ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ទៀត ជា​បក្ខពួក ឡេ​ង ចាន់​ណា ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប្រ៊ី​លាន ស៊ី​ធី

2 អាទិត្យ មុន

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ទៀត បញ្ជូន​ទៅ​កាន់​តុលាការ ដែល​ស្ត្រី​ម្នាក់​នេះ ជា​បក្ខពួក​របស់​មេខ្លោង​ឆបោក ឡេ​ង ចាន់​ណា ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន…

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ទៀត បញ្ជូន​ទៅ​កាន់​តុលាការ ដែល​ស្ត្រី​ម្នាក់​នេះ ជា​បក្ខពួក​របស់​មេខ្លោង​ឆបោក ឡេ​ង ចាន់​ណា ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប្រ៊ី​លាន ស៊ី​ធី ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប បាន​ចេញ​ដីកា​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤ បង្គាប់​ឱ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េ​ត សុធី​ដា ភេទ​ស្រី អាយុ​៣២​ឆ្នាំ នាំ​យក​មក​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ដើម្បី​សួរ​ចម្លើយ​ពី​បទ «​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស (​ជា​ក្រុម​មានការ​ចាត់តាំង​)» តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៨០ នៃ​ក្រមព្រហ្មទណ្ឌ ។

ការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ ឈ្មោះ រ៉េ​ត សុធី​ដា ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ បាន​ពិនិត្យ​ភស្តុ​តាង ព្រមទាំង​បាន​សួរ​ចម្លើយ ជន​ត្រូវ​ចោទ​ឈ្មោះ ឡេ​ង ចាន់​ណា រួច​មក និង​ឃើញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េ​ត សុធី​ដា មាន​ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស​ខាងលើ ។

យោង​តាម​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ មន្ត្រី​នគរបាល​យុត្តិធម៌ បាន​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េ​ត សុធី​ដា មក​បង្ហាញខ្លួន​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ។ ក្រោយ​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េ​ត សុធី​ដា រួច​មក និង​បាន​ពិនិត្យ​ភស្តុ​តាង​ក្នុង​សំណុំរឿង ព្រមទាំង​ពិចារណា​អង្គហេតុ និង​អង្គច្បាប់​គ្រប់​ជ្រុងជ្រោយ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​ជា​បណ្តោះអាសន្ន និង​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្តសៀមរាប ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់ ផ្អែក​តាម​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ឡេ​ង ចាន់​ណា បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េ​ត សុធី​ដា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ ដែល​ស្រប​នឹង​ការ​អះអាង​ជា​រួម​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េ​ត សុធី​ដា ដែល​បាន​ឆ្លើយ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​ថា កន្លង​មក​ខ្លួន​ធ្លាប់​បាន​ណែនាំ​មិត្តភក្តិ​ឱ្យ​ដាក់​ប្រាក់​ចូល​ក្នុង​ក្រុមហ៊ុន ហើយ​ខ្លួន​ក៏​ទទួល​បាន​ផលប្រយោជន៍​ជា​ប្រាក់​មួយ​ចំនួន​ពី​ការងារ​ខាងលើ ។

បន្ថែម​លើស​ពី​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េ​ត សុធី​ដា បាន​ឆ្លើយ​បញ្ជាក់​ច្បាស់​ថា “​ខ្លួន​មិន​បាន​ទទួល​រង​នូវ​ការ​ខាតបង់​អ្វីមួយ​នៅ​ក្នុង​ក្រុមហ៊ុន ប្រ៊ី​លាន ស៊ី​ធី នោះ​ទេ ដោយសារ​ខ្លួន មិន​បាន​ដាក់​ប្រាក់​នៅ​ក្នុង​ក្រុមហ៊ុន​” ។

តាម​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ឡេ​ង ចាន់​ណា និង​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េ​ត សុធី​ដា ឃើញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េ​ត សុធី​ដា ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ ហើយ​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េ​ត សុធី​ដា មិនមែន​ជា​ជន​រង​គ្រោះ​ឡើយ ។

សូម​រម្លឹក​ឡើង​វិញ​ថា «​សំណុំរឿង​ក្រុមហ៊ុន ឡេ​ង ចាន់​ណា តុលាការ​បង្កក​គណនី​ធនាគារ ចំនួន​១៨៣ ឃុំខ្លួន​៥​នាក់ ចាប់ខ្លួន និង​កោះហៅ​២៦​នាក់​ទៀត​» សំណុំរឿង​ក្រុមហ៊ុន ប៊ី​លាន ស៊ី​ធី វើ​ល​ដ៍ ឯ​.​ក របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ឡេ​ង ចាន់​ណា ៖ សាលាដំបូង​ខេត្តសៀមរាប សម្រេច​បង្កក​គណនី​ធនាគារ ចំនួន ១៨៣ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ ចំនួន ៥​នាក់ រួម​មាន​ទាំង ឡេ​ង ចាន់​ណា ខណៈ​កំពុង​ស៊ើបអង្កេត​លើ​អ្នក​ពាក់ព័ន្ធ​នានា​ទាំង​សវ​តា​ជាតិ និង​ទ្រព្យសម្បត្តិ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ