ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យវិសាខបូជា ៖ ជីវិតរបស់ព្រះពុទ្ធចាប់ពីពេលប្រសូតដល់ចូលនិព្វាន

7 ខែ មុន
  • ភ្នំពេញ

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ធ្វើបុណ្យ​វិសាខបូជា នៅ​ថ្ងៃ​ទី​២២ ខែឧសភា ដើម្បី​ឧទិស​ដល់​ថ្ងៃ​ដែល​ព្រះ​ពុ​ទ្រ​បាន​ប្រសូត​នោះ វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​ស្វែង​យល់ ពី​ជីវិត​របស់​ព្រះ​អង្គ ។ តើ​ព្រះពុទ្ធ​មានដំណើរ​ជីវិត​យ៉ាងណា? តាម​ការ​ស្រាវជ្រាវ ព្រះពុទ្ធ​ព្រះ​អង្គ​ប្រសូត​នៅ​ឆ្នាំ​៦២៣…

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ធ្វើបុណ្យ​វិសាខបូជា នៅ​ថ្ងៃ​ទី​២២ ខែឧសភា ដើម្បី​ឧទិស​ដល់​ថ្ងៃ​ដែល​ព្រះ​ពុ​ទ្រ​បាន​ប្រសូត​នោះ វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​ស្វែង​យល់ ពី​ជីវិត​របស់​ព្រះ​អង្គ ។ តើ​ព្រះពុទ្ធ​មានដំណើរ​ជីវិត​យ៉ាងណា? តាម​ការ​ស្រាវជ្រាវ ព្រះពុទ្ធ​ព្រះ​អង្គ​ប្រសូត​នៅ​ឆ្នាំ​៦២៣ មុន​គ្រិស្តសករាជ​នៅ​តំបន់​ពិសិដ្ឋ មួយ​នៃ​ទីក្រុង លំ​ប៊ី​នី ( Lumbini )​ដែល​មា​នទី​តាំងនៅ​វាលទំនាប​តេ​រ៉ៃ (Terai ) នៃ​ភាគ​ខាងត្បូង​ប្រទេស​នេ​ប៉ា​ល់ ។

ទីនោះ​ត្រូវ​បាន​គេ​ជឿជាក់​ថា គឺជា​កន្លែង​កំណើត​ពិតប្រាកដ​របស់​ព្រះ​អង្គ ហើយ​អំណះអំណាង​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​សិលាចារឹក​នៅ​លើ​សសរ​ដែល​សាងសង់​ដោយ​អធិរាជ​មួ​រី​យ៉ា​ន់ អាសូ​កា ( Mauryan Asoka ) ក្នុង​ឆ្នាំ​២៤៩ មុន​គ្រិស្តសករាជ ។ លំ​ប៊ី​នី គឺជា​កន្លែង​សក្ការៈ​បំផុត​នៃ​សាសនា​ដ៏​អស្ចារ្យ​មួយ របស់​ពិភពលោក ហើយ​ទីនោះ​ក៏​មាន ស្លាកស្នាម​ដែល​ជា​ភស្តុ​តាង​សំខាន់​ៗ​អំពី​ធម្មជាតិ​នៃ​មជ្ឈមណ្ឌល​ធម្ម​យាត្រា ព្រះពុទ្ធ សាសនា​តាំងពី​ដើម​សតវត្ស​ទី​៣ មុន​គ្រិស្តសករាជ​។

ទីកន្លែង​កំណើត​របស់​ព្រះពុទ្ធ​ក៏​ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ ទទួលស្គាល់​ហើយ​ចាត់​ទុក គឺជា កន្លែង​ពិសិដ្ឋ​ដែល​ត្រូវ​បានការ​អភិរក្ស និង​ការពារ ដូច្នេះ​ហើយ​បានជា​មក​ដល់​ពេល​នេះ ក្រៅពី​អ្នក​ដែល​មាន​ជំនឿ​ខាង​វិទ្យាសាស្ត្រ​ក៏​បាន​ទទួលស្គាល់​ព្រះពុទ្ធ​ជា​ម្ចាស់ គឺជា​ទស្សនៈវិទូ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ មិនមែន​ត្រឹមតែ​ជា​ព្រះ​ជា​ម្ចាស់​ដែល​អ​រូបិយ​គ្មាន រូប​គ្មាន​រៀង​នោះ​ឡើយ ។

ព្រះ​សិទ្ធត្ថ កុមារ ឬ​ព្រះពុទ្ធ​ទ្រង់​ចាប់​ប្រតិសន្ធិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពេញបូណ៌មី ខែ​អាសា​ខ ឆ្នាំរកា មុន​ពុទ្ធសករាជ​៨០​ឆ្នាំ ជា​ព្រះរាជបុត្រ​នៃ​ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​នាង​មាយា​ទេវី ព្រះរាជា​នៃ​សក្យវង្ស គ្រង​ក្រុង​កបិល​ភស្ដុ ដែន​សក្កៈ ហើយ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ​ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំច នា​លុម្ពិនី​វ័ន​ឧទ្យាន ដែល​ឋិត​នៅ​ក្នុង​ទីក្រុង​លំ​ប៊ី​នី​នៃ​ប្រទេស​នេ​ប៉ា​ល់ ជិត​ព្រំប្រទល់​នេ​ប៉ា​ល់ និង​ឥណ្ឌា ។

ការ​ប្រសូត​នៃ​ព្រះ​សិទ្ធត្ថ​កើត​មាន​ឡើង​ក្នុង​ពេល​ព្រះ​នាង​មាយា​ទេវី​ជា​ព្រះ​វរមាតា​ទ្រង់​ធ្វើ​ដំណើរ​ដោយ​រាជបរិពារ​ចេញពី​ក្រុង​កបិល​ព​ស្ដុ រាជធានី​ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះ​ស្វាមី ទៅ​កាន់​ទេវ​ទ​ហៈ​ព្រះរាជ​ធានី​ព្រះរាជ​បិតា​របស់​ព្រះ​នាង ។ កាល​ព្រះ​នាង​យាង​ដល់​លុម្ពិនី​វ័ន ត្រង់​ព្រំ​ដែល​កបិល​ព​ស្តុ​នឹង​ទេវ​ទ​ហៈ​, វេលា​ថ្ងៃត្រង់​ត្រជាក់​ព្រះ​នាង​ក៏​ប្រសូត​ព្រះរាជបុត្រ​ពិសិដ្ឋ គឺ «​ព្រះ​សិទ្ធត្ថ​» ក្រោម​ដើម​សាលព្រឹក្ស ១​ដើម ។

កាល​ព្រះ​សិទ្ធត្ថ​រាជ​មាន​វ័យ​ចម្រើន​ឡើង ទ្រង់​សិក្សា​វិជ្ជា​អក្សរសាស្ត្រ និង​វិជ្ជា​យុទ្ធសាស្ត្រ​ក្នុង​សំណាក់​សាស្ត្រាចារ្យ​នាម «​វិស្វាមិត្រ​» លុះ​មាន​ព្រះ​ជន្ម​១៦​ឆ្នាំ ទ្រង់​បាន​ទទួល​ភិ​សេក​ជាមួយនឹង​ព្រះ​នាង​ពិម្ពា​យសោធរា ដែល​មាន​ព្រះ​ជន្ម​ដំណាលគ្នា សោយរាជ្យ​ជា​ធំ លើ​សក្យវង្ស គ្រង​ក្រុង​កបិល​ព​ស្ដុ តំណាង​ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះរាជ​បិតា នៅ​ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្តិក ឆ្នាំឆ្លូវ ។ ទ្រង់​សោយរាជ​បាន​១៣​ឆ្នាំ ព្រះ​ជន្ម​២៩ ឆ្នាំ បាន​ព្រះរាជបុត្រ​១ ព្រះ​អង្គ​ព្រះ​នាម «​រាហុល​» ហើយ​ទ្រង់​ចេញ​ទៅ​ទ្រង់​ព្រះ​ផ្នួស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ពេញបូណ៌មី ខែអស្សុជ ឆ្នាំថោះ នា​ឆ្នេរ​ស្ទឹង​អ​នោ​មា នៅ​ថ្ងៃ​ដែល​ព្រះរាជបុត្រ​ទ្រង់​ប្រសូត​នោះ​, ព្រះ​អង្គ​ទ្រង់​ព្រះ​ផ្នួស​ហើយ​ទ្រង់​ស្វែងរក​មោក្ខធម៌ ដោយ​ការ​ប្រព្រឹត្ត​ទុក្ករកិរិយា​អត្តកិលមថានុយោគ ដើម្បី​ពិសោធ​រក​ពោធិញ្ញាណ អស់​ថិរវេលា​៦​ឆ្នាំ ក្នុង​ឧ​រុ​វេលា​ប្រទេស មគធរដ្ឋ ។

ក្រោយ​ពេល​ទ្រង់​លះ​ការ​ប្រព្រឹត្ត​ទុក្ករកិរិយា​ចេញ​ហើយ បែរមក​បំពេញ​ម​ជ្ឈិ​មា​បដិបទា​វិញ ទ្រង់​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​ប្រាកដ​ឡើង​ក្នុង​លោក​នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំវក មុន​ពុទ្ធសករាជ​៤៥ ក្រោម​ពោធិព្រឹក្ស​១​ដើម នៅ​ខាងលិច​ស្ទឹង នៅ​ខាងលិច​ស្ទឹង​នេ​រ​ញ្ជ​រា នា​មណ្ឌល​គ​យា ដែល​សព្វថ្ងៃ​ហៅ «​ពុទ្ធ​គ​យា​» ឋិត​នៅ​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ ខាងត្បូង​ក្រុង​គ​យា ក្នុង​រដ្ឋ​ពិ​ហារ ប្រទេស​ឥណ្ឌា ។
ពុទ្ធ​គ​យា​ជា​ពុទ្ធ​បូជនីយដ្ឋាន​ទី​២ សម្រាប់​ពុទ្ធ​បូជនីយេសក៍​នានា​ធ្វើ​ពុទ្ធបូជា ដែល​សកលលោក​ស្គាល់​បាន​ដោយសារ​ព្រះបាទ​អសោក​រាជា​ធិ​រាជ​ទ្រង់​បាន​សាង​ព្រះ​ចេតិយ​១​ធំ​ខ្ពស់​ហៅ «​ចេតិយ​ពុទ្ធ​គ​យា​» និង​ចេតិយ​តូច​ៗ​ជា​ច្រើន នៅ​មាន​ដល់​សព្វថ្ងៃ ។

ក្រោយ​ពុទ្ធបរិនិព្វាន​, ពុទ្ធ​បរិ​ស័​ទ្ធ​បាន​សាង​វិហារ​ជា​ច្រើន​នៅ​ទី​ទ្រង់​ត្រាស់​ដឹង​នោះ​, តែ​វិហារ​ទាំងនោះ​បាក់បែក​អស់​ទៅ​ហើយ នៅ​សល់​តែ​វិហារ​១ មាន​ព្រះ​ពុទ្ធរូប​មារវិជ័យ​១​ព្រះ​អង្គ​ធំ លាប​ទឹកមាស ទ្រង់​ព្រះ​ភ្នែន ព្រះ​ហ​ស្ថ​ស្ដាំ​ចង្អុល​ផែនដី ជា​ភស្ដុ​តាង​ចំពោះ​កិច្ច​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ឈ្នះ​មារ​ហើយ​ទ្រង់​ត្រាស់​ដឹង​ព្រះ​សព្វញ្ញុតញ្ញាណ ។

បន្ទាប់​ពី​ទ្រង់​បាន​ត្រាស់​ដឹង ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ពិចារណា​អនុត្តរធម៌ និង​និស្ស័យ​សត្វ​នៅ​សត្តមហាឋាន​មាន​រត​នប​ល្ល័​ង​ជាដើម អស់​ថិរវេលា​៧​ថ្ងៃ ៧​ដង រួច​ហើយ​ទ្រង់​ស្ដេច​យាង​នៅ​ថ្ងៃ​សៅរ៍​ពេញបូណ៌មី ខែ​អាសាធ ឆ្នាំវក ទៅ​សំដែង​ព្រះ​ធម្មចក្ក​បឋម​ទេសនា ពណ៌នា​អំពី​ទុក្ខ​ទាំង​១៣​កង​, អំពី​ហេតុ​កើតទុក្ខ​គឺ តណ្ហា អំពី​រលត់ទុក្ខ គឺ​ព្រះ​និព្វាន និង​អំពី​មធ្យោបាយ ដើម្បី​រំលត់ទុក្ខ គឺ​មគ្គ​ប្រកបដោយ​អង្គ ៨ (​ចតុរារិយសច្ច​) ប្រោស​បញ្ច​វ​គ្គិ​យ​ភិក្ខុ នៅ​ឥសិបតនៈមិគទាយវ័ន​។ សព្វថ្ងៃ​ព្រៃ​នេះ​ទៅ​ជាទី​ពិសេស ១​ហៅ «​សារ​នាថ​» នៅ​ចម្ងាយ​១០ គីឡូម៉ែត្រ​ពី​ស្ថានីយអយស្ម័យយាន​ក្រុង​ពារាណសី ដែល​សព្វថ្ងៃ​ហៅ «​បេ​ណា​រ៉េ​ស​» ។

លំដាប់​ពី​ទ្រង់​សំដែង​ព្រះ​ធម្មចក្ក​មក​, ព្រះសម្មាសម្ពុទ្ធ​បាន​ត្រាច់ចរ​ប្រកាសសាសនា​ប្រោស​វេនេយ្យសត្វ ដោយ​ទ្រង់​ប្រព្រឹត្ត​ពុទ្ធកិច្ច​៥ យ៉ាង​គឺ ១- ពេល​ព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត​, ២- ពេល​រសៀល​ទ្រង់​សំដែង​ធម៌​ប្រោស​ចតុ​ព្វ​ធ​ពុទ្ធបរិស័ទ​, ៣- ពេល​ព្រលប់​ទ្រង់​ប្រទាន​ឱវាទ​ពួក​ភិក្ខុ ៤- ពេល​អធ្រាត្រ​ទ្រង់​ដោះ​បញ្ហា​នៃ​ទេវតា ៥- ពេល​បែក​បច្ចូស​ទ្រង់​ប្រមើល​មើល​ឧបនិស្ស័យ​សត្វ​ដែល​គួរ​ប្រោស ឬ​មិន​គួរ​ប្រោស នៅ​ក្នុង​មធ្យម​ប្រទេស គឺ​ប្រទេស​ឥណ្ឌា​អស់​វេលា​៤៥​ឆ្នាំ គឺ​ចាប់ផ្ដើម​ប្រកាស​ពី​ព្រះ​ជន្ម​៣៥ រហូត​ដល់​ព្រះ​ជន្ម​៨០ ឆ្នាំ លុះត្រាតែ​មាន​ពុទ្ធបរិស័ទ​ទាំង​៤ គឺ​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា គ្រប់គ្រាន់​អាច​ទ្រទ្រង់​អាច​ផ្សាយ​ព្រះពុទ្ធ​សាសនា​ជំនួស​ព្រះ​អង្គត​មក​បាន​ទើប​ទ្រង់​ស្ដេច​យាង​ទៅ​ចូល​ព្រះ​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ខែ​ពិសាខ ឆ្នាំម្សាញ់ មុន​ពុទ្ធសករាជ ១​ថ្ងៃ ក្រោម​ដើម​សាលព្រឹក្ស​ទាំង​គូ នៅ​ខាងលិច​ក្រុង​កុសិនារា គឺ​កុ​សិន​គរៈ​ឬ​ភ​ស្សិ ដែល​ឋិត​នៅ​ចម្ងាយ​៩ គីឡូម៉ែត្រ​ពី​ក្រុង​គោរ​ក្ខ​បូរ នៅ​រដ្ឋ​ឧត្ដរ​ប្រទេស នា​ប្រទេស​ឥណ្ឌា​សម័យ​បច្ចុប្បន្ន ពោល គឺ​នៅ​ក្នុង​តំបន់​គូ​ស៊ី​ណា​ហ្គា (Kushinagar) រដ្ឋ អូ​តា ប្រា​ដេ​ស (Uttar Pradesh) ដោយនៅ​ពេល​បច្ចុប្បន្ន​មាន ផ្នូ​ដ៏​ធំ​មួយ​ដែល​គេ​មាន​ជំនឿ​ថា គឺជា​កន្លែង​តម្កល់​ផេះ​ដែល​សេសសល់​ពី​ការ​បូជា​ព្រះពុទ្ធ អង្គ​ក្រោយ​ចូល​ព្រះ​និព្វាន​ក្នុង​ថ្ងៃ​ពុធ ៨​រោច ខែ​ពិសាខ ឆ្នាំម្សាញ់​។

ព្រះសម្មាសម្ពុទ្ធ ដែល​មនុស្ស​ទូទៅ​ស្គាល់​ព្រះ​អង្គ​ថា ព្រះពុទ្ធ ដែល​មាន​នាម​ដើម​ថា ព្រះ​សិទ្ធត្ថ គឺជា​ព្រះ​ដែល​ពលរដ្ឋ​ជាង​៩០​ភាគរយ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​គោរព និង​បូជា​រហូត​ដល់​រដ្ឋធម្មនុញ្ញ​ចែង​ថា ជា​សាសនា​របស់​រដ្ឋ​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ