ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានអគ្គិសនីកំពុងវាយលុកទីផ្សារខ្លាំង តែហេតុអ្វីតម្រូវការប្រេងនៅតែកើនឡើង?

1 អាទិត្យ មុន

ចក្រភពអង់គ្លេស ៖ រថយន្តអគ្គិសនី កំពុងតែវាយលុកទីផ្សារពិភពលោកយ៉ាងខ្លាំង ជាមួយនឹងការ

ចក្រភពអង់គ្លេស ៖ រថយន្តអគ្គិសនី កំពុងតែវាយលុកទីផ្សារពិភពលោកយ៉ាងខ្លាំង ជាមួយនឹងការលក់កើនឡើងលើសពីការរំពឹងទុក ស្របពេលដែលការប្រើប្រាស់ប្រេងនៅទូទាំងពិភពលោកក៏នឹង​កើន​ឡើងផងដែរ។ ដូច្នេះសំណួរត្រូវបានចោទសួរថា ការលក់រថយន្តអគ្គិសនី កំពុងវាយលុកទីផ្សារខ្លាំង ប៉ុន្តែហេតុអ្វីតម្រូវការប្រេងពិភពលោក នៅតែកើនឡើង?

យោងតាមរបាយការណ៍គេហទំព័រ Inside Climate News ដែលជាអង្គភាពព័ត៌មានមិនរកប្រាក់ចំណេញ ផ្តោតលើព័ត៌មានបរិស្ថាន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា អ្នកជំនាញមួយចំនួនលើកឡើងថា ការលក់រថយន្តអគ្គិសនី ឬ EVs កំពុងតែបង្កើនល្បឿនលឿនជាងការរំពឹងទុក បើទោះបីជាមានការធ្លាក់ចុះនៅមួយរយៈចុងក្រោយនេះ យ៉ាងណាក៏ដោយ។ ការកើនឡើងនេះ ក៏ព្រោះតែការគាំទ្រពី​រដ្ឋាភិបាលប្រទេសផលិតធំៗដូចជា ចិន សហរដ្ឋអាម៉េរិក និងអឺរ៉ុប។

បើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ដែលហៅកាត់ថា IEA បានឱ្យដឹងថា កាលពីឆ្នាំមុន ស្ទើរតែ១គ្រឿងក្នុងចំណោមរថយន្តថ្មីចំនួន៥គ្រឿង ដែលត្រូវបានលក់លើពិភពលោក គឺជារថយន្តអគ្គិសនី។

យ៉ាងណាមិញ បើក្រឡេកទៅមើលតម្រូវការប្រេងពិភពលោកឯណោះវិញ បានបន្តកើនឡើង ហើយបច្ចុប្បន្នមានប្រហែល១០០លានបារ៉ែលក្នុង១ថ្ងៃ ដោយបានគូសបញ្ជាក់ពីការលំបាកក្នុងការផ្លាស់ប្ដូរម៉ាស៊ីនរថយន្តពិភពលោកឱ្យចេញឆ្ងាយពីប្រេងឥន្ធនៈ ដើម្បីជៀសវាងការឡើងកំដៅផែនដី។

លោក Daniel Raimi អ្នកជំនាញនៃវិទ្យាស្ថានធនធានសម្រាប់អនាគត ដែលជាវិទ្យាស្ថានស្រាវជ្រាវបរិស្ថាន និងថាមពល បានលើកឡើងថា «ក្រោមគោលនយោបាយបច្ចុប្បន្ន រថយន្តអគ្គិសនីមិនមែនជាការគំរាមកំហែងដែលមានស្រាប់ ចំពោះតម្រូវការប្រេងពិភពលោកនោះទេ។ ប្រសិនបើយើងអាចសម្រេចបាននូវគោលដៅអាកាសធាតុរយៈពេលវែង យើងត្រូវការគោលនយោបាយសាធារណៈបន្ថែម និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ដើម្បីនាំយើងទៅរកគោលដៅដែលយើងត្រូវទៅ»។

យោងតាមរបាយការណ៍ពី IEA បានឱ្យដឹងថា តម្រូវការប្រេងពិភពលោក បានកើនឡើងលឿនជាងការរំពឹងទុកក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នគឺខ្ពស់ជាងបន្តិច កាលពីមុនពេលការរាតត្បាតជំងឺកូវីដ-១៩។ ភ្នាក់ងារនេះរំពឹងថា តម្រូវការប្រេងនឹងឡើងដល់កំពូលមុនដំណាច់ទសវត្សរ៍នេះ ហើយអាចនៅតែរឹងមាំអស់ជាច្រើនទស្សវត្សរ៍ទៀត។

សេណារីយ៉ូគោលនយោបាយ ដែលបានបញ្ជាក់របស់ IEA មានគោលបំណងធ្វើគំរូនូវអ្វីដែលនឹងកើតឡើងក្រោមគោលនយោបាយជាតិ ដែលត្រូវបានអនុម័តរួចហើយនោះ ដោយការព្យាករណ៍ថា ការប្រើប្រេងពិភពលោកនឹងធ្លាក់ចុះត្រឹម ៣% ប៉ុណ្ណោះ នៅឆ្នាំ ២០៥០។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនអះអាងថា គំរូរបស់ IEA គឺជាការបរាជ័យក្នុងការចាប់យកល្បឿន នៃការផ្លាស់ប្ដូររបស់ពិភពលោក។

ជាក់ស្តែងជាឧទាហរណ៍ សេណារីយ៉ូគោលនយោបាយ ដែលបញ្ជាក់គឺហួសសម័យទៅហើយ ដោយមិនបានរាប់បញ្ចូលច្បាប់​ទប់ស្កាត់​ការបំភាយឧស្ម័ន សម្រាប់រថយន្ត និងឡានដឹកទំនិញ ដែលត្រូវបានអនុម័តដោយរដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (Joe Biden) កាលពីខែមីនាកន្លងទៅ។ ច្បាប់ទាំងនោះត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿននៃការប្រើប្រាស់រថយន្តអគ្គិសនី និងកូនកាត់អគ្គិសនី ដែលបង្កើតបានប្រហែល ៩% នៃការលក់រថយន្តថ្មី កាលពីឆ្នាំមុន។

នេះបើយោងតាមរបាយការណ៍របស់ Wards Intelligence។ បច្ចុប្បន្ន រថយន្តអគ្គិសនី និងកូនកាត់អគ្គិសនី Plug-in Hybrid ត្រូវបានរំពឹងថា នឹងកាត់បន្ថយការប្រើប្រេងសាំង និងម៉ាស៊ូតស្មើនឹង ២.៧លានបារ៉ែលក្នុង១ថ្ងៃ នៅឆ្នាំ ២០៥០ ឬប្រហែល ១៤% នៃការប្រើប្រាស់ប្រេងរបស់សហរដ្ឋអាម៉េរិក។

ប្រទេសចិន ដែលជាប្រទេសនាំមុខគេលើការលក់រថយន្តអគ្គិសនីសម្រេចបាន មុនពេលឈានដល់គោលដៅឆ្នាំ ២០២៥ របស់ខ្លួន។ ជាក់ស្តែង កាលពីឆ្នាំមុន ៣៧% នៃរថយន្តថ្មី ដែលបានលក់នៅក្នុងប្រទេសចិន គឺជារថយន្តអគ្គិសនី។ នេះយោងតាមរបាយការណ៍ពីក្រុមហ៊ុនហិរញ្ញវត្ថុ Raymond James ហើយនៅឆ្នាំនេះ តួលេខអាចកើនឡើងដល់ ៤៥% នៃការលក់រថយន្តថ្មី នៅក្នុងប្រទេសចិន។ ក្រុម​ហ៊ុនប្រេងមួយចំនួន នៅតែមានសុទិដ្ឋិនិយមចំពោះតម្រូវការសម្រាប់ផលិតផលស្នូលរបស់ពួកគេ ហើយបន្តប្រឆាំងនឹងគោលនយោបាយ ដែលនឹងបង្កើនល្បឿននៃការលក់រថយន្តអគ្គិសនី ។

វិទ្យាស្ថានប្រេងអាម៉េរិក ហៅកាត់ថា API បានបដិសេធធ្វើបទសម្ភាសពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែអ្នកនាំពាក្យ លោក Scott Lauermann បានចង្អុលបង្ហាញពីគំរូដោយរដ្ឋបាលព័ត៌មានថាមពលអាម៉េ​រិក ដែលបង្ហាញពីតម្រូវការសកលសម្រាប់ប្រេងសាំងធ្លាក់ចុះបន្តិចនៅក្នុងទសវត្សរ៍ក្រោយ មុនពេលកើនឡើងវិញម្ដងទៀត។ គម្រោងគំរូរបស់រដ្ឋបាលបង្ហាញថា កំណើនប្រជាជនពិភពលោកនឹងនាំ​ឱ្យ​មានតម្រូវការថាមពលខ្ពស់ ហើយបានសន្មត់ថា ការលក់រថយន្តអគ្គិសនីនឹងកើនឡើង​យឺត ដែលស្មើនឹងចន្លោះពី ២៩% ទៅ ៥៤% នៃការលក់រថយន្តថ្មីនៅឆ្នាំ ២០៥០។

នៅក្នុងសន្និសីទឧស្សាហកម្មថាមពល កាលពីខែមីនាកន្លងទៅ នៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក លោក Amin Nasser នាយកប្រតិបត្តិក្រុមហ៊ុន Saudi Aramco ដែលជាក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត បានច្រានចោលការពិភាក្សាអំពីការផ្លាស់ប្ដូរថាមពលដ៏ឆាប់រហ័ស ដោយនិយាយថា «យើងគួរបោះបង់ចោលការស្រមើស្រមៃនៃការបញ្ឈប់ការប្រើប្រាស់ប្រេង និងឧស្ម័ន»។

ការស៊ើបអង្កេតកាលពីឆ្នាំមុន ដោយមជ្ឈមណ្ឌលសម្រាប់របាយការណ៍អាកាសធាតុ ដែលជាអង្គការព័ត៌មានមិនស្វែងរកប្រាក់ចំណេញ បានបង្ហាញថា ក្រុមហ៊ុន Saudi Aramco កំពុងវិនិយោគលើគំនិតផ្តួចផ្តើមជាច្រើន ដើម្បីគាំទ្រតម្រូវការប្រេងរយៈពេលវែង រួមទាំងការអភិវឌ្ឍរថយន្តម៉ាស៊ីនចំហេះតម្លៃថោក ដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីថែមទៀតផង៕ (ប្រភព ៖ Inside Climate News រូបភាព ៖ Reuters, Bloomberg និង ET Auto)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ