ទីក្រុងបាងកក៖ ពាក់ព័ន្ធនឹងករណីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សាំងកាពួរអ៊ែរឡាញដែលជួបនឹងខ្យល់កួចខ្លាំង បណ្ដាលឱ្យយន្តហោះផ្អៀងផ្អង និងបោះពួយចុះមកក្រោម ស្លាប់ជនជាតិអង់គ្លេសវ័យចំណាស់ម្នាក់ និងរបួស៣០នាក់។ ក្រុមហ៊ុនចេញមកបកស្រាយថានៅពេលទៅដល់មហាសមុទ្រឥណ្ឌា មានខ្យល់កួចដ៏ធំ១ធ្វើឱ្យយន្តហោះធ្លាក់ចុះមកក្រោម១៨០០ម៉ែត្រនៅក្នុងថិរៈវេលាបីនាទី។ អ្នកខ្លះត្រូវរបួសនៅក្នុងហេតុការណ៍នេះដោយសារការប៉ះទង្គិច ឬរបស់របរធ្លាក់លើ។
នៅពេលមានលំនឹងឡើងវិញ អ្នកបើកយន្តហោះក៏បង្វែរទិសដៅចុះចតជាបណ្ដោះអាសន្ននៅអាកាសយានដ្ឋានសុវណ្ណភូមិប្រទេសថៃ។ នៅពេលមិនទាន់ចេញលទ្ធផលនៃការស្លាប់បុរសវ័យ៧៣ឆ្នាំនោះជាផ្លូវការ អាជ្ញាធរសង្ស័យថាគាត់ប្រហែលជាគាំងបេះដូង។ អ្នកដំណើរជនជាតិអង់គ្លេសម្នាក់ឈ្មោះអេនឌ្រូ ដេវីស (Andrew Davies) ប្រាប់ថាអ្នករងរបួសគឺអ្នកដែលមិនដាក់ខ្សែក្រវាត់ចង្កេះ។ ចំណែកអ្នកដាក់ខ្សែក្រវាត់មិនមានបញ្ហាអ្វីទេ។ បើទុកជារងរបួសក៏របួសស្រាលដែរ។ ជាក់ស្ដែង បុគ្គលិកបម្រើការនៅលើយន្តហោះដែលត្រូវធ្វើដំណើរចុះឡើងៗដើម្បីបម្រើសេវាផ្សេងៗជូនភ្ញៀវបានរងរបួសគ្រប់ៗគ្នា។
ប្រទេសថៃគេយកចិត្តទុកដាក់ណាស់។ គ្រាន់តែយន្តហោះចុះទៅដល់ព្រលានយន្តហោះភ្លាម ភ្នាក់ងារសង្គ្រោះបន្ទាន់ក៏ចុះទៅដឹកអ្នកដំណើរដែលត្រូវរបួសចុះពីលើយន្តហោះ។ ចំណែករថយន្តគិលានសង្គ្រោះ (ឡានពេទ្យ) ក៏ប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូនដើម្បីរង់ចាំដឹកអ្នករបួសទៅមន្ទីរពេទ្យ។ គ្រូពេទ្យប្រាប់ថាអ្នកដំណើរ៧នាក់រងរបួសធ្ងន់, អ្នកដំណើរ២៣នាក់ និងបុគ្គលិកបម្រើការ៩នាក់រងរបួសមធ្យម, អ្នកដំណើរ១៦នាក់របួសស្រាល។ ១៤នាក់ព្យាបាលនៅនឹងព្រលានយន្តហោះ។
សាក្សីនិយាយថាហេតុការណ៍នេះកើតឡើងដោយចៃដន្យ។ នៅពេលយន្តហោះធ្លាក់ចុះ១៨០០ម៉ែត្រមកក្រោមជាពេលដែលអ្នកដំណើរត្រូវញ៉ាំអាហារ។ នៅពេលនោះ បុគ្គលិកនៅលើយន្តហោះកំពុងលើកអាហារជូនភ្ញៀវ។ អីចឹងហើយបានជាអ្នកខ្លះដែលកំពុងពាក់ខ្សែក្រវាត់សុខៗក៏ត្រូវដោះខ្សែក្រវាត់ចេញដើម្បីទទួលទានអាហារ។ បុគ្គលិកប្រចាំព្រលានយន្តហោះប្រាប់ថានេះជាលើកដំបូងនៅសុវណ្ណភូមិដែលមានករណីស្លាប់មនុស្សដោយសារខ្យល់កួចទម្លាក់យន្តហោះចុះមកក្រោម។
ឥឡូវនេះ ចំណាត់ការនៅចំពោះមុខគឺអាជ្ញាធរថៃនឹងរៀបចំសម្រួលឱ្យអ្នកដំណើរដែលត្រូវរបួសស្រាលៗគ្រាន់តែរលាត់ដៃ រលាត់ជើង និងអ្នកដែលមិនត្រូវរបួសអ្វីសោះអាចសម្រាកនៅក្នុងព្រលានយន្តហោះ។ គេមានកន្លែងពិសេសសម្រាប់ការស្នាក់នៅ និងហូបចុក។ មិនយូរទេនឹងមានអ្នកទៅទទួលពួកគេជាមិនខាន។ សិង្ហបុរីបានបញ្ជូនយន្តហោះទៅដឹកពួកគេហើយ។
រូបភាពពីផ្កាយរណបបង្ហាញថាកាលនោះ យន្តហោះអែសឃ្យូ៣២១ (SQ321) បើកកម្ពស់១១៣០០ម៉ែត្រ (ជាង១១គីឡូម៉ែត្រពីលើអាកាស)។ នៅពេលទៅដល់ចំណុច១ យន្តហោះក៏ធ្លាក់ចុះមកនៅកម្ពស់៩៤០០ម៉ែត្រ។ រយៈពេលបីនាទី យន្តហោះធ្លាក់ចុះមកក្រោម១៨០០ម៉ែត្រ។ យន្តហោះក៏បន្តបណ្ដែតខ្លួនកម្ពស់៩៤០០ម៉ែត្រមិនដល់១០នាទីទេ អ្នកបើកយន្តហោះក៏ដូរទិសដៅហោះហើរព្រោះមើលស្ថានភាពមិនស្រួល។ រយៈពេលជិត៣០នាទីក្រោយមក យន្តហោះក៏ចុះចតនៅសុវណ្ណភូមិ។
ករណីយន្តហោះសំយុងក្បាលចុះបែបនេះកើតឡើងនៅលើសមុទ្រអាន់ដាម៉ាន់ (Andaman Sea) នៅក្បែរប្រទេសភូមា។ កាលនោះ គេមិនបានដឹងថាតើនៅទីតាំងនោះមានការប្រែប្រួលអាកាសធាតុបែបណាខ្លះទេ។ ករណីយន្តហោះផ្អៀងទៅម្ខាងៗ ឬហោះបោះពួយធ្លាក់ចុះមកក្រោមច្រើនកើតមាននៅពេលមានខ្យល់ព្យុះ ឬខ្យល់កន្ត្រាក់។ ប៉ុន្តែចំណុចដែលគ្រោះថ្នាក់បំផុតគឺនៅពេលយន្តហោះមិនអាចទទួលរលកសញ្ញាថាមានខ្យល់កួចនៅខាងមុខ៕
ចែករំលែកព័តមាននេះ