំ​យ៉ុ​ង ១​គ្រឿង នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ដែល​ម្ចាស់​ផ្ញើរ​ទុក​នៅ​មុខ​ផ្ទះ​អ្នក​ភូមិ​កាលពី ៣​ថ្ងៃមុន​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន​០៥​នាក់ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​១​ក្រុម​នោះ មាន​ប្រុស​ចំនួន​៤​នាក់ និង​ស្រី​ម្នាក់ និង​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ក្រោយ​ពេល​ឃាត់ខ្លួន​បាន​ភ្លាម នគរបាល​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាម​ៗ​ដែរ ដើម្បី​ធ្វើការ​សាកសួរ ។
យោង​តាម​មន្ត្រី​នគរបាល​មួយ​រូប បាន​បង្ហើប​ប្រាប់​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ គឺ​ចំ​មុខសញ្ញា​ចោរលួច​រថយន្ត​សាំ​យ៉ុ​ង នៅ​ក្នុង​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម កាលពី​៣​ថ្ងៃមុន​នោះ​ហើយ ។

មន្ត្រី​នគរបាល​រូប​នោះ បាន​ប្រាប់​បន្ថែម​ទៀត​ថា ប៉ុន្តែ​ជាក់ស្ដែង​ពេល​ទៅ​ដល់​ពុំ​ទាន់​រក​ឃើញ​រថយន្ត​នោះ​នៅឡើយ​ទេ ដោយ​ពុំ​ដឹង​ថា ក្រុម​នេះ​យក​ទៅ​លក់ ឬ​លាក់​ទុក​នៅ​កន្លែង​ណា​ឡើយ ព្រោះ​ទើបតែ​ឃាត់ខ្លួន​មិន​ទាន់​បាន​សួរនាំ​ឲ្យ​បាន​លម្អិត​នៅឡើយ​ទេ ។ ខណៈនោះ​កម្លាំង​នគរបាល​ដកហូត​បាន​តែ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥​ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KG-8209 ប៉ុណ្ណោះ ។ តែ​ទោះបីជា​បែប​ណា រថយន្ត​នៅ​ទីណា​នោះ គង់តែ​ដឹង​នៅ​ពេល​ដែល​ការ​សួរ​ចម្លើយ​ដំណើរការ​ពេញលេញ​នោះ​ទេ ព្រោះ​ជនសង្ស័យ​មិន​អាច​លាក់បាំង​ជាមួយ​នគរបាល​ជំនាញ​បាន​ឡើយ ។

សូម​រំឭក​ថា បុរស​ម្នាក់​ដោយសារ​តែ​ផ្ទះ​របស់​គាត់​គ្មាន​កន្លែង​សម្រាប់​ទុក​រថយន្ត គាត់​ក៏​បាន​យក​រថយន្ត​របស់​គាត់ ១​គ្រឿង​ទៅ​ផ្ញើរ​ទុក​នៅ​មុខ​ផ្ទះ​អ្នក​ភូមិ ដែល​គាត់​ធ្លាប់​ផ្ញើរ​រាល់ថ្ងៃ បន្ទាប់​មក​ក៏​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ ហើយ​ក៏​លង់លក់​រហូត​ដល់​ភ្លឺ លុះ​ក្រោកពីដំណេក​រៀបចំខ្លួនប្រាណ រួចរាល់​គាត់ បាន​ដើរទៅ​យក​រថយន្ត ដើម្បី​បើក​ចេញដំណើរ​ទៅ​ដឹក​សម្ភារ​រោងចក្រ ដូច​រាល់ថ្ងៃ ក៏​ស្រាប់តែ​ស្រឡាំងកាំង ព្រោះ​អី​រថយន្ត​របស់​គាត់ ត្រូវ​ចោរលួច​បាត់​យក​ទៅ​ហើយ ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ ២០២៤ នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ដែល​បាត់​រថយន្ត​ខាងលើ​នោះ​ឈ្មោះ​ឡឹ​ង សេរី​វុ​ធ អាយុ​២៩​ឆ្នាំ មុខរបរ​ដឹក​សម្ភារ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ឫស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។ ចំណែក​រថយន្ត​របស់​គាត់​ដែល​ចោរលួច​យក​ទៅ​បាត់​នោះ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-5435 ។

គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​គ្មាន​កន្លែង​សម្រាប់​ទុក​រថយន្ត​ទេ ហើយ​តែងតែ​យក​រថយន្ត​ទៅ​ផ្ញើរ​នៅ​មុខ​ផ្ទះ​កើតហេតុ​នោះ​រាល់ថ្ងៃ ដោយ​កន្លង​មក​ពុំដែល​មាន​បញ្ហា​នោះ​ទេ លុះដល់​វេលា​យប់​ថ្ងៃ​កើតហេតុ​ខាងលើ ក៏​មិន​ខុស​ពី​សព្វមួយដង​ដែរ គាត់​បាន​យក​រថយន្ត​ទៅ​ទុក​ទៅ​មុខ​ផ្ទះ​នោះ​ទៀត ។ បន្ទាប់​មក​ក៏​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​របស់​គាត់ ហើយ​ក៏​បាន​លង់លក់​រហូត​ដល់​ភ្លឺ​តែ​ម្ដង បន្ទាប់​មក​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា គាត់​បាន​ទៅ​យក​រថយន្ត​ដើម្បី​បើក​ទៅ​ដឹក​សម្ភារៈ​រោងចក្រ ក៏​ស្រាប់តែ​ចោរលួច​រថយន្ត​បាត់ ទើប​មានការ​ភ្ញាក់ផ្អើល ។

ម្ចាស់​រថយន្ត​បាន​ប្រាប់​សមត្ថកិច្ច​ទៀត​ថា គាត់​ពុំ​បានដឹង​ថា​ចោរលួច​រថយន្ត​ទៅ​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​ក៏​បាន​ឆែក​កាមេរ៉ា​ដែល​បំពាក់​នៅផ្ទះ​កើតហេតុ​នោះ​មើល ទើបបាន​ឃើញ និង​ដឹង​ថា ចោរ​ចូល​ទៅ​លួច​រថយន្ត​គាត់​នៅ​វេលា​ម៉ោង​២​និង​៤​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែឧសភា ។ ក្រោយមក​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សំរោង​ក្រោម​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រក​ក្រុម​ចោរ​និង​រថយន្ត​របស់​គាត់​មក​វិញ​ផង​៕

អត្ថបទសរសេរ ដោយ