ទីភ្នាក់ងារភស្តុភារដ្ឋរបស់ប្រជាជាតិ ដែលមានប្រជាជនច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ត្រូវបានប្រធានាធិបតីស្នើឲ្យពិចារណាលើលទ្ធភាពផលិតកម្មអង្ករនៅកម្ពុជា ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម ។
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជិតចប់អាណត្តិតែមានឥទ្ធិពលបានស្នើឱ្យទីភ្នាក់ងារភស្តុភាររដ្ឋ ហៅកាត់ថា Bulog ពិចារណាលើផលិតកម្មអង្ករនៅកម្ពុជា ។ លោកបានអះអាងថា វាជាការប្រសើរសម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងការវិនិយោគក្នុងប្រទេសផលិតតែមួយជាជាងការនាំចូលពីប្រទេសជិតខាងឥតឈប់ឈរ ។
មកដល់ពេលនេះ ឥណ្ឌូនេស៊ី គឺជាប្រទេសផលិតអង្ករធំជាងគេទីបួនរបស់ពិភពលោក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋជាង២៧០ លាននាក់ ប្រជាជាតិនេះបាននាំចូលអង្ករជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ។
ដោយសារតែបាតុភូតអាកាសធាតុអែលនីណូ កាលពីឆ្នាំ២០២៣ ឥណ្ឌូនេស៊ីបាននាំចូលអង្ករប្រមាណជា៣,៣ លានតោន ហើយនៅក្នុងឆ្នាំនេះ ឥណ្ឌូនេស៊ីបានទិញអង្ករចំនួន ១,៩ លានតោនហើយ ។ គោលបំណងឥណ្ឌនេស៊ី គឺស្របគ្នានឹងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងតែជំរុញ និងធ្វើពិពិធកម្មផលិតកម្មស្រូវ/អង្ករ នៅក្នុងប្រទេសស្រាប់ ។៥ខែដើមឆ្នាំ២០២៤ សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា កម្ពុជាលក់ស្រូវដល់ទៅ ២,៤៧ លានតោន គិតជាប្រាក់បានជាង៧១០លានដុល្លារ ខណៈដែលអង្ករ គឺបានជាង៣០ម៉ឺនតោនស្មើនឹងជិត២២០លានដុល្លារ ។
ប្រភពដដែលបានអះអាងថា នៅក្នុងរយៈពេលពីខែមករា ដល់ខែឧសភា ការនាំចេញស្រូវទៅលក់ជូនប្រទេសជិតខាង គឺនៅតែមានបរិមាណច្រើនដោយនៅក្នុងនោះ ២៨ភាគរយ មិនមានឯកសារនាំចេញឡើយ ។
សម្រាប់អង្ករនៅក្នុងរយៈពេលនេះ អឺរ៉ុបបានទិញអង្ករកម្ពុជាបាន១៣៦.៥២៨តោន ចិន៧៣.៣២០តោន អាស៊ានទិញ៦៥.៤១២ តោន ហើយប្រទេសផ្សេងៗគឺបាន ២៧.៣៣០ តោន ៕
ចែករំលែកព័តមាននេះ