ទីក្រុងបាងកក៖ វិស័យទុរេនរបស់ថៃកំពុងជួបបញ្ហាជំពាក់មុខស្រាយមិនចេះអស់។ អស់ពីរឿង១ចូលរឿង១ទៀត។ វៀតណាមទើបតែដណ្ដើមទីផ្សារទុរេនក្នុងការនាំចូលប្រទេសចិនថៃមិនទាន់ស្ដារឡើងវិញផង ឥឡូវនេះខែក្ដៅខ្លាំងធ្វើឱ្យម្ចាស់ចម្ការទុរេនថៃត្អូញត្អែរមិនដាច់ពីមាត់។ ម្ចាស់ចម្ការទុរេនឈ្មោះបុស្បា ណាក់ភីផាត់ (Busaba Nakpipat) ប្រាប់ថាឆ្នាំនេះគាត់ជួបនឹងបញ្ហាធំ។ ស្ត្រីវ័យ៥៤ឆ្នាំរូបនេះកំពុងមើលថែទាំចម្ការទុរេននៅខេត្តឈុនបុរី។
ទុរេនថៃឆ្នាំនេះប្រមូលផលបានតិចជាងរាល់ដងដោយសារអាកាសធាតុក្ដៅខ្លាំង។ អ្នកស្រីបុស្បាត្អូញត្អែរថាបើអាកាសក្ដៅបែបនេះតទៅទៀត ឆ្នាំក្រោយៗប្រហែលជានិយាយលែងចេញតែម្ដង។ ជារៀងរាល់ឆ្នាំ ទុរេនអាចប្រមូលផលចាប់ពីខែមីនា-មិថុនា។ ប៉ុន្តែអាកាសធាតុក្ដៅណាស់ឆ្នាំនេះ។ នៅឈុនបុរីកម្ដៅឡើងដល់៤០អង្សាអស់ជាច្រើនអាទិត្យគួបផ្សំនឹងគ្រោះរាំងស្ងួតនៅរដូវប្រាំងទៀតធ្វើឱ្យរយៈពេលប្រមូលផលទុរេនកាន់តែខ្លី។
អ្នកស្រីបុស្បាប្រាប់ថាសីតុណ្ហភាពក្ដៅខ្លាំងពេកធ្វើឱ្យផ្លែទុរេនតូចជាងមុន, ស្រាលជាងមុន និងឆាប់ទុំជាងមុន។ ទុរេនខ្លះទើបតែចេញផ្លែតូចតែមួយមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមទុំបាត់ទៅហើយ។ ផ្លែទុរេនតូចៗគេមិនចង់ទិញទេ។ ទុរេនខ្លះគ្រាប់ធំទៀតចប់តែម្ដង។ ហេតុនេះគុណភាពទុរេនទាំងសាច់ ក្លិន ពណ៌សម្បុររបស់ទុរេនមិនត្រូវតាមកម្រិតស្តង់ដារទាល់តែសោះ។
ដូច្នេះ ប្រាក់ចំណូលពីការលក់ទុរេនឆ្នាំនេះមិនបានប៉ុន្មានទេព្រោះត្រូវផាត់ថ្លៃចំណាយផ្សេងៗដូចជាការដាំដុះ ថែទាំ ដាក់ជី ស្រោចទឹកកាន់តែច្រើនជាងមុន។ ឆ្នាំនេះចាប់ពីខែមីនាមក, ទឹកទន្លេ បឹង បួរ រីងចង់អស់។ រាល់ឆ្នាំ, ម្ចាស់ចម្ការច្រើនពឹងលើទឹកអណ្ដូងដែលជីកនៅក្នុងចម្ការសម្រាប់ស្រោចទុរេន។ ប៉ុន្តែឆ្នាំនេះអណ្ដូងគ្មានទឹក១តំណក់។ ដូច្នេះ អ្នកស្រីបុស្បាត្រូវទិញទឹកដែលគេដឹកតាមឡានដើម្បីយកទៅស្រោចចម្ការទុរេនទំហំ១,៦ហិកតារចំនួន៤កន្លែង។ ស្រោចម្ដងៗអស់ទឹក១០ឡានស្មើនឹង១២០ម៉ែត្រគីប។ គាត់ត្រូវស្រោចរាល់ថ្ងៃ។ គិតទៅគ្រាន់តែចំណាយលើទឹកស្រោចទុរេនអស់រាប់ពាន់ដុល្លារ។
វិស័យនាំចេញទុរេនរបស់ថៃអាចរកប្រាក់ចំណូលបានខ្ទង់ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ ម៉្យាងទៀត ទុរេនជាដំណាំដែលអាចរកចំណូលច្រើនលំដាប់ទីបីរបស់ប្រទេសថៃបន្ទាប់ពីអង្ករ និងកៅស៊ូ។ ប៉ុន្តែនៅពេលការប្រមូលផលទុរេនជួបនឹងបញ្ហាដូច្នេះធ្វើឱ្យអាជីវករទទួលទុរេនពីចម្ការយកទៅលក់បន្តឱ្យអតិថិជនរបស់ខ្លួនចាប់ផ្ដើមព្រួយបារម្ភថាអាចនឹងខ្វះទុរេនលក់ឆ្នាំនេះ។
អាជីវករលក់ទុរេនសម្លឹងឃើញថាថ្វីដ្បិតផ្លែទុរេនរាងតូចៗជាងមុនដោយសារស្រោចទឹកមិនដល់ ប៉ុន្តែទុរេននៅតែត្រូវប៉ាន់ តម្លៃនៅតែខ្ពស់ដោយសារប្រទេសចិនមានតម្រូវការទុរេនកាន់តែច្រើន។ ទុរេនថៃដែលនាំចេញទៅក្រៅប្រទេស ៩៥%នាំទៅចិន ហើយអាចលក់បាន៤,៦ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។ នេះបើយោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មចិន។
និយាយនេះនិយាយកាលពីឆ្នាំ២០២៣រាប់ថយក្រោយវិញ។ ប៉ុន្តែចាប់ពីពេលនេះទៅមុខ, ថៃលែងអាចវ៉ាងទីដូចមុនទៀតហើយដោយសារវៀតណាមបានវ៉ាដាច់នៅឆ្នាំនេះ។ ជនជាតិចិនកំពុងឆ្ងាញ់មាត់នឹងទុរេនវៀតណាមដោយសារទី១-អាចផ្គត់ផ្គង់បានខួបប្រាំងខួបវស្សា, ទី២-ដឹកជញ្ជូនលឿន និងទី៣-តម្លៃថោក។ ទាំងនេះជាចំណុចស្លាប់រស់នៃការប្រកួតប្រជែង។
សារព័ត៌មានចិនផ្សាយកាលពីខែឧសភាថាចិននាំចូលទុរេនពីវៀតណាមច្រើនជាងមុន៥០%។ បញ្ហានេះដោយសារថៃមិនអាចផ្គត់ផ្គង់ទុរេនទាន់តម្រូវការ។ ម៉្យាងទៀតថៃជួបនឹងគ្រោះរាំងស្ងួត និងការឡើងកម្ដៅខ្លាំង។ អាកាសធាតុក្ដៅធ្វើឱ្យទុរេនប្រមូលផលបានតិច និងមានផ្លែតូចៗ។ ឥឡូវនេះ មិនថាតែអ្នកម្ចាស់ចម្ការទេដែលត្អូញ។ សូម្បីតែអាជីវករដែលទទួលទុរេនពីចម្ការយកមកពុះលក់បន្តក៏ចាប់ផ្ដើមថ្ងូរដូចព្រាប។ បើគ្មានទុរេនលក់ទេ ប្រាក់ចំណូលក៏មានតិចទៅតាមនោះផងដែរ៕
ចែករំលែកព័តមាននេះ