នាវាចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកចិន បានមកដល់មូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី១៣ ខែឧសភា ដើម្បីត្រៀមសម្រាប់ ការធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ រវាងកងទ័ពកម្ពុជា និងចិនដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែឧសភា រហូតដល់ដាច់ខែ ។
ក្រសួងការពារជាតិកម្ពុជានិយាយតាមហ្វេសប៊ុករបស់ខ្លួនថា ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹកអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងនាយនាវីជាច្រើនរូបអញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ985 ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរង កងទ័ពជើងទឹករំដោះប្រជាជនចិនភាគខាងត្បូង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លក្ខណៈបច្ចេកទេសរបស់នាវាមាន ៖
+បណ្ដោយប្រវែង២១០ម៉ែត្រ
+ទទឹងប្រវែង២៨ម៉ែត្រ
+ជម្រៅទឹកប្រវែង០៧ម៉ែត្រ
+ល្បឿន២៥ ណត
+ទំងន់ផ្ទុក២៥០០០តោន
ដឹកនាំបញ្ជាដោយ ឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរងកងទ័ពជើងទឹក រំដោះ ប្រជាជនចិនភាគខាងត្បូង ។ បើតាមឯកសារនាវានេះ មានទំហំធំ និងអាចផ្ទុកកងទ័ព រថពាសដែក និងឧទ្ធម្ភាគចក្រ បានច្រើនគ្រឿង ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៦ ខែឧសភា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយយុទ្ធទ្រង់ទ្រាយធំដោយមានកងទ័ពជាង២០០០នាក់ចូលរួម ។
នៅក្នុងសមយុទ្ធ «នាគមាស» នេះក៏មាននាវាចំនួន៦៩គ្រឿង ដោយនាវាចិនមាន៣ គ្រឿង ឧទម្ភាគចក្រចំនួន២គ្រឿង រថក្រោះ៦៩គ្រឿងផងដែរ ។ នេះ បើតាមសេចក្តីរាយការណ៍ព័ត៌មាន របស់ទៅភ្នាក់ងារ AFP របស់បារាំង ៕
ចែករំលែកព័តមាននេះ