សិង្ហបុរី៖ ឥឡូវនេះ ចលនាការពារសិទ្ធិរបស់សត្វកាន់តែរឹតបន្តឹងនៅប្រទេសអាស៊ីមួយចំនួនរហូតដល់អ្នកប្រព្រឹត្តហិង្សា ឬសត្តឃាតទៅលើសត្វអាចនឹងជាប់ពន្ធនាគារដូចប្រព្រឹត្តហិង្សាទៅលើមនុស្សដែរ។ ជាក់ស្ដែង កូរ៉េខាងត្បូងទើបតែផ្ដន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារ១៤ខែពីបទសម្លាប់ឆ្មា៧៦ក្បាល។ ប្រទេសថៃក៏ធ្លាប់កាត់ទោសអ្នកសម្លាប់ឆ្កែ ឬសម្លាប់ និងបរិភោគឆ្កែដែលខ្លួនចិញ្ចឹម។

ឥឡូវនេះទៀត តុលាការសិង្ហបុរីកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារម្ភៃថ្ងៃពីបទទុកឆ្មារបស់ខ្លួនចោល៤៣ក្បាលឱ្យគ្នារស់នៅឯកោរកអ្វីស៊ីគ្មាននៅក្នុងផ្ទះល្វែងរយៈពេលជាច្រើនខែ ហើយគាត់ដើរចេញទៅក្រៅផ្ទះបាត់។ កាលពីថ្ងៃពុធសប្ដាហ៍នេះ បុរសវ័យ៣១ឆ្នាំឈ្មោះមូមហាមេត ដានីញែល សុខឺម៉ាន់ (Muhammad Danial Sukirman) ទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន (pledge guilty) ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃោរឃៅទៅលើសត្វ (animal cruelty)។

តុលាការរកឃើញថាគាត់បានបង្កការរងគ្រោះចំពោះសត្វឆ្មាទាំង៤៣ក្បាលដោយមិនបានផ្ដល់ចំណីអាហារ និងទឹកគ្រប់គ្រាន់សម្រាប់ពួកវាស៊ី និងផឹក។ គាត់ទុកឆ្មាទាំងនេះចោលនៅក្នុងផ្ទះល្វែងចាប់ពីខែសីហាដល់ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋអាជ្ញាធរអះអាងថាគាត់ទុកឆ្មាទាំងនេះនៅក្នុងបន្ទប់តូចចង្អៀត និងបន្សល់ទុកចំណីអាហារ និងទឹកបន្តិចបន្តួច។ រួចគាត់ចេញទៅក្រៅបាត់រាប់ខែ។ បុរសរូបនេះដឹងថាឆ្មាទាំងនេះបង្កើតកូនចៅកាន់តែច្រើន។ ប៉ុន្តែគាត់មិនព្រមផ្ដល់តម្រូវការរស់នៅសម្រាប់ពួកវាឱ្យបានគ្រប់គ្រាន់ និងរស់នៅមានផាសុកភាពទេ។

រឿងនេះបែកការណ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២១នៅពេលមានក្លិនស្អុយគគ្រុកជះចេញពីផ្ទះល្វែងរបស់បុរសខាងលើនេះ។ សមត្ថកិច្ចក៏ចុះទៅកន្លែងកើតហេតុ។ ពេលទៅដល់ឃើញទ្វារសាក់សោពីខាងក្រៅជាប់។ ម្ចាស់ផ្ទះនេះចេញទៅខាងក្រៅបាត់១ខែហើយ ហើយមិនទាន់ត្រឡប់មកវិញទេ។ នៅពេលសមត្ថកិច្ចវាយបំបែកសោដើម្បីបើកទ្វារចូលទៅខាងក្នុង ពួកគេឃើញសត្វឆ្មាជាង៣០ក្បាល ខណៈដែលសត្វឆ្មាខ្លះទៀតអត់អាហារដល់ស្លាប់ និងរលួយសាកសពនៅសល់តែគ្រោងឆ្អឹង។

នៅពេលអាជ្ញាធរទាក់ទងបុរសម្ចាស់ផ្ទះនេះ គាត់ប្រាប់ថាគាត់ចិញ្ចឹមឆ្មា៤១ក្បាលនៅរស់ និងឆ្មា២ក្បាលទៀតបានស្លាប់ហើយ។ គាត់ក៏ប្រគល់ឆ្មាទាំងនោះឱ្យអាជ្ញាធរ។ គាត់ប្រាប់ថាគាត់ និងប្រពន្ធបានផ្លាស់ទៅរស់នៅផ្ទះល្វែងកើតហេតុនេះកាលពីខែមករា ឆ្នាំ២០១៦ដើម្បីនៅជុំគ្នាជាមួយម្ដាយក្មេក។ កាលនោះ ផ្ទះនេះមានឆ្មាតែបីក្បាលប៉ុណ្ណោះ។ ប៉ុន្តែដោយសារគាត់មិនបានយកឆ្មាទៅចាក់ថ្នាំពន្យារកំណើត ជាហេតុធ្វើឱ្យពួកវាដោយញីដោយឈ្មោល និងបង្កើតកូនកាន់តែច្រើនទៅៗ។

គេឃើញថាសត្វឆ្មាទាំងនោះរកអ្វីស៊ីគ្មានទេ។ ពួកវាបានត្រឹមតែបន្តជីវិតរស់នៅដោយផឹកទឹកនៅចានបង្គន់។ កាលពីខែកក្កដា ឆ្នាំ២០២១ បុរសរូបនេះរកបានផ្ទះល្វែងថ្មីមួយកន្លែងទៀត។ គាត់ និងក្រុមគ្រួសារក៏រើទៅនៅទីនោះកាលពីខែសីហា ឆ្នាំដដែល។ ប៉ុន្តែគាត់មិនបាយកឆ្មាទៅនៅជាមួយទេ។ ទុកឆ្មានៅនឹងផ្ទះចាស់ហើយមិនព្រមបន្សល់ទុកចំណី និងទឹកសម្រាប់ពួកវាបន្តជីវិតរស់នៅឱ្យបានស្រួលទេ។

បញ្ហានេះដោយសារម៉្យាងគាត់ជាប់រវល់ធ្វើការមួយថ្ងៃៗច្រើនម៉ោងពេក។ ម៉្លោះហើយ គាត់មិនអាចឆ្លៀតពេលទៅមើលថែទាំងឆ្មាទាំងនោះទេ។ ម៉្យាងទៀត គាត់ជាប់បំណុលគេច្រើនណាស់។ ដូច្នេះ គាត់ប្រហែលជាមិនចង់រ៉ាប់រងទិញចំណីអាហារសម្រាប់សត្វឆ្មាដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះទេ។ ឆ្មាជាង៤០ក្បាលបើគិតពីចំណីសម្រាប់ពួកវា១ខែៗអស់លុយមិនស្ទើរទេ៕


ចែករំលែកព័តមាននេះ