រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ខណៈពេលកំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែមានអាការៈមិនស្រួលខ្លួនវិលមុខ ធ្វើឲ្យបាត់បង់ម្ចាស់ការ ក្នុងការបើកបរ ហើយឈប់មិនទាន់ ក៏បានរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តម៉ាកឡង់គ្រីស័រ១គ្រឿងពេញទំហឹង ក្នុងពេលកំពុងធ្វើដំណើរស្របទិសដៅគ្នា បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ បន្ទាប់មករថយន្តនោះ ក៏បានបើកបន្តដំណើរទៅបាត់ ចំណែករូបគាត់ ត្រូវបានរថយន្តសង្គ្រោះ និងក្រុមសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកុសុមៈ ។
ឧប្បត្តិហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខបុរីជារី ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រជាការពារភូមិម្នាក់ បាននិយាយថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1IK-0639 ធ្វើដំណើរតែម្នាក់ឯង តាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ចំណុចកើតហេតុខាងលើ ស្រាបតែរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ មិនចាំពណ៍មិនចាំស្លាកលេខទាំងកំរោល បណ្តាលឲ្យដួលរងរបួសធ្ងន់តែម្ដង ។
ប្រភពដដែល បានប្រាប់ទៀតថា បន្ទាប់មករថយន្តបានបើកបន្តដំណើរទៅមុខបាត់ស្រមោល នៅសល់តែបុរសរងគ្រោះ និងម៉ូតូនៅលើផ្លូវ ហើយត្រូវបានអ្នកភូមិជួយគ្រាគាត់ និងលើកយកម៉ូតូដាក់ក្បែរ ពេលនោះគាត់ខាងបាននិយាយថា ខណៈពេលដែលគាត់កំពុងតែជិះម៉ូតូសុខៗ ក៏ស្រាប់តែមានអាការៈវិលមុខធីងធោង ទើបជ្រុលទៅបុកពីក្រោយរថយន្តបង្កឲ្យមានគ្រោះថ្នាក់បែបនេះ ។
ក្រោយកើតហេតុរថយន្តសង្គ្រោះនិងក្រុមសង្គ្រោះអង្គភាព៧១១ បានចេញទៅកាន់កន្លែងកើតហេតុរួចដឹកយកបុរសនោះទៅកាន់មន្ទីពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរបស់គាត់រងការខូចខាតមួយកំណាត់ខាងមុខយ៉ាងដំណំ និងត្រូវបាននគរបាលបានចុះទៅនាំយកទៅរក្សារទុកនៅប៉ុស្តិ៍ចោមចៅទី៣រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់យកទៅជួសជុលឡើងវិញដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ