ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ឆ្កែ​យន្ត​សង្គ្រាម​» នៅ​ក្នុង​សមយុទ្ធ​នៅ​កម្ពុជា​កំពុង​តែ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពេញ​ពិភពលោក

3 អាទិត្យ មុន

វត្តមាននៃ «ឆ្កែយន្តសង្រ្គាម» ដែលកងទ័ពរំដោះប្រជាជនចិន បាននាំយកមកចូលរួមនៅក្នុង ព្រឹត្តិការណ៍នៃការរៀបចំសមយុទ្ធរួមគ្នារវាងកម្ពុជា និងចិន ដែលគេហៅថា សមយុទ្ធ «នាគមាស» ឆ្នាំ២០២៤ថ្មីៗនេះកំពុងតែទាក់ទាញការចាប់អារម្មណ៍ពេញពិភពលោក…

វត្តមាននៃ «ឆ្កែយន្តសង្រ្គាម» ដែលកងទ័ពរំដោះប្រជាជនចិន បាននាំយកមកចូលរួមនៅក្នុង ព្រឹត្តិការណ៍នៃការរៀបចំសមយុទ្ធរួមគ្នារវាងកម្ពុជា និងចិន ដែលគេហៅថា សមយុទ្ធ «នាគមាស» ឆ្នាំ២០២៤ថ្មីៗនេះកំពុងតែទាក់ទាញការចាប់អារម្មណ៍ពេញពិភពលោក ។​

កងទ័ពរំដោះប្រជាជនចិន បានបង្ហាញនូវឧបករណ៍សង្រ្គាមមួយនេះ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន នៅពេលចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន ខណៈដែលសហរដ្ឋអាមេរិកបានលើកឡើងពីព្រួយបារម្ភអំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ។

សារព័ត៌មានបរទេសបានរាយការណ៍យ៉ាងព្រោងព្រាតអំពី «ឆ្កែយន្តសង្គ្រាម» នេះ ។ សមយុទ្ធនេះ មានកងកម្លាំងសរុបជាង២០០០ នាក់ ដោយនៅក្នុងនោះកងទ័ពរំដោះប្រជាជនចិនមានប្រមាណជា៧៦០នាក់ ដោយមានការចូលរួមដោយនាវាចម្បាំង ១៤គ្រឿង ឧទ្ធម្ភាគចក្រពីរគ្រឿង រថពាសដែក និងរថក្រោះចំនួន​៦៩គ្រឿង ប៉ុន្តែភាគច្រើនជាអាវុធយុទ្ធភ័ណ្ឌដែលកងកម្លាំងទាំងពីរធ្លាប់បានបង្ហាញរួចមកហើយ ប៉ុន្តែអ្វីដែលទំនើបបំផុតនោះគឺ «ឆ្កែយន្តសង្រ្គាម» ដែលគេជឿថា ជាឧបករណ៍សង្រ្គាមដ៏ទំនើបអាចយកមកបំពាក់ និងធ្វើទំនើបកម្មកងទ័ពតាមរយៈការបញ្ជាគ្រប់គ្រងសមរភូមិពីចម្ងាយជាមួយនឹងកាំភ្លើងស្វ័យ ប្រវត្តិដែលដាក់នៅលើខ្នងរបស់វា ។

ចំណែកសារព័ត៌មាន Southern China Morning Post  បានរាយការណ៍ កាលពីខែមីនា ឆ្នាំ២០២៤ថ្មីៗនេះថា  អ្នកវិទ្យាសាស្ត្រចិនរកឃើញថា ឆ្កែយន្តដែលអាចបំពាក់កាំភ្លើ.ងយន្តស្វ័យប្រវត្តិអាចបាញ់បានត្រង់បំផុតរបស់ខ្លួន ។

ប្រភពដដែលបានបន្តថា ជាមួយនឹងឧបករណ៍សង្រ្គាមថ្មីនេះចិនបានឈានដល់ការបង្កើត ឡើងនូវកងអនុសេនាធំនៃកងទាហានឆ្កែយន្តសង្រ្គាម ដែលជាកងបច្ចេកវិទ្យា អេឡិចត្រូនិច ថ្មីថ្មោងបំផុតមួយរបស់មហាអំណាចនេះ ។ ឯកសារដែលចេញផ្សាយដោយយោធាចិន តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះបានបង្ហាញថា សត្វឆ្កែទាំងនេះ មួយចំនួនកំពុងត្រូវបានបំពាក់អាវុធ និងដាក់ចូលទៅក្នុងសមយុទ្ធយោធា ។

គេនៅមិនទាន់ដឹងថា ឆ្កែយន្តសង្រ្គាមដែលបង្ហាញវត្តមាននៅកម្ពុជាដូចនឹងឆ្កែយន្តដែលសារព័ត៌មានខាងលើចុះផ្សាយ ឬអត់ទេ ប៉ុន្តែប្រសិនបើវាដូចគ្នា នោះវាគឺជាឧបករណ៍សង្រ្គាមដ៏ទំនើបបំផុតដែលគេអាចបំពាក់កាំភ្លើ.ងយន្ត៧,៦២ មីលីម៉ែត្រ ហើយ​អាច​បា.ញ់​បានរហូតដល់ ៧៥០គ្រា.ប់ ​ក្នុង​មួយ​នាទីហើយវាអាចបា.ញ់ចំគោលដៅដែលមានទំហំប៉ុនមនុស្ស ដ៏សុក្រិតបំផុត នៅក្នុងរង្វង់ចម្ងាយ១០០ម៉ែត្រ ។

អ្នកជំនាញបានលើកឡើងថា «ឆ្កែយន្តសង្រ្គាម» វាមានប្រសិទ្ធភាពបំផុត នៅក្នុងការបំពេញ បេសកម្មនៅក្នុងរង្វង់ប្រតិបត្តិការប្រឆាំងភេរវកម្ម បេសកកម្មជួយសង្គ្រោះចំណាប់ខ្មាំង ដែលជាសមរភូមិដែលកំពុងតែកើតមាននៅក្នុងសង្រ្គាមនាសម័យបច្ចុប្បន្ន ។

តាមការប៉ាន់ស្មានតម្លៃរបស់ «ឆ្កែយន្តសង្រ្គាម» នេះនៅក្នុងមួយក្បាលអាចចន្លោះពី៧ម៉ឺនទៅ ១៤ ម៉ឺនដុល្លារ  ខណៈដែលឆ្កែយន្តកម្សាន្តអាចមានតម្លៃខ្ទង់៣០០០ ទៅ៤០០០ ដុល្លារនៅ ក្នុងមួយគ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ