រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ១៣ ឧសភា មានការចាប់អារម្មណ៍មួយបានកើតឡើង ខណៈដែលគេបានឃើញអាក់ខោនក្នុងហ្វេសប៊ុកមួយ បានបង្ហាញរថយន្តតូយ៉ូតាព្រូសពណ៌ស២គ្រឿងមានផ្លាកលេខដូចគ្នា គឺភ្នំពេញ២BH៤៤៩៧ ដែលគេនិយាយថា «ឡានភ្លោះ» ។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ខ្ញុំសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ មានការចែករំលែកតៗគ្នាតាមបណ្តាញតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយមិនមានបញ្ជាក់ប្រភពរូបថត ទីកន្លែង និងពេលវេលាឡើយ ។
អ្នកនាំពាក្យក្រសួងសាធារណការបានបន្តថា ពាក់ព័ន្ធករណី(ដូចរូបភាព) ខ្ញុំសូមបញ្ជាក់ថា យោងតាមការពិនិត្យទិន្នន័យចុះបញ្ជីរបស់រថយន្តខាងលើ មានភិនភាគរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ស៊េរី២០១០ បានចុះបញ្ជីក្នុងឆ្នាំ២០២០ ធ្លាប់ធ្វើទុតិយតាបណ្ណម្តង និងផ្ទេរកម្មសិទ្ធិ២ដង ។ មិនធ្លាប់មានធ្វើទុតិយាផ្លាកលេខទេ ។ ត្រង់ចំណុចនេះ យើងអាចសន្និដ្ឋានបឋមបានថា «រថយន្តទាំងពីរ មានមួយពាក់ផ្លាកលេខក្លែងក្លាយ» ។
លោកថា ដើម្បីផ្តល់ភាពត្រឹមត្រូវសម្រាប់ម្ចាស់រថយន្តពាក់ផ្លាកលេខស្របច្បាប់ឯកឧត្តមបានអំពាវនាវដូចខាងក្រោម៖
១-ក្នុងករណីសង្ស័យ(ដូចរូប) សូមអំពាវនាវសមត្ថកិច្ចចរាចរណ៍ផ្លូវគោកមេត្តាឃាត់ទុក ដើម្បីផ្ទៀងផ្ទាល់ឯកសាររកភាពត្រឹមត្រូវ ។ ២-ចំពោះម្ចាស់យានយន្ត ក៏ត្រូវចេញមុខដាក់ពាក្យបណ្តឹងស្វែងរកភាពត្រឹមត្រូវសម្រាប់ខ្លួនឯងផងដែរ ។
តាមប្រភពព័ត៌មាន នៅព្រឹកថ្ងៃ១៤ ឧសភា បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចក្រោមឱវាទក្នុងភូមិសាស្ត្ររាជធានី តាមស្វែងរករថយន្តតូយ៉ូតាព្រូសពណ៌ស ដែលមានផ្លាកលេខដូចគ្នានេះហើយ តែរហូតមកដល់ល្ងាចថ្ងៃដដែល មិនទាន់មានព័ត៌មានទាក់ទិននឹងរថយន្តពាក់ផ្លាកលេខ ២BH៤៤៩៧ នេះនៅឡើយ តែរំពឹងថា ការតាមប្រមាញ់ពីអត្តសញ្ញាណរថយន្តនេះ នឹងរកឃើញការពិតមិនខាន ៕ អត្ថបទ៖ សហការី
ចែករំលែកព័តមាននេះ