ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើង​សាច់ដុំ​ការពារ​ជាតិនាវាចម្បាំង​១៤​គ្រឿង រថក្រោះ រថ ពាសដែក និងរថយន្តជិត៨០​គ្រឿងកងទ័ព​ជាង២០០០​នាក់ បង្ហាញខ្លួន​ក្នុង​សមយុទ្ធ​នាគ​មាស

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កងកម្លាំង​នៃ​កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន​ជាង​២​ពាន់​នាក់​អម​ដោយ​នាវាចម្បាំង​ចំនួន​១៤​គ្រឿង និង​រថក្រោះ រថពាសដែក រថយន្ត​ជិត​៨០​គ្រឿង ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង ព្រមទាំង​សម្ភារៈ​យោធា​ជា​ច្រើន​ទៀត​នឹង​បង្ហាញខ្លួន​ក្នុង​សមយុទ្ធ «​នាគ​មាស​»…

រាជធានី​ភ្នំពេញ ៖ កងកម្លាំង​នៃ​កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន​ជាង​២​ពាន់​នាក់​អម​ដោយ​នាវាចម្បាំង​ចំនួន​១៤​គ្រឿង និង​រថក្រោះ រថពាសដែក រថយន្ត​ជិត​៨០​គ្រឿង ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង ព្រមទាំង​សម្ភារៈ​យោធា​ជា​ច្រើន​ទៀត​នឹង​បង្ហាញខ្លួន​ក្នុង​សមយុទ្ធ «​នាគ​មាស​» កាលពី​ថ្ងៃ​ទី​១៦ ដល់​៣០ ខែឧសភា ។

លោក​ឧត្តមសេនីយ៍ទោ ថោ​ង សូលី​ម៉ូ បាន​បន្ត​ថា ខ្លឹមសារ​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការងារ​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌ ក្រៅពី​នោះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​យុទ្ធវិធី ការ​ទប់ទល់​ដោយ​ដ្រូ​ន (Drone) ផង​ដែរ ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ក្រសួងការពារជាតិ និង​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​វេ​ប​សាយ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច ។

លោក​ឧត្តមសេនីយ៍ទោ ថោ​ង សូលី​ម៉ូ អ្នកនាំពាក្យ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ បាន​បញ្ជាក់​ថា សម្រាប់​លំ​ហាត់​សមយុទ្ធ​នាគ​មាស​លើក​ទី​៦ មានការ​ចូលរួម​ពី​កងទ័ពជើងគោក និង​កងទ័ពជើងទឹក​កម្ពុជា ក្នុង​នោះ​សម្រាប់​កងទ័ពជើងគោក​ត្រូវធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ស្ថិត​នៅ​ក្នុងភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ហើយ​សម្រាប់​សមយុទ្ធ​នៅ​លើ​ផ្ទៃសមុទ្រ គឺ​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ។

អ្នកនាំពាក្យ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ចំពោះ​កម្លាំង​ចូលរួម​សមយុទ្ធ​នេះ គឺ​មាន​ចំនួន​សរុប​ទាំងអស់ គឺ​២,០៧៥​នាក់ ក្នុង​នោះ​មាន​កង​យោធពលខេមរភូមិន្ទ​ចំនួន​១,៣១៥​នាក់ និង​កងទ័ព​រំដោះប្រជាជន​ចិន​ចំនួន​៧៦០​នាក់ ។ ដោយឡែក​គ្រឿង​បំពាក់​សម្រាប់​ការ​ចូលរួម​ធ្វើ​សមយោគ​លើគោក​រួម​មាន ៖ រថក្រោះ រថពាសដែក រថយន្ត​គ្រប់​ប្រភេទ​ចំនួន​៧៩​គ្រឿង រួម​ទាំង​បរិក្ខារ​ស៊ើប​ការ បរិក្ខារ​បោសសម្អាត​ជាតិ​ផ្ទុះ បរិក្ខារ​បញ្ជូន​សារធាតុ​គីមី ជា​ច្រើន​ឈុត​ទៀត​ហើយ​សមយុទ្ធ​នៅ​លើ​ផ្ទៃសមុទ្រ​មាន​នាវា​ចូលរួម​សរុប​១៤​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន​០២​គ្រឿង​» ។

សម្រាប់​ពិធី​បើក​សមយុទ្ធ​នាគ​មាស​នេះ ភាគី​កម្ពុជា ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ ចំណែក​ភាគី​ចិន គឺ​លោក​ឧត្តមនាវីទោ កៅ សី​វ​ឈី​ង នាយ​រង​សេនាធិការ​តំបន់​ភូមិភាគ​ខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ។

នេះ​ជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​៦​ហើយ រវាង​កងទ័ព​កម្ពុជា​-​ចិន ដែល​ធ្វើ​ឡើង​លើ​ទឹកដី​កម្ពុជា ចាប់តាំងពី​សមយុទ្ធ​នេះ​បង្កើត​ឡើង​លើក​ដំបូង កាលពី​ឆ្នាំ​២០១៦ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​កំពុង​កសាង​សហគមន៍​រួម​វាសនា​តែ​មួយ ។

សមយុទ្ធ​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្ដា​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន ដើម្បី​សង្កេត​មើល​ពី​លក្ខណៈ​នៃ​ការ​ធ្វើ​សមយុទ្ធ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ លោក​ឧត្តមសេនីយ៍ទោ ថោ​ង សូលី​ម៉ូ បាន​សង្កត់ធ្ងន់​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​នៅ​ក្នុង​គោលបំណង​យោង​តាម​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន​ប្រចាំឆ្នាំ ដូចដែល​ធ្លាប់​បាន​ធ្វើ​៥ លើក​រួច​មក​ហើយ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ប្រធានបទ ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​កិច្ចការ​មនុស្សធម៌ ដើម្បី​ដក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កងទ័ព​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា ពង្រឹង​សន្តិសុខ​ទប់ស្កាត់​អំពើ​ភេរវកម្ម​នៅ​ក្នុងស្រុក​នីមួយ​ៗ និង​នៅ​ក្នុង​តំបន់​ផង​ដែរ ហើយ​ការ​ធ្វើ​សមយុទ្ធ​នេះ​មិន​មាន​បំណង​គំរាមកំហែង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ណាមួយ​ឡើយ ។

សម្រាប់​ការ​ធ្វើ​លំ​ហាត់​សមយុទ្ធ​នាគ​មាស លើក​ទី​៦ រវាង​កងទ័ព​ទាំង​ពីរ​នេះ គឺ​មាន​ទំហំ​ជាង​លើក​មុន​ៗ ដោយសារ​តែ​មាន​ចំនួន​កងទ័ព​ចូលរួម​ច្រើន រួម​ទាំង​ពង្រីក​កម្រិត​ធ្វើ​សមយុទ្ធ​លើ​ផ្ទៃ​ទឹក បន្ថែម​ទៀត​ក្នុង​នោះ​ភាគី​ទាំង​ពីរ​នឹង​ប្រើប្រាស់​នាវាចម្បាំង​រហូត​១៤​គ្រឿង​ជាដើម ។

អ្នកនាំពាក្យ​អគ្គ​បញ្ជាការដ្ឋាន នៃ​កង​យោធពលខេមរភូមិន្ទ បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​ធ្វើ​លំ​ហាត់​សមយុទ្ធ​នាគ​មាស លើក​ទី​៦ ឆ្នាំ​២០២៤​នេះ រវាង​កង​យោធពល ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​លើ​ទឹកដី​កម្ពុជា មិន​មាន​បំណង​គំរាមកំហែង ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ណាមួយ​ឡើយ ។ កម្ពុជា​ស្វាគមន៍​ជា​និច្ច​ចំពោះ​ប្រទេស​ជា​មិត្ត​ដែល​មាន​បំណង​ធ្វើ​លំ​ហាត់​សមយុទ្ធ ប៉ុន្តែ​ត្រូវ​គោរព​សិទ្ធិ​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ