តើប្រទេសថៃត្រូវផ្លាស់ប្ដូររាជធានី ឬយ៉ាងណានៅចំពោះមុខការប្រែប្រួលអាកាសធាតុ? នេះជាសំណួរដ៏ធំ១សម្រាប់រដ្ឋាភិបាលថៃនៅពេលកម្ដៅហក់ឡើងខ្ពស់ឥតឈប់ឈរពី១ឆ្នាំទៅ១ឆ្នាំ។ ជាពិសេស នៅរដូវប្រាំងម្ដុំខែចេត្រគឺក្ដៅពេញបន្ទុក។ ពេលខ្លះហក់ឡើងដល់៥២អង្សា។ ប៉ុន្តែបញ្ហាដែលរឹតតែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺការហក់ឡើងនៃកម្ពស់ទឹកសមុទ្រ។
មន្ត្រីជាន់ខ្ពស់ថៃទទួលបន្ទុកខាងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុបានប្រាប់ទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េថាប្រទេសថៃប្រហែលជាត្រូវគិតគូរពិចារណាទៅដល់គម្រោងរុះរើទីតាំងរាជធានីបាងកក ឬភាសាថៃហៅថាក្រុងថេបមហានគរនេះទៅទីកន្លែងផ្សេងហើយទើបបាន។ ការវាស់ស្ទង់កត្តាភូមិសាស្ត្រជាច្រើនលើកច្រើនសាកន្លងមកនេះបង្ហាញថាទីក្រុងបាងកកជាតំបន់ទំនាប។ ម៉្លោះហើយប្រឈមនឹងការលិចទៅបាតសមុទ្រនាពេលអនាគតយ៉ាងយូរត្រឹមចុងសតវត្សទី២១នេះ។
នៅពេលនិយាយដល់ចំណុចនេះ គេនឹកឃើញទៅដល់ទីក្រុងមួយចំនួនដែលបានលិចបាត់ទៅបាតសមុទ្រដោយសារការហក់ឡើងកាន់តែខ្ពស់ទៅៗនៃទឹកសមុទ្រ។ អ្នកខ្លះគិតថាមនុស្សពីដើមសាងសង់ទីក្រុងនៅបាតសមុទ្រ។ មិនមែនដូច្នេះទេ។ គ្មាននរណាសាងសង់ទីក្រុងនៅបាតសមុទ្រទេ។ រស់នៅដូចម្ដេចនឹងកើត? ទីក្រុងបាតសមុទ្រទាំងនោះមុនដំបូងនៅលើគោកទេ។ ប៉ុន្តែដោយសារទឹកសមុទ្រចេះតែហក់ខ្ពស់ជាលំដាប់។ យូរៗទៅធ្វើឱ្យមនុស្សត្រូវតែបង្ខំចិត្តចាកចេញពីទីកន្លែងនោះ។
ឧទាហរណ៍ជាក់ស្ដែងមួយទៀតគឺប្រទេសហូឡង់។ ៥០%នៃប្រទេសហូឡង់ជាតំបន់ស្ថិតនៅក្រោមកម្ពស់ទឹកសមុទ្រ។ ដូច្នេះ វិធីតែមួយគត់គឺត្រូវតែសាងសង់ទំនប់ទឹកធំៗឱ្យបានរឹងមាំព័ទ្ធជុំវិញផ្ទៃប្រទេស ។ និយាយជារួម, ការសាងសង់ទំនប់ទឹកគឺជាវិស័យសំខាន់ជាអាយុជីវិតរបស់ប្រទេសហូឡង់តែម្ដង។ សម្រាប់ទីក្រុងបាងកកសព្វថ្ងៃនេះមិនចាំបាច់ដល់ទឹកសមុទ្រហក់ឡើងខ្ពស់ទេ សូម្បីតែភ្លៀងធ្លាក់ម្ដងៗលិចទីក្រុងបាងកកស្ទើរគ្រប់ទីកន្លែង។ លិចម្ដងៗមិនមែនតិចថ្ងៃទេទម្រាំស្រកទៅវិញ។
លោកផាវិច កេសាវ៉ាវង្ស (Pavich Kesavawong) ជាអគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងបរិស្ថានប្រាប់ថាទីក្រុងបាងកកទំនងជាមិនអាចដើរទាន់សភាពការណ៍វិវត្តនៅលើពិភពលោកទេពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្ដែង យើងលើសគេ១,៥អង្សា។ ឥឡូវនេះ យើងត្រូវយកពេលមកគិតថាតើត្រូវដើរទៅតាមផ្លូវណា។
មន្ត្រីរូបនេះស្រមៃឃើញថាទីក្រុងបាងកកស្ថិតនៅពីក្រោមកម្ពស់ទឹកសមុទ្ររួចទៅហើយដោយយោងទៅតាមសភាពការណ៍បច្ចុប្បន្ន។ គណៈអភិបាលទីក្រុងបាងកកកំពុងពិនិត្យមើលវិធានការដោះស្រាយដូចជាសាងសង់ទំនប់ទឹកដូចនៅប្រទេសហូឡង់។ ប៉ុន្តែលោកផាវិចយល់ឃើញថាបើចង់ដោះស្រាយបញ្ហានេះជាស្ថាពរលុះត្រាតែរើទីតាំងរាជធានីពីបាងកកទៅកន្លែងផ្សេង។ ប៉ុន្តែលោកទទួលស្គាល់ថានេះជាកិច្ចការដ៏ធំមួយ និងដ៏ស្មុគស្មាញបំផុត។ ដូច្នេះ វាស្ថិតនៅក្នុងការគិតនៅឡើយទេ។
ការរើទីតាំងរដ្ឋធានី ឬរាជធានី នៅប្រទេសខ្លះកំពុងធ្វើជាបណ្ដើរៗហើយ។ ដូចជាប្រទេសឥណ្ឌូណេស៊ីបានសម្រេចរើរដ្ឋធានីពីហ្សាកាតាទៅនូសាន់ថារ៉ា (Nusantara) ស្ថិតនៅលើកោះប័រនីអូ (Borneo) ដោយចំណាយថវិកាជាតិពី៣២-៣៥ពាន់លានដុល្លារ។ ហ្សាកាតាតូចចង្អៀតធ្វើឱ្យពិបាកធ្វើដំណើរទាំងមន្ត្រីបម្រើការតាមស្ថាប័នរដ្ឋ, អ្នកធ្វើការឯកជន និងអ្នកប្រកបអាជីវកម្មផ្សេងៗ។
បញ្ហានេះធ្វើឱ្យឥណ្ឌូណេស៊ីខាតបង់ថវិកា១ឆ្នាំៗរាប់សិបពាន់លានដុល្លារដោយសារកកស្ទះចរាចរណ៍។ ហ្សាកាតាក៏ធ្លាប់ហែលឆ្លងដូចទីក្រុងបាងកកដែរ។ ទីក្រុងនេះធ្លាប់មានខ្យល់ពុលខ្លាំង, ធ្លាប់មានអាកាសធាតុក្ដៅខ្លាំង និងធ្លាប់ជួបប្រទះនឹងការកកស្ទះចរាចរណ៍ខ្លាំង។ ស្ទះផ្លូវម្ដងៗរាប់ម៉ោងទម្រាំចេញរួច។
បញ្ហាទីក្រុងបាងកកជួបប្រទះនឹងអាកាសធាតុក្ដៅខ្លាំងនៅរដូវប្រាំងមិនងាយ ឬមិនអាចដោះស្រាយចេញតែម្ដងដោយសារតំបន់ខ្សែក្រវាត់ទីក្រុងបាងកកសុទ្ធតែជាតំបន់កសិកម្ម។ ដូច្នេះ នៅពេលជិតដល់ខែវស្សាម្ដងៗ កសិករនឹងដុតព្រៃគម្ពោត ឬរុក្ខជាតិងាប់ៗដើម្បីរានដីដាំដំណាំ។
ម៉្លោះហើយ ផ្សែងអ័ព្ទ និងកម្ដៅនឹងជះទៅលើទីក្រុងបាងកកពីគ្រប់ជ្រុង។ ប្រទេសថៃសម្រេចចិត្តបិទទ្វារសួនឧទ្យានជាតិជាច្រើនកន្លែងដើម្បីផ្អាកទទួលភ្ញៀវទេសចរជាបណ្ដោះអាសន្នព្រោះអាកាសធាតុក្ដៅធ្វើឱ្យផ្កាថ្មនៅបាតសមុទ្រប្រែជាស្លោក និងស្រពាប់ស្រពោនបាត់បង់សម្ផស្សអស់រលីង។ លោកផាវិចថ្លែងថាមជ្ឈមណ្ឌលកម្សាន្តនឹងបន្តបិទទ្វារជាច្រើនកន្លែងទៀត៕
ចែករំលែកព័តមាននេះ