ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វហ៊ីងកំពុងត្រូវប៉ាន់ ខណៈកសិករចាប់លក់ជាអាហារ

4 ខែ មុន
  • ភ្នំពេញ

ស្រប​ពេល​ដែល​ភ្លៀង​ដើមរដូវ​ចាប់ផ្តើម​បង្អុរ​ជា​បន្តបន្ទាប់ ពលរដ្ឋ​កំពុង​តែ​ត្រេកអរ​នឹង​ការ​ចាប់​ហ៊ីង​លក់ ហើយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​រហូត​ផ្អើល​ការ​ចាប់អារម្មណ៍​ទាមទារ​ឲ្យ​មាន​អភិរក្ស ស្រប​ពេល​ដែល​តម្លៃ​ហ៊ីង​ស្ទុះ​ឡើង​មួយ​គីឡូក្រាម​ដល់​ទៅ​៥​ម៉ឺន​៥​ពាន់​រៀល ទៅ​៦​ម៉ឺន​រៀល ។ អ្នក​នាង អូន រតនា ជា​អ្នកលក់​ហ៊ីង​ស្រស់…

0:00
0:00

ស្រប​ពេល​ដែល​ភ្លៀង​ដើមរដូវ​ចាប់ផ្តើម​បង្អុរ​ជា​បន្តបន្ទាប់ ពលរដ្ឋ​កំពុង​តែ​ត្រេកអរ​នឹង​ការ​ចាប់​ហ៊ីង​លក់ ហើយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​រហូត​ផ្អើល​ការ​ចាប់អារម្មណ៍​ទាមទារ​ឲ្យ​មាន​អភិរក្ស ស្រប​ពេល​ដែល​តម្លៃ​ហ៊ីង​ស្ទុះ​ឡើង​មួយ​គីឡូក្រាម​ដល់​ទៅ​៥​ម៉ឺន​៥​ពាន់​រៀល ទៅ​៦​ម៉ឺន​រៀល ។

អ្នក​នាង អូន រតនា ជា​អ្នកលក់​ហ៊ីង​ស្រស់ នៅ​មុខ​ព្រ​លាន​យន្តហោះ​ភ្នំពេញ​បានអោយ​កម្មវិធី លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា ហ៊ីង​ស្រស់​បាន​តម្លៃ​៥៥.០០០​រៀល​ក្នុង​មួយ គីឡូក្រាម និង​ហ៊ីង​ប្រឡាក់​គ្រឿង តម្លៃ​៥៨.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។ អាជីវករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ លើក​ឡើង​ថា «​ហ៊ីង​របស់ខ្ញុំ​លក់ គឺ​ទិញ​ពី​កសិករ​ខេត្តព្រះវិហារ និង​ក្រចេះ ។ ហ៊ីង​ហ្នឹង​ក៏​មិនមែន​ហ៊ីង​ចិញ្ចឹម​ដែរ ពួក​គាត់​ដើរ​ចាប់​តាម​ភ្លឺស្រែ ព្រោះ​យក​មក​ហ្នឹង​មាន​តូច​មាន​ធំ​អត់​ធំ​ៗ​ស្មើគ្នា​ទេ​» ។

ងាក​មក​អ្នកស្រី ចែ នាង លក់​ហ៊ីង​ស្រស់ នៅ​ម្តុំ​បែក​ចាន បានអោយ​ដឹង​ថា ហ៊ីង​កំពុង​មាន​ទីផ្សារ នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។ អ្នកស្រី អាច​លក់​ហ៊ីង​ស្រស់​នេះ​បាន​តម្លៃ​៦​ម៉ឺន​រៀល​ឯណោះ ក្នុង​មួយ​គីឡូក្រាម ។ អ្នកស្រី ចែ នាង បាន​បន្ត​ថា «​ខ្ញុំ​បង្ហោះ​លក់​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​មាន​ភ្ញៀវ​កម្ម​ង់​ទិញ​ច្រើន មាន​ទីផ្សារ ។ ជា​មធ្យម​ខ្ញុំ​លក់ដាច់​២០-៣០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ បើ​ថ្ងៃ​ណា​តិច​ជាង​១០​គីឡូក្រាម​ព្រោះ​ភ្ញៀវ​គេ​ទិញ​ម្នាក់​៤-៥​គីឡូក្រាម​ទុក​ហូប​អ៊ីចឹង​ទៅ​» ។ អ្នក​នាង​បញ្ជាក់​ថា អ្នក​នាង​ទិញ​ហ៊ីង​ទាំងនេះ​ពី​កសិករ​ខេត្តសៀមរាប ក្រចេះ និង​ខេត្តព្រះវិហារ ។

លោក ជឹ​ម រ៉ា ជា​អ្នកលក់​ហ៊ីង​ម្នាក់​ទៀត​បានអោយ​ដឹង​ដែរ​ថា ហ៊ីង​មាន​ទីផ្សារ​ហើយ​លក់​បាន​តម្លៃ​ខ្ពស់​ទៀត​ផង ។ លោក​ថា លក់​ហ៊ីង​ស្រស់​នោះ​តម្លៃ​៤៥.០០០​រៀល ក្នុង​មួយ​គីឡូក្រាម ។ អាជីវករ​រូប​នេះ លើក​ឡើង​ថា ៖«​ខ្ញុំ​ប្រមូល​ទិញ​ពី​កសិករ​តាម​ខេត្ត ហើយ​យក​មក​លក់​បាន​តម្លៃ​៤៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ហ្នឹង ។ និយាយ​ទៅ​លក់ដាច់​ដែរ​បាន​ជាង​១០-២០​គីឡូក្រាម​រាល់ថ្ងៃ​» ។ លោក ជឹ​ម រ៉ា បន្ត​ថា ជា​ធម្មតា​តាម​ការ​កត់សម្គាល់ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​កក់ខែ​ថ្មី​ៗ​ជោកជាំ ធ្វើ​ឱ្យ​សត្វ​ហ៊ីង​ដែល​នៅ​សំងំ​ក្នុង​ដី​សើម និង​ក្រោម​ស្លឹកឈើ​ងាប់​វា​រត់​ចេញ​មក​ក្រៅ និង​យំ​សំឡេង​ទ្រហឹង​ត​គ្នា ហើយ​ត្រូវ​គេ​ដើ​ឆ្លុះ និង​ចាប់​នៅ​ពេល​យប់​យក​ទៅ​លក់​លើ​ទីផ្សារ​ឱ្យ​អ្នក​បរិភោគ ។
លោក ជឹ​ម រ៉ា បន្ថែម​ថា ៖«​សត្វ​ហ៊ីង​ចេញ​នៅ​រដូវ​ធ្លាក់​ភ្លៀង​កក់ខែ​ថ្មី​ៗ គឺ​មាន​ពង​ពេញ​ៗ​ពោះ​ដោយ​មិន​ទាន់​បើក​មាត់ចាប់​សត្វល្អិត​ផ្សេង​ៗ​ធ្វើ​ជា​ចំណី គឺ​គេ​ពេញ​និយម​ទិញ​ទៅ​ធ្វើ​ជា​ម្ហូប​បំផុត ទោះបី​តម្លៃ​ថ្លៃ​បន្តិច​ក៏​ដោយ ។ ចំណែក​សត្វ​ហ៊ីង​ដែល​បើក​មាត់ និង​ជម្រុះ​ពង​អស់​ក៏​គេ​មិនសូវ​ទិញ និង​យក​ទៅ​បរិភោគ​ដែរ ។ សត្វ​ហ៊ីង​ជា​ធម្មតា​នៅ​ពេល​ធ្លាក់​ភ្លៀង​ពេល​យប់​ពួក​វា​រត់​ចេញ​មក​ក្រៅ ហើយ​អ្នក​ដើរ​ចាប់​ក៏​ស៊ូ​ដើរ​ចាប់​ចាប់​នៅ​ពេល​យប់​ផង​ដែរ នៅ​ពេល​ថ្ងៃ​ពួក​វា​សំងំ​មិនសូវ​ចេញពី​ចេញ​នោះ​ទេ​»​។

អាជីវករ​លក់​សត្វ​ហ៊ីង បន្ត​ថា ឆ្នាំ​កន្លង​មក​មនុស្ស​ភាគច្រើន​ជា​ពិសេស យុវវ័យ​នៅ​ខេត្ត​ផ្សេង​ៗ គឺ​មិនសូវ​បាន​ស្គាល់​ពី​សត្វ​ហ៊ីង និង​រសជាតិ​របស់​វា​ទេ ប៉ុន្តែ​ថ្មី​ៗ​នេះ​ដោយសារ​គេ​ឃើញ​មាន ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​បាន​ស្គាល់​ហើយ​ចង់​បរិភោគ​វា ។ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ហាក់​មានការ​ខ្ពើមរអើម​មិន​ហ៊ាន​ប្រថុយ​បរិភោគ​ចំពោះ​សត្វ​ហ៊ីង​នេះ​ដែរ ។

លោក ហាក់ គឹ​ម​សុង រស់នៅ​រាជធានី​ភ្នំពេញ និង​និយម​ទទួលទាន​ហ៊ីង បានអោយ​ដឹង​ថា ហ៊ីង​ស្រស់​នេះ អតិថិជន​ភាគច្រើន​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​បាន​ច្រើន​ប្រភេទ​ដូច​ជា ឆា ស្ងោរ ប្រឡាក់​គ្រឿង​អាំង ចៀន បំពង​ជាដើម ។

សត្វ​ហ៊ីង គឺជា​សត្វ​មួយ​ប្រភេទ​សន្ដាន​នឹង​កង្កែប​ដែរ តែ​វា​មាន​មាឌ​ត្រមុល បំប៉ោង​ខ្លួន​បាន​,​វា​ចូល​ចិត្ត​បង្កប់ខ្លួន​នៅ​ក្នុង​ដី​សើម ឬ​ក្រោម​គំនរ​ស្លឹកឈើ​សើម​ៗ ។ នៅ​ពេល​ណា​មាន​ភ្លៀង​ធ្លាក់ វា​ចេញ​មក​ខាងក្រៅ​ស្រែកយំ​ឮ​សូរ​ខ្លាំង​ហួសមាឌ ។ សត្វ​ហ៊ីង​មាន​៣​ប្រភេទ គឺ ហ៊ីងកណ្ដោល ឬ​ហ៊ីងក្រូត មាឌធំ​ជាង​ហ៊ីង​ឯទៀត វា​យំ​ឮ​ក្រេ​ត​ក្រូ​ត​ៗ, ហ៊ីងជ័រ មាន​មាឌតូច​ជាង​ហ៊ីងកណ្ដោល មាន​ជ័រស្អិត​នៅ​លើ​ស្បែក វា​យំ​ឮ​សូរ​តូច និង​ហ៊ីងចំបក់ មាន​មាឌតូច​ជាង​ហ៊ីងជ័រ វា​យំ​ឮ​សូរ​ខ្សោយ​ជាង​ហ៊ីងជ័រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ