«សណ្តែកកួរឡើងថ្លៃ» បានក្លាយជាប្រធានបទក្តៅគគុកក្នុងការពិភាក្សានៅលើបណ្តាញសង្គម ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រោយប្រតិកម្មលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្លើយតបទៅនឹងបញ្ហាបញ្ចេញយោបល់អំពីរឿងសណ្តែកកួរនេះ ។
លោក ឃឹម ហ្វីណង់ បានចែករំលែកថា សណ្តែកកួរឡើងថ្លៃ ទាំងនោះមិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើងដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ៨០% ទៅ ៩០% ។

លោកបានបញ្ជាក់នៅលើបណ្តាញសង្គមរបស់លោកថា «កុំថាឡើយតែដំណាំ សូម្បីតែ មនុស្សនិងសត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ។ តាមពិតទៅ យើងមានតែជួយត្រេកអរដល់ កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ» ។ លោកបានបន្តចែករំលែកទៀតថា បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ១គីឡូ៤ម៉ឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន៥០០រៀល ដូចការរិះគន់ ម្ល៉េះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថា កសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ ។ ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគរទៅ?!
អ្នកនាំពាក្យក្រសួងជំនាញបានបន្តថា គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ គឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយតែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន ។

អ្នកហូបទៀតសោតក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថា យើងអត់ហូបសណ្តែកកួរមិនបានឯណា ។
ការលើកឡើងរបស់លោក ឃឹម ហ្វីណង់ គឺក្រោយពេលដែលមានការផ្សព្វផ្សាយមួយករណីឡើងថ្លៃសណ្តែកកួរនៅលើទីផ្សារ ។
ជុំវិញការលើកឡើងបែបនេះ លោក ឃឹម ហ្វីណង់ក៏បានដាក់ជាសំនួរថា« មិនច្បាស់ថា ប្អូនយល់ច្រលំ ឬចង់បំពុលទេ តែការនិយាយរបស់ប្អូន ពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណៈជន ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរដោយរំពឹងថា នឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង» ។

លោកបានបន្តទៀតថា ក្រសួងកសិកម្មពិតជាមានការងារច្រើនដែលត្រូវធ្វើ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកសិករយើង នៅក្នុងកាលៈទេសៈដែលការប្រែប្រួលអាកាសធាតុកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងមកលើផលដំណាំរបស់ពួកគាត់ ។ យើងទាំងអស់គ្នា គួរណាស់តែជួយចូលរួមរកវិធីដោះស្រាយ មិនមែនប្រឹងផ្សព្វផ្សាយឱ្យរឹតតែច្របូកប្របល់នោះទេ ។
ក្រោយប្រតិកម្មបែបនេះ នៅលើបណ្តាញសង្គម គិតត្រឹមព្រឹកម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អ្វីដែលលោក ឃឹម ហ្វីណង់ បានប្រតិកម្ម គឺមានការចែករំលែកតៗគ្នាសរុប២៦០គណនី និងបញ្ចេញយោបល់សរុប១៦៥យោបល់ និងមានអ្នកចុច Likes សរុប ១,១ K ៕
ចែករំលែកព័តមាននេះ