ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នេះជាសារ​មួយ​ដល់​នារីៗ​ទាំងពួង «​ការ​រស់នៅ​ជា​ប្តី​-​ប្រពន្ធស្របច្បាប់ គឺ​ត្រូវ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍

7 ខែ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ រឿងរ៉ាវ​របស់ វ៉ា​ឌី ភា​លី ជា​សារ​មួយ​ដល់​នារី​ទាំងពួង​ថា ការ​រៀប​អាពាហ៍ពិពាហ៍​ គឺជា​ទំនៀមទម្លាប់​ប្រពៃណី ដើម្បី​អោយ​ការ​រស់នៅ​ជា​ប្តី​-​ប្រពន្ធស្របច្បាប់ គឺ​ត្រូវ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍…

​​រាជធានីភ្នំពេញ ៖ រឿងរ៉ាវ​របស់ វ៉ា​ឌី ភា​លី ជា​សារ​មួយ​ដល់​នារី​ទាំងពួង​ថា ការ​រៀប​អាពាហ៍
ពិពាហ៍​ គឺជា​ទំនៀមទម្លាប់​ប្រពៃណី ដើម្បី​អោយ​ការ​រស់នៅ​ជា​ប្តី​-​ប្រពន្ធស្របច្បាប់ គឺ​ត្រូវ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ នោះ​ ទើប​ភាគី​មាន​សិទ្ធិ​តតាំង​តាម​ផ្លូវ​តុលាការ​។ ​

វី​ដេ​អូ​ខ្លី​មួយ​ដែល​មាន​នារី​ជា​ប្រពន្ធ​រៀប​ការ​តាម​ប្រពៃណី​យំ​បោក​ខ្លួន ក្រោយ​ដឹង​ថា​ប្តី​មាន​ស្រី​ខាងក្រៅ​នោះ កំពុង​តែ​ផ្ទុះ​កក្រើក​ពេញ​បណ្តាញ​សង្គម ដែល​មនុស្ស​ជា​ច្រើន​បាន​ស្តីបន្ទោស​ខាង​ប្រុស​ថា​គ្មាន​ទំនួល​ខុស​ត្រូវ​។ យ៉ាងណាមិញ រឿងរ៉ាវ​នេះ មិន​ទាន់​ឃើញ​ខាង​ភាគី​ខាង​ប្រុស​បក​ស្រាយ​យ៉ាង​នៅឡើយ​នោះ​ទេ​។  ចំណែក​នារី​ជា​ភរិយា ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​អតីត​បេ​ក្ខ​នារី​ប្រឡង​ចម្រៀង​កម្មវិធី TheVoice Cambodia រដូវ​កាល​ទី​៣ គឺ​នាង វ៉ា​ឌី ភា​លី ។

​ផ្ទុះ​រឿងរ៉ាវ​ក្តៅ​គគុក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​ស្រី​ស្រស់ វ៉ា​ឌី ភា​លី​បាន​បង្ហោះ​សារ​ទម្លាយ​រឿងរ៉ាវ​គ្រួសារ​ដែល​ជួប​ភាព​រកាំរកូស​ខ្លាំង អម​ដោយ​រូបភាព​ប្រទូសរ៉ាយ​គ្នា ជាមួយនឹង​ស្វាមី ក្រោយ​ដឹង​ថា ស្វាមី​របស់​នាង​បាន​លួច​ទាក់ទង​ស្រី រហូត​សុំ​នាង​លេង​លះ​ថែម​ទៀត​ផង​ដែរ ។

ក្រោយ​ឃើញ​រឿងរ៉ាវ​មួយ​នេះ ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​នោះ ក្នុង​នាម​ជា​អតីត​គ្រូបង្ហាត់​ម្នាក់​នៅ​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​៣ តារាចម្រៀង​នាង ពេជ្រ សោភា បាន​បញ្ចេញ​សា​រលើ​បណ្តាញ​សង្គម ដោយ​បាន​លើកទឹកចិត្ត​ទៅ​កាន់ វ៉ា​ឌី ភា​លីង ឲ្យ​មាន​ភាពរឹងមាំ និង​ញញឹម​ទៅ​មុខ​ជាមួយនឹង​រឿង​ថ្មី ។ ពេជ្រ សោភា បាន​បង្ហោះ​សារ​ថា រឹង​មាំ​ណា​អូន​ស្តាប់​អោយ​បាន អូន​មិន​បាន​បាត់បង​មនុស្ស​ស្មោះ​ទេ គេ​ទេ​អ្នក​បាត់បង់​មនុស្ស​ល្អ ពូកែ ឆ្លាត មួយទៀត​ដោះ​លែង ជូនពរ​គេ​ចុះ​យើង​អស់កម្ម​ហើយ បង​ជឿ​ថា​ភា​លី​របស់​បងអាច​ធ្វើ​បាន អូន​មេម៉ាយ​អី​ឡូ​វ​ឡូយ​ណាស់ បើ​ចង់​យំ យំ​អោយ​អស់​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​ជា​ហើយ​ញញឹម​ដើរទៅ​មុខ​ជាមួយនឹង​រឿង​ថ្មី​ៗ​ណា ។

ជា​ការ​កត់សម្គាល់​អតីត​បេ​ក្ខ​នារី The Voice Cambodia នាង វ៉ា​ឌី ភា​លីង បាន​ដាច់​ចិត្ត​ទម្លាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន ដែល​បាន​លាក់​ទុក​តាម​រយៈ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​រៀបរាប់​រឿងរ៉ាវ​ទុក្ខ​លំបាក​ជុំវិញ​បញ្ហា​គ្រួសារ ដែល​ជួប​បញ្ហា​រកាំរកូស​ថា រឿង​ដែល​កប់​ទុក​ក្នុង​ចិត្ត​រយៈពេល​៦​ខែ ជា​ស្រី​ប្តី​រត់​ចោល កូន​២ ដែល​ការ​ពេញ​ច្បាប់ ប្តី​ចេញ​ទៅ​មាន​ស្រី ទៅ​ចោល​ខ្ញុំ​ដោយ​មិន​មាន​ទំនួល​ខុស​ត្រូវ ទុក​កូន ទុក​ប្រពន្ធ ចោលលុយ​ធានា​គា​ក៏​មិន​ជួយ​បង់ លុយ​កូន​រៀន​ក៏​មិន​រវល់ សូ​ម្បី​តែ​ខ​លម​ក​សួរ​សុខ​ទុក​ម្តង​ក៏​គ្មាន ។

នាង​បញ្ជាក់​ថា បង​ទៅ​បាត់​ពី​ខ្ញុំ​រយៈពេល​៦​ខែ​ហើយ នៅ​ពេល​ដែរ​call​មក​ខ្ញុំ​គឺ​call​ហៅ​ខ្ញុំ​អោយទៅ​ផ្តិត​មេដៃ​លែងលះ​គ្នា​សោះ​បង​ប្រាប់​អោយ​ខ្ញុំ​ដោះ​លែង​បង ទាំង​ដែល​បង​ទៅ​បាត់​ចោល​ខ្ញុំ​នឹង​កូន ។ មិន​នឹក​ស្មានថា ៦​ខែ​នេះ ខ្ញុំ​តែងតែ​មិន​មាត់​មិន​ករ ទោះ​ដឹង​រឿង​បង​នឹង​ស្រីរ​បស់បង ដែល​កំពុង​សប្បាយ មាន​ក្តី​សុខ​ជាមួយ​គ្នា​គ្រប់​បែប​យ៉ាង តែ​ខ្ញុំ​នៅ​តែ​ខំប្រឹង​រកស៊ី​គ្មាន​ពេល​សម្រាក ដើម្បី​យក​លុយ​មក​ចិញ្ចឹម​កូន និង​បង់លុយ​ធានា​គារ​ដែល​បង​នឹង​ខ្ញុំ​យក​រួម​គ្នា​។ ដឹង​ហើយ​ថា ខ្ញុំ​ចិញ្ចឹម​កូន​ផង បង់​សាលា​កូន​រៀន​ផង ខ្ញុំ​ហត់​ណាស់ ចង់​បញ្ចប់ជីវិត​ខ្លួនឯង​ម្តង​ៗ តែ​ឃើញ​មុខ​កូន​ទាំង ២ គិត​បក​មក​វិញ​»​។

​ក្រោយ​ផ្ទុះ​រឿង​មួយ​នេះ​ឡើង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ដល់​រូប​នាង ខណៈ​មតិ​មួយ​ចំនួន​ធំ​បាន​បន្ទោស​ទៅ​ខាង​ប្រុស​ថា ជា​បុរស​គ្មាន​ទំនូល​ខុស​ត្រូវ​។ យ៉ាងណាមិញ ជុំវិញ​រឿងរ៉ាវ​ជីវិត​ប្តី​ប្រពន្ធ យើងខ្ញុំ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​នោះ​ទេ​។ យ៉ាងណាមិញ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព អ្នក​នាង វ៉ា​ឌី ភា​លី បាន​បញ្ជាក់​ថា គ្រប់យ៉ាង​គឺ​មិន​អាច​បក​ក្រោយ​នោះ​ទេ ។ នៅ​ពេល​សាកសួរ​បន្ថែម​ថា តើ​រឿង​នេះ​បង​នឹង​ដោះស្រាយ​យ៉ាង? តើ​បង​ទុក​ឪ​កាស​អោយ​គាត់​ម្តងទៀត​ឬទេ? អតីត​បេក្ខភាព The Voice រដូវ​កាល​ទី​៣ អ្នក​នាង វ៉ា​ឌី ភា​លី រូប​នេះ​និយាយ​យ៉ាង​ខ្លី​ថា « អត់​អាច​លើកលែង​ទៀត​ទេ​បង »​។

​នៅ​ពេល​សួរ​បញ្ជាក់​ជា​ថ្មី តើ​មូលហេតុ​អ្វី​អ្នក​នាង​អត់​អាច​លើកលែង​បាន? ដោយសារ​តែ​ប្តី​ខុស​ច្រើន​ដង​ពេក ឬ​យ៉ាង? វ៉ា​ឌី ភា​លី ថា « ចា៎​បង ហើយ​ណាមួយ​អី​ឡូ​វ​នេះ​គាត់​ធ្វើ​សាហាវ​ដាក់​ខ្ញុំ​ពេក​ដែរ​ពិបាក​នឹង​ទទួលយក​គាត់​វិញ​ណាស់​»​។ ជាមួយ​គ្នា​នោះ​ផង​ដែរ វ៉ា​ឌី ភា​លី បាន​ថ្លែង​ថា ដោយសារ​តែ​ភាព​ក្មេងខ្ចី​របស់​នាង នាង​បាន​ធ្វើ​ប្រហែស​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​ប្តី​របស់​នាង​នោះ​ទេ ពោល គឺ​អ្នក​នាង​បាន​រៀប​ការ​ត្រឹមត្រូវ​តាម​ប្រពៃណី​ជាមួយ​ប្តី គ្រាន់តែ​ច្រ​ឡោះ​ប្រហោង​នឹង​ផ្លូវច្បាប់ ដោយ​ពុំ​បាន​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​ប្តី​ដែល​បាន​រៀប​ការ​នោះ​។

សូម​រម្លឹក​ផង​ដែរ​ថា ជា​ទស្សនៈ​ទូទៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​រួមរស់​ជាមួយ​គ្នា​ដែល​មាន​លក្ខណៈ​ជា​ប្ដី​-​ប្រពន្ធ រយៈពេល​យូរ ឬ​ប្រារព្ធ​នូវ​ពិធី​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ទំនៀមទម្លាប់​នោះ គឺជា​ប្ដី​-​ប្រពន្ធ​ដែល​ស្រប​តាម​ច្បាប់​ហើយ​។ ចំពោះ​ការ​យល់​ឃើញ ក៏​ដូច​ជា​ការ​អនុវត្ត​បែប​នេះ គឺ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ ពីព្រោះ​ថា ច្បាប់​បាន​កំណត់​ថា ប្តី​-​ប្រពន្ធ ដែល​ស្របច្បាប់ គឺ​បុរស និង​នារី ដែល​បាន​គោរព និង​អនុវត្ត​នូវ​លក្ខខណ្ឌ​តាម​ច្បាប់ ជា​ពិសេស​ការ​ចុះបញ្ជី​អាពាហ៍ពិពាហ៍ នៅ​ចំពោះ​មុខមន្ត្រី​អត្រានុកូលដ្ឋាន​។  

​ផ្ទុយ​ទៅ​វិញ ប្រសិនបើ​បុរស និង​នារី គ្រាន់តែ​បាន​ប្រារព្ធ​ពិធី​រៀប​អាពាហ៍ពិពាហ៍​តាម​បែប​ប្រពៃណី​ទំនៀមទម្លាប់ ឬ​រួមរស់​ជាមួយ​គ្នា​ដែល​មាន​លក្ខណៈ​ជា​ប្ដី​-​ប្រពន្ធ ដោយ​មិន​បាន​ចុះបញ្ជី​អាពាហ៍ពិពាហ៍ ត្រូវ​បាន​ហៅ​ថា «​អ​នីតិ​សង្វាស​»​។ ជា​រួម​ចំណង​អ​នីតិ​សង្វាស គឺជា​ការ​រួមរស់​ជាមួយ​គ្នា ដែល​មិន​បាន​ចុះបញ្ជី​អាពាហ៍ពិពាហ៍ ដែល​បងប្អូន​ខ្មែរ​យើង​មួយ​ចំនួន​ច្រើន​ហៅ​ថា (​អេ​តា​ស៊ី​វិល​) នៅ​ចំពោះ​មុខមន្ត្រី​អត្រានុ​កូលដ្ឋាន​។ ត្បិត​តែ​នៅ​ពេល​បែកបាក់​គ្នា ភាគី​នៃ​អ​នីតិ​សង្វាស​មិន​មាន​ភាព​ស្មុគស្មាញ​ដូច​ទៅ​នឹង​ប្តី​-​ប្រពន្ធ (​អាពាហ៍ពិពាហ៍​) ស្របច្បាប់​ក៏​ដោយ ប៉ុន្តែ​អ​នីតិ​សង្វាស​នេះ​ក៏​មិន​ត្រូវ​បាន​ច្បាប់​ការពារ និង​ទទួល​បាន​អត្ថប្រយោជន៍ ដូច​ទៅ​នឹង​ប្តី​-​ប្រពន្ធ (​អាពាហ៍ពិពាហ៍​) ស្របច្បាប់​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ