ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ក្រុមហ៊ុន ឡេ​ង ចាន់​ណា តុលាការ​បង្កក​គណនី​ធនាគារ ចំនួន​១៨៣ ឃុំខ្លួន​៥​នាក់ ចាប់ខ្លួន​ និង​កោះហៅ​២៦​នាក់​ទៀត

1 អាទិត្យ មុន

ខេត្តសៀមរាប ៖ សំណុំរឿង​ក្រុមហ៊ុន ប៊ី​លាន ស៊ី​ធី វើ​ល​ដ៍ ឯ​.​ក របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ឡេ​ង ចាន់​ណា…

ខេត្តសៀមរាប ៖ សំណុំរឿង​ក្រុមហ៊ុន ប៊ី​លាន ស៊ី​ធី វើ​ល​ដ៍ ឯ​.​ក របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ឡេ​ង ចាន់​ណា ៖ សាលាដំបូង​ខេត្តសៀមរាប សម្រេច​បង្កក​គណនី​ធនាគារ ចំនួន ១៨៣ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ ចំនួន ៥​នាក់ រួម​មាន​ទាំង ឡេ​ង ចាន់​ណា ខណៈ​កំពុង​ស៊ើបអង្កេត​លើ​អ្នក​ពាក់ព័ន្ធ​នានា​ទាំង​សវ​តា​ជាតិ និង​ទ្រព្យសម្បត្តិ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ អ្នកនាំពាក្យ សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤​នេះ បានអោយ​ដឹង​ថា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ​នេះ សាលាដំបូង​ខេត្តសៀមរាប បាន​អនុវត្ត​កិច្ច​នីតិវិធី​ជា​ច្រើន មាន​ដូច​ខាងក្រោម ៖
១. បាន​សម្រេច​បង្កក​គណនី​ធនាគារ ចំនួន ១៨៣ គណនី និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន ។
២. បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ ចំនួន ៥ នាក់​, បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ២ នាក់ និង​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​លើ​ជន​ត្រូវ​ចោទ​ចំនួន ២៤ នាក់ ដោយ​កំណត់​ឱ្យ​ចូលខ្លួន​គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៤ ។
៣. បាន​ចេញ​ដីកា​ចាត់​ឱ្យ​ស៊ើបសួរ​ជំនួស ដោយ​បង្គាប់​ឱ្យ​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង​សាវតារ​ជាតិ
របស់​ជន​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បាន​បញ្ជាក់​ថា សាលាដំបូង​ខេត្តសៀមរាប បាន​និង​កំពុង​ចាត់ការ ហើយនឹង​បន្ត​ចាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង ក្រុមហ៊ុន ប៊ី​លាន ស៊ី​ធី វើ​ល​ដ៍ ឯ​.​ក របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ឡេ​ង ចាន់​ណា ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​ភាព​ត្រឹមត្រូវ ច្បាស់លាស់តម្លាភាព និង​យុត្តិធម៌​ដោយ​អនុវត្ត​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ។

សូម​បញ្ជាក់​ជូន​បន្ថែម​ថា សំណុំរឿង​នេះ ត្រូវ​ធ្វើការ​ស៊ើបសួរ​ទៅ​លើ​បុគ្គល ដែល​មានការ​ពាក់ព័ន្ធ​ច្រើន​នាក់​បន្ត​ទៀត ហើយ​ចំនួន​ជន​រង​គ្រោះ ក៏​មាន​ច្រើន​ផង​ដែរ ដែល​ទាមទារ​ពេលវេលា​សមរម្យ​ក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​អស់​លទ្ធភាព​ក្នុង​ន័យ​ស្វែងរក​ការ​ពិត ដើម្បី​ដោះស្រាយ​ជូន​ជន​រង​គ្រោះ ដើមបណ្តឹង​រដ្ឋប្បវេណីទាំងអស់​តាម​នីតិវិធី​ច្បាប់ ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សាធារណជន និង​បណ្ដាញសារព័ត៌មាន មេត្តា​សហការ​គ្រប់​ជ្រុងជ្រោយ​ដោយ​រក្សា នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ដើម្បី​ឱ្យ​សាលាដំបូង​ខេត្តសៀមរាប បន្ត​ចាត់ការ​សំណុំរឿង​នេះ ប្រកបដោយ​ប្រសិទ្ធភាព និង​ផ្ដល់​យុត្តិធម៌​ជូន​ភាគី ដែល​មានការ​ពាក់ព័ន្ធ​ទាំងអស់​នា​ពេល​ខាង​មុខ ។

គួរ​ជម្រាប​ជូន​ថា ក្នុង​ចំណោម​មនុស្ស​ទាំង ៥​នាក់ ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន គឺ​មាន​អតីត​ឧកញ៉ា ឡេ​ង​ចាន់​ណា ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន និង​២​នាក់ ជា​អគ្គនាយករង ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១៣ មីនា និង​អ្នក​ពាក់ព័ន្ធ​ចំនួន ២​នាក់​ទៀត ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​២០ មីនា​។ អ្នក​ទាំង​៥​រូប​នេះ ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ​ចោទ​ចំនួន ៣​ករណី រួម​មាន ៖ ទី​១. ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​ដោយ​ក្រុម​មានការ​ចាត់តាំង​តាម​បញ្ញត្តិ​មាត្រា​៣៧៧ និង​មាត្រា​៣៨០ នៃ​ក្រមព្រហ្មទណ្ឌ ទី​២. លាងលុយកខ្វក់ និង​ទី​៣. មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ។

ក្រៅពី​ការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ ៥​នាក់ មាន​បក្ខពួក​របស់​ឈ្មោះ ឡេ​ង ចាន់​ណា ចំនួន ២៦​នាក់​ផ្សេង​ទៀត កំពុង​ត្រូវ​បាន​ត្រៀម​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ស៊ើបសួរ តាម​នីតិវិធី​ច្បាប់ តាម​ពាក្យ​ប្តឹង​របស់​ពលរដ្ឋ​ជាង ៥,០០០​គ្រួសារ ដែល​បាន​ប្ដឹង​ចោទ​ក្រុមហ៊ុន​ពី​បទ​បាន​ឆបោក​ទឹកប្រាក់​វិនិយោគ​របស់​ពួក​គេ​ទាំង​ការ និង​ដើម​សរុប​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ