ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលមួយទាំងកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង៣និង២៧នាទីទៀបភ្លឺ ខណៈគ្រោះថ្នាក់ចរចរណ៍រវាងរថភ្លើង និងរថយន្តបើកឆ្លងកាត់ផ្លូវដែក បណ្ដាលឲ្យរថភ្លើងបុកក្រពិតមួយចំហៀងខាងឆ្វេង ធ្វើឲ្យខូចខាតទាំងស្រុងទ្វារទាំងពីរ ចំណែកឯម្ចាស់រថយន្តមិនមានគ្រោះថ្នាក់ និងរងរបួសធ្ងន់ធ្ងរនោះទេ ។

យោងតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា កាលពីវេលាទៀបភ្លឺ ស្ថិតនៅក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជិតសាលាបូរីកម្មករ វេលាម៉ោង៣និង២៧នាទី មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ដែលពាក់ផ្លាកលេខ ភ្នំពេញ ២AV-៣៥៦៧ ពណ៌ស បានបើកក្នុងទិសដៅពីលិចទៅកើត ឆ្លងកាត់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថភ្លើងបើកចូលក្រុងព្រះសីហនុ បានមកដល់ល្មមបុកពេញទំហឹង ។

ទោះបីជាបែបណា ម្ចាស់រថយន្តបានចាកចេញពីកន្លែងកើតហេតុ ទុករថយន្តក្រពិតមួយចំហៀងចោលនៅលើផ្លូវដែក ចំពីមុខរថភ្លើងដែលឈប់ នឹងត្រូវបានកម្លាំងនគរបាលចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងទៅតាមនីតិវិធី រួចស្ទូចយករថយន្តចេញពីចំណុចកើតហេតុ ។

មុននេះ គ្រោះថ្នាក់លើផ្លូវដែក ធ្លាប់បានកើតឡើងជារឿយៗ និងបានឆក់យកជីវិតមនុស្សម្នាក់ផងដែរ កាលពីយប់ថ្ងៃទី១០ ឧសភា នៅចំណុចផ្លូវដែកក្នុងភូមិយ៉ាមខៅ ឃុំត្រពាំងប្រាសាទ ស្រុកបាទី ខេត្តតាកែវ ដោយកិនបុរសម្នាក់រយះក្បាល១កំណាត់ និងបាក់ដៃបាក់ជើងស្លាប់លើផ្លូវដែក ។
មានការកត់សម្គាល់ថា នៅដើមឆ្នាំ២០២៤នេះ គ្រោះថ្នាក់បុកគ្នាលើផ្លូវដែក១ករណី គឺរថភ្លើងបុករថយន្តក្រុងទេសចរណ៍ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមីនា ២០២៤កន្លងមក បង្កឱ្យមនុស្សជាង៤០នាក់រងរបួសធ្ងន់-ស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់ ។ អាជ្ញាធរធ្វើការសន្និដ្ឋានដំបូងថា គ្រោះថ្នាក់នេះ បណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកបើករថយន្ត ។

អ្នកដំណើរយ៉ាងហោចណាស់ចំនួន៤៥នាក់ និងអ្នកបញ្ជាក្បាលរថភ្លើងម្នាក់ បានរងរបួសក្នុងហេតុការណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកទេសចរ នៅចំណុចឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមការសន្និដ្ឋានជំហានដំបូង ករណីរថភ្លើងបុករថយន្តក្រុងនេះ បណ្ដាលមកពីអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ដោយមិនបានមើលស្លាកសញ្ញា និងឮសំឡេងស៊ីផ្លេរបស់រថភ្លើង នៅពេលបើកកាត់ផ្លូវដែក ខណៈនៅចំណុចកើតហេតុនេះ មិនមានរនាំង ឬកុងត្រូលបិទផ្លូវនៅពេលរថភ្លើងឆ្លងកាត់នោះទេ ។ ករណីនេះ បណ្ដាលឱ្យមានអ្នករងរបួស ដែលជាប់នៅក្នុងរថយន្តសរុបចំនួន៤៥នាក់ នៅក្នុងនោះធ្ងន់ចំនួន៤នាក់ ជាបុរស ។ ចំណែកខាងរថភ្លើងមានអ្នកបើកម្នាក់របួសធ្ងន់ បាក់ជើងទាំង២ ៕

ចែករំលែកព័តមាននេះ