រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាព នៃជន ដែលចូលមកជេរសម្តេច ពាក់ព័ន្ធរឿងគម្រោង ព្រែកជីកហ្វូណនតេជោ ។
សម្តេចតេជោ បានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៤ ថា ៖ “ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ពេលបើកមើលមតិ យោបល់ ក្នុងតិចតុក ដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាម ចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ ៤វីដេអូ ដែលបានបង្ហោះឃើញរាប់សិបនាក់ ចូលមកជេរ។ កាលឆ្នាំ២០១៦. ២០១៧ មានជាង២,០០០នាក់ ចូលមកជេរ ខ្ញុំតាម Facebook ក្នុងនោះ មានម្នាក់ជាលេខាបក្សស្រុកផង។ សម្តេចបានលើកឡើងថា ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះ ក៏ស្ងាត់ទៅវិញ ពេលនោះរឿងសមុទ្រចិនខាងត្បូង។ ពេលនេះ ពួកគេចូលមកជេរតាម Tik tok ម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ” ។
សម្តេចបានគូសបញ្ជាក់ថា ៖”ខ្ញុំមិនប្រាកដថា វៀតណាមនេះ ជាអ្នកណា ? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេស ដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោម ដែលមានគណនីតិកតុក និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង” ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងថា ដោយមានការសង្ស័យ និងភាព មិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ ដែលយើងអាចធ្វើបាន ។
សម្តេចតេជោ បានសង្កត់ធ្ងន់ ៖ “ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាព នៃជនដែលចូលមកជេរខ្ញុំជាអ្នកណា ? ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាម ថា ប្រើប្រាស់មនុស្សបែបនេះ ឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់” ៕
ចែករំលែកព័តមាននេះ