ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អនាគត​របស់​កម្ពុជា​ ជាមួយ​ជប៉ុន ក្នុង​ក្រសែភ្នែក​ឯកអគ្គរាជទូត​»

3 អាទិត្យ មុន
  • ភ្នំពេញ

ដោយ ៖ ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ នៅ​កម្ពុជារាជធានី​ភ្នំពេញ ៖ ជម្រាបសួរ !…

ដោយ ៖ ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ នៅ​កម្ពុជា
រាជធានី​ភ្នំពេញ ៖ ជម្រាបសួរ ! អ្នក​អាន​កាសែត «​កោះសន្តិភាព​» ទាំងអស់​ជាទី​រាប់អាន ។​ ខ្ញុំ​ឈ្មោះ អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ជា​ឯកអគ្គរាជទូត​ជប៉ុន ។ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លះ​ហើយ ដែល​ខ្ញុំ​បាន​មក​ដល់​រាជធានី​ភ្នំពេញ​ក្នុង​នាម​ជា​ឯកអគ្គរាជទូត ហើយ​ខ្ញុំ​តែងតែ​ទទួល​បានការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ប្រជាជន​កម្ពុជា មិន​ថា​ខ្ញុំ​ទៅ​ទីណា ឬ​ជួប​នរណា​នោះ​ទេ ។ ក្នុង​អំឡុងឆ្នាំ​ស្នាក់​នៅ​របស់ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​សប្បាយចិត្ត​ដែល​បានដឹង​ច្បាស់​ថា កម្ពុជា​មាន​ភាព​រួសរាយរាក់ទាក់​យ៉ាងណា​ចំពោះ​ប្រទេស​ជប៉ុន ។

ជា​រឿង​ដែល​ត្រេកអរ គឺ​ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា​កាន់តែ​រឹង​មាំ​ជា​រៀង​រាល់​ឆ្នាំ ។ កាលពី​ឆ្នាំ​មុន គឺជា​ខួប​លើក​ទី ៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ជប៉ុន និងកម្ពុជា ហើយ​ក្នុង​ឱកាស​នោះ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​ត្រូវ​បាន​ដំឡើង​កម្រិត​ទៅ​ជា «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ។ លើស​ពី​នេះ​ទៀត ក៏​មានដំណើរ​ទស្សនកិច្ចយ៉ាង​សកម្ម​នៃ​ឥស្សរជន​រវាង​ប្រទេស​ទាំង​ពីរ គឺ​សម្តេច​មហា​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​បានចូល​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី កាលពី​ខែសីហា​ឆ្នាំ​មុន និង​នាយក​រដ្ឋមន្ត្រី គិ​ស៊ី​ដា ហ្វូ​មិ​អុ ដែល​បាន​បើក​កិច្ចប្រជុំ​កំពូល​ចំនួន​ពីរ​លើក​រួច​មក​ហើយ ។

ក្នុង​កិច្ចប្រជុំ​កំពូល​ជប៉ុន និង​កម្ពុជា រវាង​នាយក​រដ្ឋមន្ត្រី គិ​ស៊ី​ដា ហ្វូ​មិ​អុ និង សម្តេច ធិ​បតី​ហ៊ុន ម៉ា​ណែ​ត កាលពី​ខែធ្នូ ឆ្នាំ​មុន នៅ​ទីក្រុង​តូ​ក្យូ មេដឹកនាំ​ទាំង​ពីរ​បាន​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​ដូច​ជា ឌី​ជី​ថ​ល​នី​យ​កម្ម ថាមពល និង​ការ​លើកកម្ពស់​ការត​ភ្ជាប់ ។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឈរ​នាំមុខ​នៃ​ការ​អញ្ជើញ​សហគមន៍​ធុរកិច្ច​ជប៉ុន មក​បណ្តាក់ទុន​នៅ​កម្ពុជា និង​បាន​បង្ហាញ​ការ​រំពឹង​ទុក​យ៉ាង​មុតមាំ​ចំពោះ​ការ​វិនិយោគ​បន្ថែម ទៀត​របស់​ក្រុមហ៊ុន​ជប៉ុន ដោយ​បាន​ថ្លែង​នូវ​គោលការណ៍​សំខាន់​ៗ នៅ​ក្នុង​សិក្ខាសាលា​ស្តី ពី​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​ក្នុង​ឱកាស​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន និង​បាន​ជួប​ពិភាក្សា​ការងារ​យ៉ាង​ស្វាហាប់​ជាមួយ​អ្នក​ពាក់ព័ន្ធ​សហគ្រាស​ជប៉ុន​ជាដើម ។

កាលពី​ពេល​ថ្មី​ៗ​នេះ ពិធី​បើក​សម្ពោធ​រោងចក្រ​ដំឡើងរថយន្ត​តូ​យ៉ូ​តា បាន​ធ្វើ​ឡើង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្រោម​វត្តមាន​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និងឧ​ប​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ជា​ច្រើន​រូប​ដែល​ធ្វើ​ឱ្យ​យើង​មាន​ទំនុកចិត្ត​ថា នេះ​នឹង​នាំ​ឱ្យ​មានការកើនឡើង​នៃ​ការ​វិនិយោគ​ពី​ប្រទេស​ជប៉ុន ។ ក្នុង​នាម​ខ្ញុំ​ជា​ឯកអគ្គរាជទូត ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យអស់ពី​សមត្ថភាព ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ជប៉ុន ។

នៅ​ក្នុង​ការ​ត្រួតពិនិត្យ​រយៈពេល​បី​ឆ្នាំ​ម្តង នៃ​បញ្ជី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ដែលធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​សម្រាប់​គោលនយោបាយ​អភិវឌ្ឍន៍ (CDP) ក្នុង​ខែមីនា ឆ្នាំ​នេះ ប្រទេស​កម្ពុជា​ត្រូវ​បាន​ណែនាំ​ឱ្យ «​ចាកចេញ​» ពី​បញ្ជី LDC ហើយវា​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា កម្ពុជា​នឹង​ចាកចេញ​នៅ​ឆ្នាំ ២០២៩ ។ រដ្ឋាភិបាល​ជប៉ុន​នឹង​នៅ​តែ​បន្តផ្តល់​ការ​គាំទ្រ​ស្រប​តាម​បញ្ហា​អភិវឌ្ឍន៍​របស់​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ និង​ឯកជន​ប្រកបដោយ​ប្រសិទ្ធភាព ជា​ពិសេស​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដើម្បី​ឱ្យ​កម្ពុជាអាច​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព ទោះបីជា​បាន​ចាក​ចេញពី LDC ក៏​ដោយ ។

បច្ចុប្បន្ន​សហគមន៍​អន្តរជាតិ​បាន​និង​កំពុង​សាកល្បង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​សេរី និង​បើកចំហ​ដោយ​ផ្អែក​លើ​នីតិរដ្ឋ​តាម​វិធី​ជា​ច្រើន ។ ក្រៅពី​នេះ បញ្ហា​នានា​ដែល​ទាំង​ជប៉ុន និង​កម្ពុជា​កំពុង​ប្រឈម​មុខ​ក្នុង​សហគមន៍​អន្តរជាតិ គឺកាន់តែ​មាន​ភាព​ចម្រុះ និង​ស្មុគស្មាញ ដូច​ជា ការ​អភិវឌ្ឍ​នៃ​សង្គម​ឌី​ជី​ថ​ល ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​ជំងឺឆ្លង ។ ខ្ញុំ​ជឿ​ថា ការ​ដោះស្រាយ​បញ្ហាប្រឈម​ទាំងនេះ គឺជា​ការ​ដែល​តម្លៃពិត​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ត្រូវ​បានសាកល្បង ។ ខ្ញុំ​គិត​ថា «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» មាន​ន័យ​ថា ជប៉ុន និងកម្ពុជា ធ្វើការ​រួម​គ្នា​ជា​ដៃគូ ចាប់ដៃ​គ្នា ដើម្បី​ដោះស្រាយ មិន​ត្រឹមតែ​បញ្ហា​ប្រឈម​ទ្វេភាគីប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​អន្តរជាតិ​ជាមួយ​គ្នា​ផង​ដែរ ។ ការ​អនុវត្តការ​បណ្តុះបណ្តាល​រួម​គ្នា​រវាង​ជប៉ុន និង​កម្ពុជា​សម្រាប់​មន្ត្រី​ដោះ​មីន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ខែមករា និង​កក្កដា ឆ្នាំ ២០២៣ គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​នៃ​រឿង​នេះ ។

យើង​សូម​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បែប​នេះ​បន្ថែម​ទៀត​នា​ពេល​អនាគត ។ ស្ថានទូត​ជប៉ុន​នឹង​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្លាស់​ប្តូរ​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ក្នុង​ស្ថានភាព​នានា ហើយនឹង​ខិតខំ​អភិវឌ្ឍ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ចំណង​យ៉ាង​រឹង​មាំ​ដោយ​ទំនុកចិត្ត និង​មិត្តភាព ។ យើង​ស្នើ​សុំ​ឱ្យ​មានការ​យោគយល់ និង​គាំទ្រ​របស់​អ្នក​អាន​ទាំងអស់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ៕

ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ នៅ​កម្ពុជា