ខេត្តរតនគិរី ៖ រថយន្ដវ៉េអងមួយគ្រឿង មានដឹកផ្លែសំរ៉ងដែលសង្ស័យគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម ទើបត្រូវបានកម្លាំងអធិការទន្លេមេគង្គស្ទាក់ចាប់រួចប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការបន្តតាមច្បាប់ ។ ការបង្ក្រាបរថយន្តវ៉េអងដឹកផ្លែសំរ៉ងនោះធ្វើឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺទី២៩ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចហួសភ្នំយោល ក្នុងសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។

រថយន្តវ៉េអងដែលកម្លាំងជំនាញអធិការទន្លេមេគង្គបង្ក្រាបបាននោះ មានក្បាលពណ៌សលាយឆ្នូតពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម3A-4858 ហើយរ៉ឺម៉កខាងក្រោយ ពាក់ស្លាកលេខកំពង់ចាម4A-1215 បើកបរមានទិសដៅពីលិចទៅកើតចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅស្រុកអូរយ៉ាដាវតាមបណ្ដោយផ្លូវជាតិលេខ៧៨អា បំណងធ្វើអាជីវកម្មយកទៅលក់នៅប្រទេសវៀតណាម តែត្រូវកម្លាំងជំនាញស្ទាក់ជាប់ ។

ក្រោយស្ទាក់បង្ក្រាបបាន កម្លាំងបានរឹបអូសយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅក្នុងបរិវេណនៃមន្ទីរកសិកម្មខេត្តរតនគិរី។ ប្រភពបានឱ្យដឹងថា មុនពេលបង្ក្រាបនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ គេឃើញមានរថយន្តវ៉េអងមួយគ្រឿង មានភិនភាគដូចខាងលើ បានដឹកផ្លែសំរ៉ងពេញរថយន្ដប្រៀបតែម្តង រួចបើកបរចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅស្រុកអូរយ៉ាដាវលើកំណាត់ផ្លូវជាតិលេខ៧៨អា ហួសភ្នំយោលបន្ដិច ក៏ត្រូវបានកម្លាំងអធិការទន្លេមេគង្គមួយក្រុមស្ទាក់ឃាត់ ដើម្បីត្រួតពិនិត្យមើលលិខិតដឹកជញ្ជូនសំរ៉ងរួចក៏ត្រូវបង្ក្រាបរឹបអូសយកទៅបាត់ហើយ។

ក្រោយបង្ក្រាបកម្លាំងអធិការមេគង្គបានយករថយន្តដឹកផ្លែសំរ៉ងនេះ ប្រគល់ឲ្យទៅខណ្ឌរដ្ឋព្រៃឈើខេត្តរតនគិរីជាអ្នកទទួលចាត់ការបន្ដ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។








ចែករំលែកព័តមាននេះ