ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp ថា ប្រហែលបោះបង់អាជីពគ្រូបង្វឹក បន្ទាប់ពីបញ្ចប់ការដឹកនាំ៨ឆ្នាំកន្លះជាមួយ Liverpool

2 ខែ មុន

ចក្រភពអង់គ្លេស ៖ លោក Jurgen Klopp បានបង្ហើបថា ប្រហែលជាមិនត្រឡប់ទៅរកអាជីពគ្រូ

ចក្រភពអង់គ្លេស ៖ លោក Jurgen Klopp បានបង្ហើបថា ប្រហែលជាមិនត្រឡប់ទៅរកអាជីពគ្រូបង្វឹកវិញទេ បន្ទាប់ពីបញ្ចប់ការដឹកនាំរយៈពេល៨ឆ្នាំកន្លះ នៅក្នុងនាមអ្នកចាត់ការក្រុមហង្សក្រហម Liverpool ដោយបុរសជនជាតិអាល្លឺម៉ង់វ័យ៥៦ឆ្នាំរូបនេះ សារភាពថា គាត់មានអារម្មណ៍ថា ទទេតែម្តង បន្ទាប់ពីភាពតានតឹងផ្លូវចិត្តនៃខែចុងក្រោយ សម្រាប់ការដឹកនាំនៅកីឡាដ្ឋាន Anfield។

ក្រុមហង្សក្រហម Liverpool អបអរជ័យជម្នះ ២-០ លើម្ចាស់ផ្ទះ Wolves កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៤ កន្លងទៅ សម្រាប់ប្រកួតចុងក្រោយក្របខណ្ឌ English Premier League ដោយបញ្ចប់រដូវកាលនេះ នៅចំណាត់ថ្នាក់លេខ ៣។ ក្រោយចប់ការប្រកួត លោក Klopp បានបង្ហាញការគោរពដល់អ្នកគាំទ្រ ហើយក៏ជាការដឹកនាំប្រកួតលើកទី ៤៩១ របស់លោកក្នុងនាមអ្នកចាត់ការ Liverpool ។

យ៉ាងណាមិញ អ្វីដែលគ្រប់ៗគ្នា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោក ចាប់អារម្មណ៍ខ្លាំងនោះ គឺការលើកឡើងចុងក្រោយរបស់លោក Klopp ដែលថា លោកនឹងមិនត្រឡប់ទៅរកអាជីពជាអ្នកចាត់ការវិញទេ លុះត្រាតែទទួលបានថាមពលដ៏ពិសេស ដែលត្រូវការ ដើម្បីបន្តអាជីពមួយនេះម្តងទៀត។

លោក Klopp បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយបង្អស់ នៅកីឡដ្ឋាន Anfield ថា «ខ្ញុំមិនដឹងច្បាស់ថា ហេតុអ្វីបានជាគ្មាននរណាម្នាក់ជឿថា ខ្ញុំប្រហែលជាមិនមែនជាអ្នកចាត់ការម្តងទៀតទេ។ ប៉ុន្តែខ្ញុំយល់ ព្រោះជាក់ស្តែង វាហាក់ដូចជាថ្នាំញៀនអ៊ីចឹង ពីព្រោះគ្រប់គ្នាត្រឡប់មកវិញ ហើយធ្វើការរហូតដល់ពួកគេមានអាយុ៧០ឆ្នាំ ។ ខ្ញុំតែងតែមានគំនិតថា ខ្ញុំនឹងមិនធ្វើបែបនោះទេ។ ខ្ញុំត្រូវតែមានអ្វីៗទាំងអស់ ខ្ញុំត្រូវការថាមពលពេញលេញ ប៉ុន្តែឥឡូវនេះ ខ្ញុំទទេតែម្តង»។

អតីតគ្រូបង្វឹកក្រុម Mainz 05 និង Borussia Dortmund រូបនេះ បានបន្ថែមថា «ខ្ញុំត្រូវតែចាប់ផ្តើមជាមួយអ្វីដែលនៅសល់ឥឡូវនេះ ហើយបន្ទាប់មកយើងនឹងឃើញ។ ប៉ុន្តែមិនមែនឥឡូវនេះទេ ប្រហែលជាឱកាសបន្ទាប់»។

លោក Arne Slot គ្រូបង្វឹកក្រុម Feyenoord នឹងចូលមកស្នងតំណែងលោក Klopp នៅ Anfield បន្ទាប់ពីប្រកាសចាកចេញពីក្រុមនៅលីគកំពូលហូឡង់មួយនេះ កាលពីសប្តាហ៍មុន ហើយកាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅ ក្លិប Liverpool ក៏បានប្រកាសផ្លូវការអំពីវត្តមានលោក Arne Slot ផងដែរ។

Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងសំណងតម្លៃ ៩.៤លានផោន ស្មើនឹង ១២លានដុល្លារអាមេរិក ជាមួយក្លិប Feyenoord កាលពីខែមេសាកន្លងទៅ ពោលបន្ទាប់ពីគ្រូបង្វឹកជនជាតិ​ហូឡង់វ័យ៤៥ឆ្នាំរូបនេះ ត្រូវបានកំណត់ថា គឺជាបុរសតែម្នាក់គត់ ដែលនេងស្នងតំណែងលោក Klopp នៅ Anfield ។ លោក Arne Slot នឹងក្លាយជាអ្នកចាត់ការ Liverpool នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខ។

គួរបញ្ជាក់ថា លោក Klopp បានចាកចេញពី Dortmund មកដឹកនាំ Liverppol នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៥ រយៈពេល៨ឆ្នាំកន្លះ ដឹកនាំ ៤៩១ ប្រកួត ឈ្នះ ២៩៩ ស្មើ ១០៩ និងចាញ់ ៨៣ ប្រកួត។ ជាមួយនឹងការឈ្នះពានរង្វាន់ជាច្រើនរួមមាន ៖ Premier League ១ដង FA Cup ១ដង EFL Cup ២ដង Community Shield ១ដង UEFA Champions League ១ដង រួមទាំង UEFA Super Cup និង FIFA Club World Cup ១ដង ផងដែរ៕ (ប្រភព ៖ ESPN រូបភាព ៖ AFP និង Liverpool)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ