ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមុទ្រ​ឈើ​ភ្នំ​បាយ​ឆៅ បង្អួត​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ

2 ខែ មុន
  • មណ្ឌលគិរី

មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី បាន​អះអាង​ថា ទោះជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្តៅ​ហួតហែង យ៉ាងណា​ក៏​ដោយ ក៏​រមណីយដ្ឋាន​មួយ​នៅ​ខេត្ត​នេះ គឺ​រមណីយដ្ឋាន

មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី បាន​អះអាង​ថា ទោះជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្តៅ​ហួតហែង យ៉ាងណា​ក៏​ដោយ ក៏​រមណីយដ្ឋាន​មួយ​នៅ​ខេត្ត​នេះ គឺ​រមណីយដ្ឋាន «​សមុទ្រ​ឈើ​ភ្នំ​បាយ​ឆៅ​» នៅ​តែ​មាន​សម្រស់​គួរ​ឲ្យ​គយគន់ ។

ប្រភព​ដដែល បាន​អះអាង​ថា នៅ​ដើមខែ​ឧសភា​នេះ នៅ​រមណីយដ្ឋាន​ធម្មជាតិ​នា​កន្លែង​នោះ គឺ​កំពុង​តែ​ស្រស់​ស្អាត នឹង​សម្រស់​ផ្កាត្របែកព្រៃ ដែល​កំពុង​តែ​រីក​ស្គុះស្គាយ ។

មក​ដល់​ពេល​នេះ សមុទ្រ​ឈើ​ភ្នំ​បាយ​ឆៅ បាន​កំពុង​តែ​ក្លាយជា​រមណីយដ្ឋាន ដែល​មិន​អាច ខ្វះ​បាន ចំពោះ​ភ្ញៀវ​ទេសចរ​ទាំងឡាយ ដែល​បាន​ទៅ​ដល់​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​។

ទេសភាព​ធម្មជាតិ​នៅ​តំបន់​នោះ គឺ​អ្នកទេសចរ​អាច​ឃើញ​ទិដ្ឋភាព​ព្រៃ​ភ្នំ​ដាច់​កន្ទុយភ្នែក គួរ​ឱ្យ​ចង់​គយគន់ រហូត​ដល់​ភ្ញៀវ​ខ្លះ បាន​ត្រេកត្រអាល​ជាមួយនឹង​ការ​ថតរូប​ទេសភាព​ដ៏​ស្រស់បំព្រង​គ្មាន​ពីរ​នៅ​ទីនោះ​។

ប​ច្នុ​ប្បន្ន ភ្នំ​បាយ​ឆៅ នោះ គេ​តែងតែ​សង្កេត​ឃើញ​មាន​អ្នកដំណើរ និង​ភ្ញៀវ​ទេសចរ ឈប់​ចត​រថយន្ត ដើម្បី​ថតរូប​ទេសភាព ដែល​ចេញពី​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដែល​គេ​អាច​មើលឃើញ​នូវ​ព្រៃ​ភ្នំ​ដ៏​ខៀវស្រងាត់​គ្រប់​រដូវ​កាល ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ទៅ​ដល់​ម្តង​ហើយ នឹង​ចង់ទៅ​ម្តងទៀត​។

សម្រាប់​ការ​ធ្វើ​ដំណើរ ដើម្បី​ទៅ​ដល់ទី​តាំង​នៃ​រមណីយដ្ឋាន​សមុទ្រ​ឈើ ភ្នំ​បាយ​ឆៅ ភ្ញៀវ​ទេសចរ​មាន​ភាព​ងាយស្រួល ពីព្រោះ​មិន​មានការ​ធ្វើ​ដំណើរ​ថ្មើរជើង និង​ធ្វើ​ដំណើរ​ឆ្លង​ទឹក ឬ​ក៏​ជិះទូក​ឡើយ​។

ចំពោះ​ចំណតរថយន្ត​វិញ ភ្ញៀវ​ទេសចរ​អាច​ធ្វើការ​ចត​ដោយ​ផ្ទាល់​នៅ​រមណីយដ្ឋាន​បាន​ថែម ទៀត​ផង​។ សម្រាប់​កន្លែង​អង្គុយ​លំហែកាយ​វិញ រមណីយដ្ឋាន​សមុទ្រ​ឈើ ភ្នំ​បាយ​ឆៅ គឺ​មាន កន្លែង​អង្គុយ​ជា​ច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ ហើយ​ក៏​មាន​សេវាកម្ម​ទទួល​កម្ម​ង់​អាហារ​ផ្ទាល់​ពី​ទីនោះ​ផង​ដែរ​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ