ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​ធ្វើ​សមយុទ្ធ​យោធា​ហ៊ុម​ព័ទ្ធ​កោះ​តៃវ៉ាន់​ដើម្បី​ទុក​ជា​ការ​ប្រៀន​ប្រដៅ

3 អាទិត្យ មុន

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ កង​ទ័ព​ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​​ទ្រង់​ទ្រាយ​ធំ​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កោះ​តៃវ៉ាន់​ដែល​ទើបតែ​​ប្រកាស​ស្បថ​ចូល​កាន់​តំណែង​នូវ​ប្រធានា​ធិបតី​ថ្មី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​​ទី​២០ ខែ​ឧសភា​។ ចំណាត់​ការ​នេះ​ធ្វើ​ឱ្យ​កង​ទ័ព​តៃវ៉ាន់​ត្រូវ​ដាក់​នៅ​ក្នុង​ភាព​ប្រុង​ជើង​ការ​ជាប់​ជា​ប្រចាំ​។ ប្រទេស​ចិន​ប្រកាស​ថា​មូល​ហេតុ​ដែល​ខ្លួន​ធ្វើ​សមយុទ្ធ​យោធា​រយៈ​ពេល​២​ថ្ងៃ​​ព័ទ្ធ​ជុំ​វិញ​កោះ​តៃវ៉ាន់​​​​​ព្រោះ​តៃវ៉ាន់​រៀប​ចំ​ការ​បោះ​ឆ្នោតជ្រើស​រើស​ប្រធានា​ធិបតី​ថ្មី​​ដែល​អាច​ចាត់​ទុក​ជា​​​ចលនា​​ផ្ដាច់​ទឹក​ដី​។​ ជា​ការ​ឆ្លើយ​តប តៃវ៉ាន់​​បាន​ដាក់​កង​ទ័ព​ជើង​ទឹក​ ជើង​គោក និង​ជើង​អាកាស​នៅ​ក្នុង​ស្ថាន​ភាព​ប្រុង​ជើង​ព្រួល​។…

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ កង​ទ័ព​ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​​ទ្រង់​ទ្រាយ​ធំ​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កោះ​តៃវ៉ាន់​ដែល​ទើបតែ​​ប្រកាស​ស្បថ​ចូល​កាន់​តំណែង​នូវ​ប្រធានា​ធិបតី​ថ្មី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​​ទី​២០ ខែ​ឧសភា​។ ចំណាត់​ការ​នេះ​ធ្វើ​ឱ្យ​កង​ទ័ព​តៃវ៉ាន់​ត្រូវ​ដាក់​នៅ​ក្នុង​ភាព​ប្រុង​ជើង​ការ​ជាប់​ជា​ប្រចាំ​។ ប្រទេស​ចិន​ប្រកាស​ថា​មូល​ហេតុ​ដែល​ខ្លួន​ធ្វើ​សមយុទ្ធ​យោធា​រយៈ​ពេល​២​ថ្ងៃ​​ព័ទ្ធ​ជុំ​វិញ​កោះ​តៃវ៉ាន់​​​​​ព្រោះ​តៃវ៉ាន់​រៀប​ចំ​ការ​បោះ​ឆ្នោតជ្រើស​រើស​ប្រធានា​ធិបតី​ថ្មី​​ដែល​អាច​ចាត់​ទុក​ជា​​​ចលនា​​ផ្ដាច់​ទឹក​ដី​។​

ជា​ការ​ឆ្លើយ​តប តៃវ៉ាន់​​បាន​ដាក់​កង​ទ័ព​ជើង​ទឹក​ ជើង​គោក និង​ជើង​អាកាស​នៅ​ក្នុង​ស្ថាន​ភាព​ប្រុង​ជើង​ព្រួល​។ តៃ​វ៉ាន់​ចោទ​ប្រកាន់​ថា​ចិន​កំពុង​បង្ក​ហេតុ​ និង​រំខាន​ចំពោះ​សន្តិ​ភាព​ និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។ សមយុទ្ធ​យោធា​នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​លោក​ឡៃ​ឆឹង​តេ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធា​នា​ធិបតី​តៃវ៉ាន់​។ គាត់​​ត្រូវ​​​ទី​ក្រុង​ប៉េកាំង​ចាត់​ទុក​ជា​អ្នក​ផ្ដាច់​ទឹក​ដី​​។

សារ​ព័ត៌​មាន​ចិន​ផ្សាយ​​ថា​សមយុទ្ធយោធា​នេះ​ចូល​រួម​ដោយ​ទ័ព​ជើង​គោក​ ជើង​ទឹក​ ជើង​អាកាស​ និង​កង​កាំ​ភ្លើង​ធំ​ដើម្បី​បើក​ប្រតិ​បត្តិ​ការ​ចាប់​ពី​​ច្រក​សមុទ្រ​តៃវ៉ាន់​រហូត​ដល់​តំបន់​ខាង​ជើង​ ខាង​ត្បូង និង​ខាង​កើត​កោះ​តៃវ៉ាន់​។ កង​ឯក​ភាព​នៃ​កង​ទ័ព​ចិន​ក៏​បើក​ប្រតិបត្តិ​ការ​នៅ​ប្រជុំ​កោះ​ឃីន​មេន, ម៉ាត់ស៊ូ, អ៊ូឈាវ​ និង​តុង​យីន​ដែល​សុទ្ធ​តែ​ស្ថិត​នៅ​កៀក​នឹង​ចិន​ដី​គោក​តែ​ម្ដង​។​

អ្នក​នាំ​ពាក្យ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ លោក​លីស៊ី ថ្លែង​ថា​សមយុទ្ធ​យោធា​នេះ​មាន​គោល​ដៅ​ទី១-ដាក់​ទណ្ឌ​កម្ម ឬ​ប្រដៅ​ក្រុម​ដែល​ចង់​បំបែក​ទឹក​ដី​ដើម្បី​ឯក​រាជ្យ​ភាព​នៅ​កោះ​តៃវ៉ាន់​ និង​ទី​២​-​ព្រមាន​កម្លាំង​បរទេស​ដែល​ចង់​ជ្រៀត​ជ្រែក ឬ​បង្ក​ហេតុ​​​។​ ដោយ​ឡែក​ ​ក្រសួង​ការ​ពារ​ជាតិ​តៃវ៉ាន់ចាត់​ទុក​​​ថា​ការ​ធ្វើ​សមយុទ្ធ​នេះ​មិន​ត្រឹម​តែ​បង្ក​បញ្ហា​សម្រាប់​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងឆ្លុះ​បញ្ចាំង​ពី​គំនិត​អនុត្ត​រ​ភាព​និយម​នៃ​បក្ស​កុម្មុយ​និស្ត​ចិន​​ផង​ដែរ​។

អ្នក​វិភាគ​យល់​ថា​ប្រទេស​ចិនមិន​បញ្ឈប់​សមយុទ្ធ​យោធា​របស់​ខ្លួន​ត្រឹម​ហ្នឹង​ទេ​។ ទៅ​ថ្ងៃ​មុខ​នឹង​មាន​វគ្គ​បន្ត​ទៀត​។ ទី​តាំង​ផែន​ទី​ធ្វើ​សមយុទ្ធ​យោធា​លើក​នេះ​ស្រដៀង​នឹង​សមយុទ្ធ​​យោធា​កាល​ពី​ឆ្នាំ​២០២២​​ដែល​ប្រទេស​ចិន​ធ្វើ​ឡើង​ដើម្បី​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ដំណើរ​ទស្សន​កិច្ច​របស់​អតីត​ប្រធាន​រដ្ឋ​អាមេរិក​ លោក​ស្រីណាន់​ស៊ី ផេឡូស៊ី (Nancy Pelosi)។ មេ​បញ្ជាការ​រង​កង​ទ័ព​អាមេរិក​ប្រចាំ​ឥណ្ឌូ-​ប៉ាស៊ី​ហ្វិច​ ឧត្ដម​សេនីយ៍​ស្ទីហ្វឹន​ ស្កាឡឹន​កា (Stephen Sklenka) យល់​ថា​បញ្ហា​នេះ​មិន​អាច​មើល​ស្រាល​បាន​ឡើយ​​​។ ប៉ុន្តែ​លោក​យល់​ថា​​សម្រាប់​ពេល​នេះ​កង​ទ័ព​ចិន​មិន​ទាន់​ឈាន​ដល់​ថ្នាក់​ផ្ទុះ​សង្គ្រាម​នៅ​ឡើយ​ទេ​។

ចាប់​តាំង​ពី​​ក្រោយ​ហេតុ​ការណ៍​បើក​ប៉ះ​ពារ​គ្នា​រវាង​ទូក​នេសាទ​ចិន និង​នាវា​ល្បាត​របស់​តៃវ៉ាន់​ក្បែរ​ប្រជុំ​កោះ​ឃីន​មេន​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​នោះ​ ប្រទេស​ចិន​​​ចាប់​ផ្ដើម​បើក​ទូក​ល្បាត​កាន់​តែញឹក​ញាប់​ដោយ​​​​លែង​ខ្វល់​ខ្វាយ​ពី​ដែន​ទឹក​របស់​កោះ​តៃ​វ៉ាន់​ត​ទៅ​ទៀត​ហើយ​។ ​នាវា​ល្បាត​របស់​ចិន​ក៏​​ចូល​រួម​សមយុទ្ធ​យោធា​នៅ​​​ថ្ងៃ​នេះ​ផង​ដែរ​។​

សមយុទ្ធ​យោធា​នេះ​ធ្វើ​ឱ្យ​ផ្អើល​ដល់​ប្រទេស​ជប៉ុន​​។ ​​រដ្ឋាភិបាល​ជប៉ុន​បាន​ទាក់​ទង​ទៅ​ទី​ក្រុង​ប៉េកាំង​ដោយ​ផ្ទាល់​ និង​បញ្ជាក់​ច្បាស់​ៗ​ថា​​វា​ជា​រឿង​សំខាន់​ណាស់​​ដែល​ត្រូវ​ថែ​រក្សា​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ជប៉ុន​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​តៃវ៉ាន់​​។ ជប៉ុន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ដោយ​សារ​ស្ថាន​ភាព​ភូមិ​សាស្ត្រ​រវាង​កោះ​តៃវ៉ាន់ និង​ដែន​ទឹក​ជប៉ុន​ស្ថិត​នៅ​​កៀក​​​គ្នា​។ កោះ​ដាច់​ស្រយាល​ជាង​គេ​របស់​ជប៉ុន​ឈ្មោះ​យ៉ូណាគូនិ (Yonaguni) ស្ថិត​នៅ​ចម្ងាយ​១១១​គីឡូម៉ែត្រ​ពី​តៃវ៉ាន់​។ ដូច្នេះ បើ​សង្គ្រាម​ផ្ទុះ​ឡើង ជប៉ុន​ក៏​ជាប់​ពាក់ព័ន្ធ​ដែរ​ ហើយ​ស្រួល​មិន​ស្រួល​អាច​អូស​ទាញ​ជប៉ុន​​ឱ្យ​ចូល​រួម​នៅ​ក្នុង​ជម្លោះ​នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ