ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ MMA ម្នាក់ ជាប់បម្រាមអស់១ជីវិត ក្រោយ​ធ្វើទង្វើម្យ៉ាងលើ Ring Girl ​ក្នុង​សង្វៀន

3 ខែ មុន

ប្រទេសរុស្ស៊ី ៖ កីឡាករគុនចម្រុះ MMA របស់ប្រទេសអ៊ីរ៉ង់ Ali Heibati រងបម្រាមអស់មួយជីវិត

ប្រទេសរុស្ស៊ី ៖ កីឡាករគុនចម្រុះ MMA របស់ប្រទេសអ៊ីរ៉ង់ Ali Heibati រងបម្រាមអស់មួយជីវិត ចំពោះសកម្មភាពអសីលធម៌របស់ខ្លួន ដោយបានទាត់គូទនារីកាន់ស្លាកទឹកនៃការប្រកួត ដែលត្រូវបានស្គាល់ថា Ring Girl អំឡុងពេលការប្រកួតក្នុងប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះ។

យោងតាមប្រភពពីសារព័ត៌មាន Walla Sports និង The Jerusalem Post នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានរាយការណ៍ថា កីឡាករអ៊ីរ៉ង់ Ali Heibati បានចូលរួមកម្មវិធីប្រកួតសមាគម MMA ដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី ហៅកាត់ថា HFC ដោយប្រកួតទល់នឹងកីឡាករអាមេនី Arkady Ossifian នៅទីក្រុងមូស្គូ។ បន្ទាប់ពីកីឡាករទាំងពីរបានដើរចូលទៅក្នុងសង្វៀន ដើម្បីត្រៀមធ្វើការប្រកួត ស្រាប់តែ Heibati បានទៅទាត់គូទ Ring Girl ដែលកំពុងដើរលើកស្លាកទឹកទី១ នៃប្រកួតតែម្ដង។

ភ្លាមៗនោះ Ring Girl បានខឹងសម្បារយ៉ាងខ្លាំង និងបានងាកក្រោយ ហើយដើរសំដៅទៅលើកីឡាករ Heibati មុនពេលអាជ្ញាកណ្ដាលព្យាយាមទៅសម្រួលកុំឱ្យបង្កជាជម្លោះ។ ទោះយ៉ាងណាក៏ដោយ ការប្រកួតនៅតែប្រព្រឹត្តទៅជាធម្មតា ហើយបញ្ចប់ទៅដោយកីឡាករអាមេនី Ossifian យកឈ្នះដោយផ្តួលកីឡាករ Heibati ប្រើពេលត្រឹមតែ៣០វិនាទីប៉ុណ្ណោះ។

នៅពេលអាជ្ញាកណ្ដាលប្រាប់ Osipyan ឱ្យទៅកាន់ជ្រុងម្ខាង ស្រាប់តែ Heibati បានក្រោកឡើង ហើយទៅវាយ Osipyan ពីក្រោយ បង្កឱ្យមានការប្រទូស្តរ៉ាយគ្នាយ៉ាងខ្លាំង ក្រុមការងារកីឡាករទាំងពីរក៏បានចូលក្នុងសង្វៀន ដើម្បីបំបែកកីឡាករទាំងពីរនាក់ភ្លាមៗ មុនពេលការប្រកាសអ្នកឈ្នះជាផ្លូវការ។ បើទោះជាមានការជួយសម្រួលពីអាជ្ញាកណ្ដាល ហើយការប្រកួតបានបញ្ចប់ក៏ពិតមែន ប៉ុន្តែអាកប្បកិរិយាកីឡាករ Heibati រងប្រតិកម្មយ៉ាងក្ដៅគគុកពីអ្នកទស្សនាផ្ទាល់ ហើយនៅពេល Heibati ដើរចេញពីសង្វៀន ទស្សនិកជនមួយចំនួនបានព្យាយាមរត់ទៅទាត់កីឡាករអ៊ីរ៉ង់រូបនេះផងដែរ។

យ៉ាងណាមិញក្រោយមក កីឡាករ Heibati បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម ដើម្បីសុំទោសជាសាធារណៈចំពោះកញ្ញា Maria ដែលជា Ring Girl រូបគេបានប្រើអាកប្បកិរិយាមិនសមរម្យលើរូបនាង។ ប៉ុន្តែការសុំទោសមិនគ្រប់គ្រាន់នោះទេ ដោយ HFC បានហាមឃាត់កីឡាករ Heibati ពីការការប្រកួតអស់មួយជីវិត។ HFC បានប្រកាសថា សកម្មភាពរបស់ Heibati លើសពីបទដ្ឋានសីលធម៌ ហើយនឹងផ្ទេរប្រាក់រង្វាន់ទាំងអស់របស់កីឡាកររូបនេះផ្តល់ទៅកញ្ញា Maria ។

សូមជម្រាបថា កីឡាករ Ali Heibati ធ្លាប់ប្រកួតប្រដាល់សេរី ហើយយោងតាមប្រភពពី Tapology បានរាយការណ៍ថា ការប្រកួតជាមួយនឹងកីឡាករអាមេនី Arkady Ossifian គឺជាការប្រកួត MMA អាជីពលើកដំបូងរបស់គេផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ