ទីក្រុងសេអ៊ូល៖ ថ្មីៗនេះ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១៤ខែពីបទសម្លាប់សត្វឆ្មាច្រើនគួរសមដែររហូតដល់៧៦ក្បាល។ គេចាត់ទុកថានេះជាសំណុំរឿងធ្វើបាបសត្វដ៏សាហាវឃោរឃៅមួយមិនធ្លាប់មាននៅប្រទេសកូរ៉េខាងត្បូងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បុរសរូបនេះមិនត្រូវសមត្ថកិច្ច ឬតុលាការបង្ហាញអត្តសញ្ញាណរបស់គាត់ទេ។ គេគ្រាន់តែដឹងថាគាត់មានវ័យខ្ទង់២០ឆ្នាំប្លាយ។

គាត់ត្រូវតុលាការរកឃើញថាបានប្រព្រឹត្តល្មើសច្បាប់ស្ដីពីការការពារសត្វ។ ដំណើរការកាត់ទោសនេះធ្វើឡើងកាលពីសប្ដាហ៍មុន។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីតុលាការសាលាដំបូងសង្កាត់ឆាងវុន (Changwon)។ តុលាការរកឃើញថាចាប់ពីខែធ្នូ ឆ្នាំ២០២២ដល់ខែកញ្ញា ឆ្នាំ២០២៣ បុរសនេះបានសម្លាប់សត្វឆ្មាជាបន្តបន្ទាប់ដោយសារពីកំហឹង និងគំនុំសងសឹក។

គាត់មានចិត្តចងអាឃាតជាមួយសត្វឆ្មាទូទៅដោយឥតរើសមុខបន្ទាប់ពីឡានរបស់គាត់ត្រូវសត្វឆ្មាដទៃទៀតខ្វាច និងធ្វើឱ្យរបកទឹកថ្នាំ។ តាមពិត គាត់មិនដឹងថាឆ្មាណាខ្វាចឡានរបស់គាត់ទេ។ ប៉ុន្តែគាត់ជម្រះបញ្ជីជាមួយឆ្មាដទៃទៀត។ ដូច្នេះ ឆ្មាផ្សេងក្លាយជាអ្នករងថ្មបាក់ដោយសារការរើសអើង និងការស្អប់ម៉ៅទាំងអស់។ គាត់ដើរចាប់សត្វឆ្មាអនាថាដែលគ្នាកម្សត់ទុរគតស្រាប់ទៅហើយយកគ្នាទៅធ្វើបាបថែមមួយតង់ទៀត។

ក្រៅពីនេះ គាត់កុម្ម៉ង់ទិញឆ្មាតាមអនឡាញយកទៅដាក់មួយកន្លែងជុំគ្នាដើម្បីសំឡេះពួកវាចោល។ នៅក្នុងអំពើសត្តឃាតនេះ, ឆ្មាខ្លះត្រូវគាត់ចាប់ច្របាច់ករហូតដល់ផុតដង្ហើម, ឆ្មាខ្លះត្រូវគាត់យកកន្ត្រៃចាក់សម្លាប់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់តុលាការ។ មានករណី១នោះ គាត់ដាក់ឆ្មាដេកនៅលើផ្លូវ។ រួចហើយគាត់បើកឡានកិនពីលើរហូតដល់ស្លាប់។

តុលាការសម្រេចថាបុរសម្នាក់នេះត្រូវតែទទួលទោសជាប់ពន្ធនាគារ១៤ខែដោយមិនអាចបន្ធូរបន្ថយជាដាច់ខាត។ ទង្វើរបស់គាត់បើមិនដាក់គុកឱ្យរាងចាលទេ អាចក្លាយជាគំរូអាក្រក់សម្រាប់អ្នកដទៃទៀត។ ម៉្យាងទៀត ស្ថានទម្ងន់ទោសរបស់គាត់នៅត្រង់ថាអំពើសត្តឃាតនេះធ្វើឡើងដោយចេតនាទុច្ចរិតគិតទុកជាមុន និងដោយអំពើឃោរឃៅហួសពីការថ្លែង។

តុលាការចង់បញ្ជាក់ថាទោសនេះរាងស្រាលបន្តិចផងដោយយោងទៅលើហេតុផលបីយ៉ាងសំខាន់ៗ។ ទី១-គាត់ពុំធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមកដូចដែលមានចែងនៅក្នុងលិខិតថ្កោលទោស, ទី២-គាត់បង្ហាញវិប្បដិសារី និងការសោកស្ដាយគ្មានថ្ងៃបំភ្លេចបាននូវកំហុសដែលខ្លួនបានសាង និងទី៣-គាត់មានជំងឺផ្លូវចិត្តដែលតុលាការមិនបានបង្ហាញថាគាត់កើតជំងឺអ្វីពិតប្រាកដទេ។ បញ្ហាប៉ះទង្គិចសតិអារម្មណ៍នេះជាមូលហេតុធំដែលនាំឱ្យគាត់សម្លាប់ឆ្មាឥតប្រណីដៃ និងឥតញញើតដៃ។

លោកបូរ៉ាមី (Borami) ជានាយក «ការិយាល័យសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម» មានប្រសាសន៍ថាការកាត់ទោសនេះបង្ហាញថាកូរ៉េខាងត្បូងចាប់ផ្ដើមគិតគូរកាន់តែខ្លាំងចំពោះសុខុមាលភាពរបស់សត្វ និងដាក់ទោសកាន់តែធ្ងន់ចំពោះអ្នកធ្វើបាបសត្វដូចជាករណីខាងលើនេះ។

គេនៅចាំបានថាកាលពីដើមខែមករា រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ហាមឃាត់ការបរិភោគសាច់ឆ្កែ។ ករណីបុរសខាងលើសម្លាប់សត្វឆ្មាដោយអំពើឃោរឃៅនោះជាសញ្ញាបង្ហាញថាគេចាំបាច់ណាស់ត្រូវតែរៀបចំច្បាប់ទទួលស្គាល់សត្វប្រភេទខ្លះមានសិទ្ធិរស់រានមានជីវិតដើម្បីដាក់ទោសអ្នកដែលប្រព្រឹត្តហិង្សាទៅលើពួកវា៕
ចែករំលែកព័តមាននេះ