ប្រទេសឥណ្ឌា ៖ យោងតាមអាជ្ញាធរថាតុល្យការនៃការផ្ទុះឆេះដ៏ខ្លាំង រោងចក្រផលិតឱសថមួយនៅភាគខាងត្បូងឥណ្ឌាកាលពីថ្ងៃទី៣០មិថុនា ចំនួនអ្នកស្លាប់មានដល់យ៉ាងតិច៣៩នាក់ ។
គ្រោះមហន្តរាយនោះកើតមានក្នុងរោងចក្រគីមីSIGACHI INDUSTRIES ក្នុងរដ្ឋតេឡានហ្គាណា ភាគខាងត្បូងឥណ្ឌាក៏បណ្ដាលឲ្យមនុស្ស៣៤នាក់រងរបួសផងដែរ។

បំណែកបែកបាក់នៃរោងចក្រនោះកំពុងប្រមូលតាមរកថាតើនៅមានពលករដទៃៗទៀតជាប់ខាងក្រោមដែរឬយ៉ាងណា។ ប្រមុខក្រុមអ្នកពន្លត់ភ្លើងនៃរដ្ឋនោះថ្លែងនាថ្ងៃទី១កក្កដាថា រោងចក្រSIGACHI INDUSTRIES នៅមិនទាន់ប្រាប់ពីមូលហេតុនៃការផ្ទុះឆេះនេះនៅឡើយ តែគូសបញ្ជាក់ថា គ្រឹះសំខាន់នៃអគាររោងចក្ររងការខូចខាតនិងថា សកម្មភាពរបស់រោងចក្រត្រូវផ្អាករយៈពេល៩០ថ្ងៃ។ រោងចក្រនោះផលិតជាពិសេសCELLULOSE MICROCTISTALLINE ជាសមាសភាពគីមីយកមកប្រើច្រើនក្នុងការផលិតឱសថ។
រដ្ឋមន្ត្រីសុខាភិបាលរដ្ឋតេឡាហ្គាណាលោកដាម៉ូដារ៉ាហ្សាណារ៉ាសីុមហាថ្លែងថា ពលករដល់ទៅ១០៨នាក់ ស្ថិតក្នុងរោងចក្រនេះពេលមានការផ្ទុះឆេះ។ បណ្ដាសាកសពជនរងគ្រោះត្រូវបានភ្លើងឆេះខ្លោចមើលលែងស្គាល់ ហើយក្រុមគ្រូពេទ្យពិសេសត្រូវបានបញ្ជូនមកដើម្បីធ្វើតេស្តDNA កំណត់អត្តសញ្ញាណ។ រដ្ឋមន្ត្រីរូបនោះបន្តថា រដ្ឋាភិបាលរដ្ឋបានបង្កើតក្រុមមួយ ដើម្បីកំណត់មូលហេតុនៃគ្រោះថ្នាក់នោះ។
ខុន្ទកាល័យនាយករដ្ឋមន្ត្រីឥណ្ឌាលោកណារេនដ្រាម៉ូឌីប្រកាសថា គ្រួសារជនរងគ្រោះស្លាប់ម្នាក់ៗដោយសារគ្រោះមហន្តរាយនោះនឹងទទួលបានប្រាក់ឧបត្ថម្ភ២០០.០០0រ៉ូពី ហើយគ្រួសារអ្នករបួសម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ៥០.០០០រ៉ូពី។
ឥណ្ឌាជាប្រទេសផលិតឱសថសំខាន់បំផុតមួយនៃពិភពលោក។ ប្រទេសនោះដើរតួនាទីសំខាន់ក្នុងការផលិតនិងនាំចេញថ្នាំពេទ្យ ព្រមទាំងវ៉ាក់សាំងក្នុងតម្លៃថោក៕
ចែករំលែកព័តមាននេះ