រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ភាពចាំបាច់ នៃកម្ពុជា ក្នុងនាមជាប្រជាជាតិមួយ ត្រូវមានការឯកភាពគ្នាលើប្រវត្តិសាស្ត្រ អនាគតរបស់ប្រទេសមួយ គឺពឹងផ្អែកលើឆន្ទៈរបស់ប្រទេសនោះ ក្នុងការប្រឈមមុខជាមួយនឹងអតីតកាល ប៉ុន្តែដើម្បីធ្វើបែបនេះបាន លុះត្រាតែប្រជាជាតិនោះ មានការឯកភាពគ្នាលើការបកស្រាយអំពីអតីតកាល និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ដែលទាក់ទឹងនឹងសង្គ្រាម និងសន្តិភាពរបស់ប្រទេស ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍ សម្រាប់ទិវាចងចាំ ២០ ឧសភា ដែលបានប្រារព្ធធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក (អតីតសាលាក្តីខ្មែរក្រហម) នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២ បានគូសបញ្ជាក់ថា ៖ “សម្រាប់កម្ពុជា ប្រវត្តិសាស្ត្រទាក់ទងនឹងថ្ងៃរំដោះ ៧ មករា ១៩៧៩ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការសម្រេចបាននូវសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមានសម្តេចតេជោស្ថាបនិកមគ្គុទេសក៏ឯក ត្រូវតែមានការបកស្រាយតែមួយ និងមានភាពរឹងមាំ ដើម្បីចៀសវាងការប្រឌិតនូវរឿងរ៉ាវផ្សេងៗ ដើម្បីកេងចំណេញខាងនយោបាយ ដោយបំពានលើយុត្តិធម៌របស់ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិរបស់ យើង” ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ដើម្បីរៀបរាប់ឡើងវិញអំពីប្រវត្តិ នៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា យើងត្រូវតែទទួលស្គាល់ពីអំពើឃោរឃៅដែលរបបខ្មែរក្រហម បានប្រព្រឹត្ត។ យើងពិតជាមិនអាច មានទឡ្ហីករណ៍ណាមួយ ដើម្បីការពារពួកគេពីឧក្រិដ្ឋកម្មដ៏ឃោរឃៅប្រឆាំងនឹងមនុស្សជាតិបែបនេះបានឡើយ ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបន្តលើកឡើងថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃរំដោះ ឬជាថ្ងៃកំណើតទី២ របស់អ្នករស់រានមានជីវិតនៅកម្ពុជារាប់លាននាក់ ហើយជាមួយនឹងវិសាលភាពនៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបែបនេះ យើងពិតជាមិនអាចអត្ថាធិប្បាយអំពីថ្ងៃ ៧ មករា ១៩៧៩ ផ្សេងពីនេះបានឡើយ។ ដូចគ្នានេះដែរ ដើម្បីនិយាយអំពីដំណើរការសន្តិភាពរបស់កម្ពុជា យើងត្រូវមានការចូលរួមជាមួយគ្នា និងការកំណត់ឱ្យបានច្បាស់លាស់រវាងសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសមិទ្ធផលនៃនយោបាយ ឈ្នះឈ្នះ ដែលជាការពិតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងពីរនេះ បានជួយពង្រឹងគ្នាទៅវិញទៅមក ប៉ុន្តែរបត់ ប្រវត្តិសាស្ត្រសំខាន់បំផុតនៃសន្តិភាពរបស់កម្ពុជា គឺកើតចេញពីលទ្ធផលដ៏ត្រចះត្រចង់នៃនយោបាយឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និងរចនាសម្ព័ន្ធកម្លាំង ប្រដាប់អាវុធខ្មែរក្រហមត្រូវបានរំសាយទាំងស្រុង ហើយកម្លាំងទាំងអស់របស់ខ្មែរក្រហមត្រូវបានធ្វើសមា ហរណកម្មមកក្នុងសង្គមជាតិ ដែលនេះគឺជាសច្ចភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានបិទបញ្ចប់នូវ សង្គ្រាមសុីវិល និងការឈឺចាប់របស់ប្រជាជនកម្ពុជាដែលបានអូសបន្លាយអស់រយៈកាលបីទសវត្សរ៍ រហូត ទាល់តែក្រោយការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ នោះទើបកម្ពុជាចាប់ផ្តើមទទួលនូវសន្តិភាពពេញលេញ និងយូរអង្វែង រួមទាំងការឯកភាពជាតិ និងការឯកភាពក្នុងជួរកងទ័ព ព្រមទាំងទទួលបាននូវការគ្រប់គ្រងដ៏ពេញលេញលើបូរណភាពទឹកដីរបស់ខ្លួន និងក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ព្រមទាំងក្រោមម្លប់នៃអង្គព្រះមហាក្សត្រតែមួយ។ នេះគឺជាអច្ឆរិយហេតុសង្គមដ៏វិសេសវិសាលដែលកម្ពុជាពុំធ្លាប់បានជួបប្រទះនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន ។
សូមជម្រាបជូនថា សន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ធ្វើឡើងក្នុងគោលបំណងបង្កើតជាសហគមន៍ចម្រុះជាតិសាសន៍ ដោយប្រមូលផ្តុំអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេសក្រោយជម្លោះ ដែលអាចចែករំលែកគំនិតច្នៃប្រតិដ្ឋ និងការអនុវត្តល្អបំផុតដើម្បីធ្វើការរួមគ្នាក្នុងការកសាងសន្តិភាពយូរអង្វែងក្នុងប្រទេសកម្ពុជា និងសកលលោក ៕







ចែករំលែកព័តមាននេះ